មន្ត្រីស្ថានទូតប្រទេសអង់គ្លេស ប្រចាំប្រទេសកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅខេត្តរតនគិរី ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងបញ្ហានានារបស់ប្រជាពលរដ្ឋ រួមទាំងជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន។
ដោយ រដ្ឋា វីសាល
2013-02-19
វិទ្យុអាស៊ីសេរី
លោកឯកអគ្គរាជទូតអង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅការិយាល័យសមាគមអាដហុក (Adhoc) ខេត្តរតនគិរី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។ RFA/Ratha Visal
ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមទាក់ទិនដីធ្លី និងដំណោះស្រាយនៅក្នុងខេត្តប៉ែកឦសាន។
មន្ត្រីតំណាងអង្គការសង្គមស៊ីវិលមួយចំនួននៅខេត្តរតនគិរី បានលើកយកបញ្ហាទំនាស់ដីធ្លី បញ្ហាចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមជាកម្មសិទ្ធិសមូហភាព និងផលប៉ះពាល់ស្ដីពីការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ជម្រាបជូនលោកឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា ដើម្បីឲ្យជួយស្វែងរកដំណោះស្រាយ។
លោកឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) បានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តរតនគិរី នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តភាគឦសានចំនួនពីរផ្សេងទៀត មានខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។
អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មាច មៀន មានប្រសាសន៍បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់តាមដងទន្លេ បណ្ដាលមកពីការកសាងទំនប់វារីអគ្គិសនីជាច្រើនពីប្រទេសខ្សែទឹកខាងលើ និងជាពិសេសគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នាពេលឆាប់ៗនេះ។
លោកបន្តថា បទបង្ហាញស្ដីពីផលប៉ះពាល់ទាំងអស់ត្រូវបានផ្តល់ជូនមន្ត្រីស្ថានទូតស្វែងយល់ និងជួយរកដំណោះស្រាយ៖ «ផលប៉ះពាល់ទំនប់នៅវៀតណាម គឺមិនមានដំណោះស្រាយ មិនមានយន្តការណាបន្ធូរបន្ថយខ្សែទឹកខាងក្រោមទាល់តែសោះ ក្នុងប្រទេសខ្មែរយើងហ្នឹង ហើយចំណុចទី២ ខ្ញុំនិយាយពីពាក់ព័ន្ធផែនការអភិវឌ្ឍន៍ទំនប់សេសានក្រោម២»។
ចំណែកមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា បញ្ហាទំនាស់ដីធ្លី និងបញ្ហាចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច ក៏បានលើកជូនមន្ត្រីស្ថានទូតជ្រាប និងជួយស្វែងរកដំណោះស្រាយដូចគ្នា។
លោកបន្តថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកសំខាន់របស់សហគមន៍អន្តរជាតិ ក្នុងការស្វែងយល់ការពិតកំពុងកើតមាននៅមូលដ្ឋាន៖ «ទាំងអង្គការសមាគមខ្មែរលើ សមាគមអាដហុក អង្គការអាយស៊ីអេសអូ (ICSO) ហើយសហគមន៍រងគ្រោះផ្ទាល់បង្ហាញពីការព្រួយបារម្ភ។ អ្នកទាំងអស់គ្នាបានសូមឲ្យលោកឯកអគ្គរដ្ឋទូតហ្នឹង ជួយយ៉ាងណាជំរុញឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយទំនាស់ដីធ្លីដែលកើតមកយូរហើយ និងជំរុញល្បឿនចុះបញ្ជីដីធ្លីជាសមូហភាព»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ រដ្ឋសភាជាតិបានអនុម័តពង្រាងច្បាប់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខណៈពេលដែលតំណាងប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង បានដាក់ញត្តិសុំឲ្យស្ថាប័ននេះបញ្ឈប់គម្រោងសាងសង់ទំនប់នេះវិញ។
ឯកអគ្គរាជទូតអង់គ្លេស លោក ម៉ាក ហ្គូតឌីង មានប្រសាសន៍បញ្ជាក់ថា លោកចាប់អារម្មណ៍ពីបញ្ហាប្រឈមទាក់ទិនបញ្ហាដីធ្លី និងដំណោះស្រាយកន្លងមក។ លោកបន្តថា បំណងរបស់លោកមកកាន់ខេត្តរតនគិរី ក៏ដើម្បីស្វែងយល់ពីឱកាសស្ដីពីការវិនិយោគ បញ្ហាទេសចរណ៍ ការអភិវឌ្ឍជាដើម។
លោក ម៉ាក ហ្គូតឌីង៖ «ជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់មកខេត្តរតនគិរី ហើយគាត់មានការចាប់អារម្មណ៍ខ្លាំង។ គាត់ចង់ដឹងពីជីវភាពផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅខេត្តរតនគិរី ព្រោះគាត់បានទៅខេត្តផ្សេងៗដែរក្នុងប្រទេសកម្ពុជា គឺគាត់ចង់ដើរឲ្យបានជុំវិញប្រទេសកម្ពុជា។ គាត់ចង់ណែនាំខ្លួនគាត់ទៅប្រជាជនកម្ពុជា ផងដែរ»។
រាជរដ្ឋាភិបាលអង់គ្លេស បានផ្តល់មូលនិធិជាង ៦លានដុល្លារ ក្នុងវិស័យដោះមីននៅកម្ពុជា ក្នុងនោះថវិកាមួយផ្នែកត្រូវបានផ្តល់សម្រាប់គម្រោងដោះមីននៅខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
There is an evidence had reveal itself who behind all these issues, there aren’t look too far from CPP high range official members had own these properties overlap with these peoples along with their business ties. The laws of land ownership will not appear as it said in Constitution, Cambodian citizen had the right, or somehow had been violated by those officers or their relationship tied with high range officers were the robbers Cambodia’s people.
គិតទៅអង់គ្លេសជាប្រទេសឈឺឆ្អាល ចេះជួយប្រទេសទន់ខ្សោយ ហើយប្រទេសណានៅក្រោមអាណា និគមអង់គ្លេសច្រើនតែជឿនលៀន ដូចជា ថៃ ហុងកុង ថោកអីតែបារាំង ប្រទេសណានៅក្រោមអាណា និគមបារាំង គឺយាប់ និងលំបាក ចង់អាណាងាប់អីងាប់ទៅបារាំងធ្វើមិន ដឹង ដូចជាខ្មែរ យួន ឡាវ គឺបីប្រទេសដឹងយ៉ាប់
បើនិយាយឲ្យចំគឺមកពីរដ្ឋាភិបាលរបស់សម្ដេចអស់សមត្ថភាពក្នុងការដោះស្រាយ
ជាញយៗរដ្ឋាភិបាលមួយនេះតែងតែសំអាងខ្លួនថានឹងជួយដោះស្រាយបញ្ហានានា
ជូនប្រជាពលរដ្ឋសឹងតែបាន តែមកទល់ពេលនេះជាង ២ ទសវត្សរ៍មកហើយ បញ្ហា
ទំនាស់ដីធ្លីកាន់តែរាលដាលច្រើនថែមទៀតមួយថ្ងៃទៅមួយថ្ងៃ។