ថ្ងៃទី 20 មិថុនា 2013
ដោយ: លី សិលា
CEN
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិននៅពីក្រោយខ្នង នៃអំពើជួញដូរមនុស្សទេ។ អំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋមួយ ដែលរាជរដ្ឋាភិបាល មិនបានអោបដៃ ឈរមើលឡើយ។
ក្នុងពិធីបើកសម្ពោធស្ថានីយវិទ្យុបារាំង RFI នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា បានធ្វើរាល់ថ្ងៃ។ តែសូម្បីអាមេរិក ក៏នៅតែមានដែរ។ អីចឹងវាត្រូវការ ទាមទារកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស និងរវាងស្ថាប័ន។ រឿងជួញដូរមនុស្សនេះ ជាឧក្រិដ្ឋកម្ម ហើយរដ្ឋាភិបាលធ្វើ ( បង្ក្រាប ) ជារៀងរាល់ពេល។ តែយើងដឹងហើយ រឿងនេះ រដ្ឋាភិបាលមួយ ធ្វើមិនរួចទេ។ តែរដ្ឋាភិបាល អត់បានឈរពីក្រោយខ្នង នៃការជួញដូរនុស្សនោះទេ”។
អត្ថាធិប្បាយរបស់លោក ខៀវ កាញារីទ្ធ ខាងលើនេះ ធ្វើឡើង ដើម្បីតបនឹងរបាយការណ៍ ស្តីពី ការជួញដូរមនុស្ស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញផ្សាយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣។ របាយការណ៍ បង្ហាញថា កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលជាកន្លែងឆ្លងកាត់ និងជាគោលដៅជួញដូរមនុស្ស។ អាមេរិក ក៏បានចាត់ទុក ប្រទេសកម្ពុជា ជាកន្លែងប្រើប្រាស់ពលកម្ម ដោយបង្ខំផងដែរ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានបង្ហាញថា ស្ត្រី និងកុមារី កម្ពុជា ព្រមទាំងស្ត្រីវៀតណាម ត្រូវគេជួញដូរផ្លូវភេទ នៅតំបន់ទេសចរណ៍ ពិសេសនៅសៀមរាប បន្ទាយមានជ័យ កោះកុង និងខេត្តព្រះសីហនុ ជាដើម។
តាមរបាយការណ៍ដដែល ជនរងគ្រោះជិត ១០០០ នាក់ ត្រូវបានគេជួយសង្គ្រោះ។ ប៉ុន្តែកិច្ចគាំពារជនរងគ្រោះទាំងនោះ ជាការទទួលខុសត្រូវរបស់អង្គការក្រៅរដ្ឋាភិបាល។
របាយការណ៍ក៏បានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបំបាត់ការជួញដូរផ្លូវភេទ ប៉ុន្តែក្រសួងការបរទេសអាមេរិក មើលឃើញថា ការនាំខ្លួនជនសង្ស័យ ទៅកាត់ទោស មិនត្រូវបានធ្វើឡើងឲ្យបានពេញលេញទេ។ មូលហេតុ មកពីបញ្ហានីរទណ្ឌភាពនៅកម្ពុជា។ ចំណែកការផ្តល់កិច្ចការពារដល់ជនរងគ្រោះ ក៏មិនត្រូវបានរដ្ឋាភិបាល អនុវត្តឲ្យបានពេញទំហឹងឡើយ៕
មន្រ្តីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបំផ្លាញ់អនាគត់កូនខ្មែរ និងជាតិឈាមជ័រជាខ្មែរតែគ្មានមនសិការ នេះហើយអ្នកធំស្រុកខ្មែរ។