កម្មករ​ឃីងឡែន​ជំរុញ​ឲ្យ​ស្ថានទូត​ស៊ុយអែត​ជួយ​ដោះស្រាយ​សំណង

កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) ជាង ១០០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​កុម្ភៈ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទ្វារ​ចូល​ខាង​ត្បូង​នៃ​អគារ​ភ្នំពេញ​ថៅវើ (Phnom Penh Tower)។

ដោយ សុ ជីវី
2013-02-21
វិទ្យុអាស៊ីសេរី

កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) តវ៉ា​នៅ​ទ្វារ​ចូល​ខាង​ត្បូង​នៃ​អគារ​ភ្នំពេញ​ថៅវើ (Phnom Penh Tower) កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) តវ៉ា​នៅ​ទ្វារ​ចូល​ខាង​ត្បូង​នៃ​អគារ​ភ្នំពេញ​ថៅវើ (Phnom Penh Tower) កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sochivy

ពួក​គេ​ទាម​ទារ​អោយ​ស្ថានទូត​ស៊ុយអែត (Sweden) និង​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​អេចអែនអិម (H&M) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​ស៊ុយអែត ឆ្លើយ​តប​នឹង​ការ​ដាក់​ញត្តិ​អន្តរាគមន៍​កន្លង​ទៅ ឲ្យ​ជួយ​ទូទាត់​សំណង​ករណី​ថៅកែ​រោងចក្រ​រត់​ចោល​រោងចក្រ ដោយ​មិន​បាន​ផ្ដល់​សំណង​ដល់​ពួក​គេ។

ក្រុម​កម្មករ​រោងចក្រ​ឃីងឡែន ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​ជំរុញ​អោយ​តំណាង​ស្ថានទូត​ស៊ុយអែត និង​តំណាង​ក្រុមហ៊ុន​អេចអែនអិម ផ្ដល់​ដំណោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​អោយ​ពួក​គេ​ទទួល​បាន​សំណង​ស្រប​តាម​ច្បាប់ បន្ទាប់​ពី​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ដោយ​ពុំ​បាន​ផ្ដល់​ដំណឹង ឬ​ទូទាត់​ប្រាក់​សម្រាប់​ពួក​គេ។

តំណាង​កម្មករ កញ្ញា ថី ផល្លា មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​ដែល​មាន​ចំនួន​សរុប​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថានទូត​ស៊ុយអែត និង​ក្រុមហ៊ុន​អេចអែនអិម ដែល​មាន​ទីតាំង​នៅ​ក្នុង​អគារ​ភ្នំពេញ​ថៅវើ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ។ កញ្ញា ផល្លា បន្ត​ថា មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ត្រូវ​ផ្ដល់​អោយ​ពួក​គេ​នៅ​ឡើយ ហើយ​ក្រុម​កម្មករ​បាន​ខក​ចិត្ត​នៅ​ពេល​ក្រុមហ៊ុន​អេចអែនអិម បាន​ប្រកាស​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បិទ​ទ្វារ​រោងចក្រ​ឃីងឡែន។

ក្រុមហ៊ុន​បញ្ជា​ទិញ​ខោ​ទ្រនាប់​ម៉ាក​អេចអែនអិម ដែល​ដេរ​ដោយ​កម្មករ​នៅ​ក្នុង​រោងចក្រ​ឃីងឡែន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វែសប៊ុក (FaceBook) ថា ក្រុមហ៊ុន​នេះ​សោកស្ដាយ​ចំពោះ​បញ្ហា​ដែល​បាន​ចោទ​ឡើង​ចំពោះ​កម្មករ​នៅ​រោងចក្រ​ឃីងឡែន ប៉ុន្តែ​ក្រុមហ៊ុន​អេចអែនអិម ពុំ​មាន​ទំនាក់​ទំនង​អ្វី​នឹង​រោងចក្រ​នេះ​ទៀត​ឡើយ។ ក្រុមហ៊ុន​អេចអែនអិម បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ចប់​កិច្ច​សន្យា​បញ្ជា​ទិញ​សម្លៀកបំពាក់​ពី​រោងចក្រ​ឃីងឡែន តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ ហេតុ​នេះ​ក្រុមហ៊ុន​អេចអែនអិម ពុំ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​លើ​កម្មករ​ឃីងឡែន ទៀត​ឡើយ។

តំណាង​ក្រុមហ៊ុន​អេចអែនអិម ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចេញ​មក​ជួប​ក្រុម​កម្មករ​តវ៉ា អះអាង​ថា​នឹង​មាន​កិច្ច​ប្រជុំ​មួយ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ដើម​ខែ​មីនា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​កម្មករ ហើយ​តំណាង​ក្រុមហ៊ុន​អេចអែនអិម និង​ចូល​រួម​ជា​អ្នក​សង្កេតការណ៍។

ចំណែក​តំណាង​ស្ថានទូត​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា លោក ខាឡានដឺហ្ស ឡាហ្សុន្រ (Karl-Anders Larsson) នៅ​ពុំ​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​របស់​កម្មករ​នៅ​ឡើយ ប៉ុន្តែ​បាន​សន្យា​ថា​នឹង​ផ្ដល់​ចម្លើយ​នៅ​ពេល​ក្រោយ។

យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​បោះ​បង់​ការ​ទាម​ទារ​នេះ​ឡើយ គឺ​នៅ​តែ​ទាម​ទារ​រហូត​ដល់​មាន​ដំណោះស្រាយ។

កម្មករ​រោងចក្រ​ឃីងឡែន ទាំង​ជិត ២០០​នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ដោយ​មិន​ជូន​ដំណឹង​ជា​មុន​ដល់​កម្មករ និង​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។ ពួក​គេ​ទាម​ទារ​អោយ​ថៅកែ​ក្រុមហ៊ុន​នេះ ចេញ​មុខ​ដោះស្រាយ​ទូទាត់​សំណង​ដល់​ពួក​គេ ក្នុង​នោះ​កម្មករ​ម្នាក់ៗ​អាច​ទទួល​បាន​សំណង​ពី ១ពាន់ ទៅ ២​ពាន់​ដុល្លារ។

ក្រៅ​ពី​ទាម​ទារ​សុំ​អន្តរាគមន៍​ពី​ក្រុមហ៊ុន​អេចអែនអិម និង​ស្ថានទូត​ស៊ុយអែត ក្រុម​កម្មករ​ក៏​ធ្លាប់​បាន​ទាម​ទារ​អោយ​ក្រុមហ៊ុន​វលម៉ាត (Wal-Mart) គឺ​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក អោយ​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពួក​គេ​ដែរ ប៉ុន្តែ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល។

ក្រុម​កម្មករ អះអាង​ថា តំណាង​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ការងារ នៅ​ពេល​រោងចក្រ​បិទ​ទ្វារ បាន​ជំរុញ​អោយ​ក្រុម​កម្មករ​ទទួល​យក​ដំណោះស្រាយ​ដោយ​ការ​លក់​សម្ភារៈ​ទាំង​ឡាយ​ដែល​នៅ​សេសសល់​ក្នុង​រោងចក្រ ប៉ុន្តែ​ត្រូវ​ពួក​គេ​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

——————————–

What Next?

Recent Articles