FTU ​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោះ​លែង​សហជីព​កម្មករ​សាប្រ៊ីណា

Thursday, 20 June 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

 

130606_04a

ក្រុម​កម្មករកម្មការិនី​រោង​ចក្រ​សា​ប្រ៊ីណានាំ​គ្នា​ទៅ​តវ៉ា​​ឲ្យតុលាការ​ដោះ​លែង​តំណាង​។ រូប​ ​ហេង ជីវ័ន

 ភ្នំពេញៈ សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា (FTU) បាន​ដាក់​ពាក្យ​ជូន​ដំណឹង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិប​តេយ្យ (សួន​សេរីភាព) ដើម្បី​ទាមទារ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង និង​លើក​លែង​ចោទ​ប្រកាន់ ទៅ​លើ​មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​សាប្រ៊ីណា​ចំនួន ៨​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន និង ៨នាក់​ផ្សេង​ទៀត​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ខេត្ត​កំពង់​ស្ពឺ។

យោង​តាម​លិខិត​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹង​ថា សហជីព​សេរីកម្មករ នឹង​ដឹក​នាំ​កម្មករ កម្មការិនី​ចំនួន​ប្រមាណ​ជា ២៥០ នាក់ ធ្វើ​បាតុកម្ម​អហឹង្សា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង និង​លើក​ការ​ចោទ​ប្រកាន់​អ្នក​ទាំង ១៦​នាក់​នោះ និង​ដោយ​មាន​ប្រគល់​ញត្តិ​ជូន​លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ផង​ដែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣។

កាលពីដើមខែមិថុនានេះ មាន​ការ​ប៉ះទង្គិច​ក្នុង​កូដកម្ម​តវ៉ា​នៅ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា​ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សមាជិក​សហជីព​ចំនួន ៨ នាក់ និង​បង្ក​របួស​ដល់​ភាគី​ទាំង​សង​ខាង​ជាច្រើន​នាក់​ទៀត។

កូដកម្ម​នៅ​រោងចក្រ​ផ្គត់​ផ្គង់​ផលិត​ផល Nike នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ក្លាយ​ជា​បាតុកម្ម​ហិង្សា​ជា​លើក​ទី២ នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​បាន​ចូល​ទៅ​ក្នុង​រោងចក្រ និង​គប់​គ្នា​ជាមួយ​និយោជិត ដែល​កំពុង​ធ្វើ​ការ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​និង​កង​រាជ​អាវុធហត្ថ ត្រូវ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍។​

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី០៣ ខែ​មិថុនា មនុស្ស​៨​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ថា​បាន​ញុះញង់​ឲ្យ​មាន​ អំពើ​ហិង្សា​ក្នុង​កូដកម្ម​នៅ​រោងចក្រ​សាប្រ៊ីណា​និង​បាន​បង្ក​ឲ្យ​របួស​ដល់ ​ភាគី​ទាំង​សង​ខាង​និង​មន្រ្តី​នគរបាល​៩​នាក់។

 

What Next?

Recent Articles