ភ្នំពេញៈ បន្ទាប់ពីប្រកាសទិញផ្ទះតម្លៃ៤១ម៉ឺនដុល្លារអាមេរិកគួរឲ្យភ្ញាក់ផ្អើលមក នៅពេលនេះ តារាចម្រៀងបង្គោលរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ បានធ្វើឲ្យប្រិយមិត្តទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅពេលដែលសុខៗស្រាប់តែមានរូបថតរបស់លោករៀបមង្គលការក្រាបផ្ទឹមជាមួយនារីយ៉ាងស្រស់សោភាម្នាក់លេចធ្លាយលើបណ្តាញសង្គមហ្វេសប៊ុក។
Friday, 10 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
មានសំណួរជាច្រើនបានចោទសួរថា តើតារាចម្រៀងរូបនេះមានអាថ៌កំបាំងស្នេហាយ៉ាងណាបានជាសុខៗរៀបការលាក់លៀមបែបនេះ? អ្នកខ្លះបានចោទសួរថា តើ ករុណា ពេជ្រ ពិតជារៀបការមែនឬ? ហើយអ្នកខ្លះបានដាក់ការសង្ស័យថា ករុណា ពេជ្រ ពិតជាធ្លាប់ឆ្លងកាត់ស្នេហាអាពាហ៍ពិពាហ៍ម្តងរួចមកហើយ បានជារូបថតរៀបមង្គលការរបស់លោកត្រូវបែកធ្លាយបែបនេះ។
ប៉ុន្តែទោះជាយ៉ាងណានៅពេលនេះ ករុណា ពេជ្រ មិនបានឆ្លើយតបនឹងសំណួររបស់អ្នកគាំទ្ររបស់លោកឡើយ នៅហ្វេសប៊ុក ដោយលោកធ្វើហាក់ដូចជាចង់គេចវេះមិនចង់ឆ្លើយ។ ប៉ុន្តែទស្សនិកជនមួយចំនួនហាក់ដូចជាមិនជឿឡើយថា ករុណា ពេជ្រ រៀបការ ដោយពួកគេយល់ថា រូបថតដែលបង្ហាញថា ករុណា ពេជ្រ រៀបការនោះគ្រាន់តែជាការថតរឿង ឬក៏ខារ៉ាអូខេក្នុងបទចម្រៀងរបស់លោកតែប៉ុណ្ណោះ។ ដូច្នេះចាំមើលថា ពេលណា ករុណា ពេជ្រ ហ៊ានចេញមុខមកបកស្រាយ។
ជាមួយនឹងចម្ងល់ចំពោះ តារាចម្រៀងរូបនេះរៀបការដោយស្ងប់ស្ងាត់បែបនេះ ករុណា ពេជ្រ ក៏មិនមែនមិនចង់ហាស្ដីប្រាប់ទស្សនិកជនដែរ តែមិនទាន់មានពេលល្អ។ នៅពេលជួបជាមួយនឹងភ្នំពេញ ប៉ុស្តិ៍ តារាចម្រៀងដែលក្រសោបបានភាពល្បីខ្លាំងបំផុតមិនធ្លាប់មានក្នុងអាជីពរូបនេះបានឲ្យដឹងថា តាមពិតទៅរឿងរូបថតដែលលោករៀបការនៅលើហ្វេសប៊ុក ជារឿងមួយពិត តែនៅក្នុងសាច់រឿងប៉ុណ្ណោះ តែអ្វីដែលជាក់ស្តែងគឺមិនមែនជាសកម្មភាពលោករៀបការលួចលាក់នោះឡើយ ពោលគឺវាគ្រាន់តែជាឈុតមួយដែលលោកថតនៅក្នុងសាច់រឿងនៃបទចម្រៀងដើម្បីបង្ហាញពីរបៀបរបបប្រពៃណីរៀបមង្គលការខ្មែរយើងតែប៉ុណ្ណោះ។
អ្នកចម្រៀងស្នូលរបស់ ថោន ករុណា ពេជ្រ និយាយទាំងសំណើចថា៖«អត់ទេបងនោះគ្រាន់តែជាសកម្មភាពដែលខ្ញុំថតនៅក្នុងបទចម្រៀង ដើម្បីបង្ហាញបរទេសអំពីប្រពៃណីខ្មែរប៉ុណ្ណោះ(សើច)»។
ជាមួយនឹងមានការយល់ច្រឡំរបស់ទស្សនិកជននេះ ករុណា ពេជ្រ ក៏បានបង្ហាញពីសន្តានចិត្តរបស់លោកជាបុរសម្នាក់ថា នៅពេលនេះលោកគិតថា លោកមិនទាន់ដល់ពេលត្រូវរៀបការនៅឡើយ តែលោកក៏បង្ហើបពីតម្រុយថា នៅវ័យ៣០ឆ្នាំ គឺវ័យដ៏ល្អបំផុតដែលលោកគួរគិតគូររឿងនេះ។
តារាចម្រៀងរូបនេះនិយាយថា៖«នៅពេលនេះ ខ្ញុំអត់ទាន់គិតទេបង ព្រោះសព្វថ្ងៃការងារមមាញឹកខ្លាំងមែនទែន ខ្ញុំមិនចង់ឲ្យពេលនេះវាកន្លងហួសទេ ព្រោះទម្រាំតែមកដល់ថ្ងៃនេះ យើងប្រឹងយូរហើយ»។
លុះនៅពេលសួរថា បើវ័យនេះទៅហើយមិនទាន់ចង់បានប្រពន្ធ តើ ករុណា ពេជ្រ មានសង្សារហើយឬនៅ? ករុណា ពេជ្រ បែរជាសើចហើយនិយាយថា៖«ខ្ញុំសុំលាក់សិន ព្រោះនោះជាឆ្នាំងបាយយើង»។
គួរបញ្ជាក់ថា មុននេះ ក្នុងនាមជាបុរសដើមទ្រូងប្រាំហត្ថ ករុណា ពេជ្រ បានទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែងមានតម្លៃជាង៤០ម៉ឺនដុល្លារ។
តែតារាចម្រៀងដែលចាប់អាជីពសិល្បៈតាមរយៈការប្រឡងជាប់ចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីតារា ណេសស្លេ (Nestle) នៅឆ្នាំ២០០៥ ករុណា ពេជ្រ បាននិយាយថា ផ្ទះវីឡាដែលខ្ញុំទិញនោះ ខ្ញុំមិនដឹងគេដឹងមកពីណាថា តម្លៃ៥០ម៉ឺនដុល្លារទេ តាមពិតទៅផ្ទះនោះស្អាតល្អប្រណីតណាស់មានតម្លៃ៤០៩ ៩៩៩ ដុល្លារអាមេរិកហើយផ្ទះនោះគឺទិញបង់រំលស់ទេ បើមិនដូច្នេះខ្ញុំក៏មិនហ៊ានដែរ។ នៅ២ឆ្នាំដំបូងគេតម្រូវឲ្យយើងបង់១ខែ៦០០០ដុល្លារ ហើយបន្ទាប់ពីនោះ គឺយើងអាចបង់តាមលទ្ធភាពដែលយើងមាន៕


ករុណា ពេជ្រ សុំមិននិយាយរឿងប្រពន្ធទេ តែ សុំយកប្តីវិញ ចា !
ចុះបើហែងអត់ស្រឡាញ់ប្រុសហ្នឹងចឹងម៉េចគិតរឿងប្រពន្ធ