អាជ្ញាធរ​ខេត្ត​កំពង់ធំ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ផ្អាក​ឈូស​បំពាន​ដី​អ្នក​ស្រុក

អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​វៀតណាម មួយ​ឈ្មោះ​កាត់​ថា ស៊ីអរស៊ីខេ (CRCK) ឈប់​ឈូស​ឆាយ​បំពាន​ដី​អ្នក​ភូមិ​ទំហំ​ប្រហែល ២០​ហិកតារ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

ដោយ វោហារ ជាតិ
2013-02-18
វិទ្យុ​អាស៊ីសេរី

១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ RFA/Uon Chhin

អាជ្ញាធរ​ខេត្ត​បាន​សន្យា​ថា នឹង​ដោះ​ស្រាយ​ទំនាស់​នេះ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល ៧​ថ្ងៃ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ទៅ។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃឡង់​ចំនួន ៣០០​នាក់ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​ទៅ នៅ​មុខ​សាលាស្រុក​សណ្ដាន់ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ ចេញ​មុខ​សន្យា​ដោះស្រាយ​តាម​ការ​ទាមទារ ក្នុង​ជម្លោះ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​វៀតណាម​ នៅ​​ព្រៃឡង់​ ក្នុង​តំបន់​នោះ។

លោក អ៊ុំ ហុក អភិបាល​រង​ស្រុក​សណ្ដាន់ មាន​​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ការសម្រេច​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ ស្រុក​រួម​ទាំង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នោះ ចុះ​ទៅ​ពិនិត្យ​ទីតាំង​ទំនាស់​ក្នុង​តំបន់​បឹង​ត្នោត និង​ជាំរំដួល ស្ថិត​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ កន្លង​ទៅ៖ «ការងារ​ហ្នឹង​យើង​បាន​ធ្វើ​ក្រដាស​មួយ​សន្លឹក​ទៅ​ក្រុមហ៊ុន ស៊ីអរស៊ីខេ ឲ្យ​ផ្អាក​សកម្ម​ភាព​ឈូស​ឆាយ​សិន​រង់​ចាំ​ដំណោះ​ស្រាយ»

លោក​អភិបាល​រង​ស្រុក​រួម​ទាំង​​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្រុមហ៊ុន​​វិនិយោគ​វៀតណាម ស៊ីអរស៊ីខេ ដែល​វិនិយោគ​ផ្នែក​កសិកម្ម​នៅ​តំបន់​ព្រៃ​ឡង់ ក្បែរ​ដី​ទំនាស់​នោះ បាន​ឈូស​ឆាយ​ដី​ព្រៃ​ហួស​ព្រំ​ប្រទល់​ដី​ក្រុមហ៊ុន ចូល​ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​អស់​ប្រហែល ២០​ហិកតារ ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ មក​ម្ល៉េះ ដោយ​ក្រុមហ៊ុន​នេះ​មិន​បាន​ប្រាប់​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​​ដឹង​មុន។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃ​ឡង់ បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន ស៊ីអរស៊ីខេ ហ៊ាន​បំពាន​ច្បាប់​អនុញ្ញាត​របស់​រដ្ឋាភិបាល ដែល​កំណត់​ឲ្យ​ធ្វើ​ការ​ឈូស​ឆាយ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ទំហំ ៦​ពាន់​ហិកតារ ហើយ​បំពាន​ចូល​ដី​សហគមន៍ និង​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិន​ដឹង។

ប្រជាពលរដ្ឋ​និង​សកម្ម​ជន​ព្រៃ​ឡង់​អះអាង​ថា ក្រុម​ហ៊ុន​បាន​ឈូស​បំផ្លាញ​ព្រៃ​ដែល​សម្បូរ​ដោយ​ដើម​ឈើ​ធំៗ មាន​តម្លៃ និង​អនុផល​ព្រៃឈើ រួម​ទាំង​សត្វ​ព្រៃ​ជា​ច្រើន​ទៀត ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​​តាំង​ពី​​ដូន​តា​មក។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដីស្រែ និង​ដី​ចម្ការ​ស្វាយចន្ទី អស់​ជា​ច្រើន​ទៀត។

លោក សិត សេង តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈូក ឃុំ​សណ្ដាន់ អះអាង​ថា ប្រជាពលរដ្ឋ​មិន​បាន​ទាម​ទារ​ប្រាក់​សំណង​អ្វី​ទេ តែ​បាន​ទទូច​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​វាស់​កំណត់​ព្រំ​ប្រទល់​​ឲ្យ​បាន​ច្បាស់​លាស់ រវាង​ដី​ក្រុមហ៊ុន ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ។

លោក សិត សេង៖ «ខ្ញុំ​ចង់​បាន​ដូច​ថា ព្រៃ​ឈើ​វា​អស់ ខ្ញុំ​មិន​ចង់​បាន​ជា​សំណង​អី​ទេ ចង់​ឲ្យ​បាន​ដាំ​ដើម​កូន​ឈើ​ឡើង​វិញ​នៅ​តំបន់​នោះ។ ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដឹង​ជួយ​ឮ ទាំង​អភិបាល​ព្រៃឈើ ​ឲ្យ​ទាំង​អភិបាល​​ខេត្ត ជួយ​ដឹង​ឮ​ឲ្យ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​នោះ»

ចំពោះ​ការ​ទាម​ទារ​នេះ លោក អ៊ុំ ហុក អភិបាល​រង​ស្រុក​សណ្ដាន់ បញ្ជាក់​ថា ​អាជ្ញាធរ​មូលដ្ឋាន​ពេល​ចុះ​ទៅ​ដល់​មូលដ្ឋាន​នោះ បាន​ដោះ​ស្រាយ​តាម​សំណូម​ពរ​ប្រជា​ពលរដ្ឋ​ជា​ជំហាន​ៗ​ខ្លះ​ហើយ៖ «ថ្ងៃ​រដ្ឋបាល​ព្រៃ​ឈើ ថ្ងៃ​ចូល​រួម​ប្រជុំ​ផ្នែក​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​គេ​ឈរ​លើ​ជំហរ​ដោះ ស្រាយ…»

ចំពោះ​ការ​ដាក់​កំណត់​រយៈ​ពេល​ដោះស្រាយ​ទំនាស់​នេះ ប្រជាពលរដ្ឋ​បាន​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សន្យា​ថា នឹង​ដោះ​ស្រាយ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល ៧​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។ ហើយ​បើ​គិត​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ទៅ គឺ​នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ត្រូវ​ផុត​កំណត់​ពេល​ដោះ​ស្រាយ​ហើយ។ តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​និង​ខេត្ត​កំពង់ធំ នៅ​មិន​ទាន់​បង្ហាញ​អំពី​លទ្ធផល​ដោះស្រាយ​ជម្លោះ​នេះ​យ៉ាង​នៅ​ឡើយ​ទេ។

លោក អ៊ុំ ហុក ​បន្ត​ថា លោក​រង់​ចាំ​ចម្លើយ​ដោះ​ស្រាយ​នេះ​ពី​មន្ត្រី​ថ្នាក់​ខេត្ត។ ចំណែក​លោក អ៊ុត សំអន អភិបាល​រង​ខេត្ត​កំពង់ធំ បញ្ជាក់​ថា លោក​ទើប​បាន​ចុះ​ទៅ​សិក្សា​ទីតាំង​ដី​ទំនាស់​កាលពី​​ថ្ងៃ​ទី​១៧ កុម្ភៈ ហើយ​លោក​ក៏​មិន​បាន​ដឹង​ថា មាន​ការ​ដាក់​កំហិត​​រយៈ​ពេល​ដល់​អាជ្ញាធរ​ដោះ​ស្រាយ​ក្នុង​មួយ​សប្ដាហ៍​ដូច្នេះ​ទេ។

តែ​លោក អ៊ុត សំអន បង្ហើប​ថា បើ​អាជ្ញាធរ​សិក្សា​ទៅ​ឃើញ​ថា ក្រុមហ៊ុន​បាន​រំលោភ​ដី​ប្រជាពលរដ្ឋ​មែន គឺ​អាជ្ញាធរ​នឹង​សម្រេច​ដោះ​ស្រាយ​ជម្លោះ ដោយ​អនុវត្ត​តាម​បទបញ្ជា ០១ របស់​រដ្ឋាភិបាល ឬ​ហៅ​ម្យ៉ាង​ទៀត​ថា រូប​មន្ត​ស្បែក​ខ្លា គឺ​ក្រុមហ៊ុន​ត្រូវ​ប្រគល់​ដី​ជូន​ប្រជា​ពលរដ្ឋ​វិញ។

ទោះ​យ៉ាង​ណា​លោក អភិបាល​រង​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ចុះ​ពិនិត្យ​សិក្សា​ការ​ពិត​ឲ្យ​បាន​ច្បាស់​លាស់​សិន ​មុន​សម្រេច​អនុវត្ត​​បទ​បញ្ជា ០១ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អាជ្ញាធរ​ខេត្ត​កំពង់ធំ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ផ្អាក​ឈូស​បំពាន​ដី​អ្នក​ស្រុក"

  1. nara says:

    យួនរំលោភយកដីរបស់ខ្មែរទៅអស់ហើយ

    ប៉ុន្តែមេដឹកនាំយើងដោះស្រាយបញ្ហាដោយការយកដីឲ្យយួន៕

  2. KHEMR NEIK SROK says:

    OUM HOK will DELETE FROM HIS JOB soon.
    KOM THVEU DKDEI NING YOURN. [Now the situation in Cambodia right now look like in the Queen ANG MEI Period].

  3. chin says:

    អេ!​ តើ​គេ​ដោះ​ស្រាយ​យ៉ាង​ម៉េចទៅ​ហ្ន៎?​ អស់ដីទៅមានខាតអី យើងបានលុយមកវិញដែរតើ​

    មែនទេអស់លោក។

  4. Pheap says:

    ក្រោមរបបដឹកនាំរបស់ហ៊ុនសែនហៅអាខ្វាក់គឺវាតែអញ្ចឹង។ វាកាត់កោះត្រល់និងដីដ៍ច្រើនទៅឲ្យយួន ហើយនៅមិនអស់ចិត្តទៀតថែមទាំងបណ្តោយឲ្យសត្វយួនចូលមកធ្វើបាបខ្មែរនៅខាងក្នុងតេមរយះ ដីសម្បទានសេដ្ឋកិច្ចទៀត។ បើនិយាយទៅដូចជាខ្មាស់មហាសែនខ្មាស់មេដឹកនាំរបស់គេដែលការ ពារផលប្រយោជន៍របស់ប្រជាជនគេ ខុសពីរដ្ឋាភិបាលខ្មែរដែលចាត់ទុកប្រជាជនក្រីក្រររបស់ខ្លួន ធ្វើជាសត្រូវ។