កម្ពុជា និង​ថៃ ពិភាក្សា​កិច្ចការ​តាម​ព្រំដែន នៅ​ថ្ងៃ​ចន្ទនេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស កម្ពុជា និង​ថៃ ​ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទនេះ ដើម្បី​ពិភាក្សា​ពី​ការអភិវឌ្ឍ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត តាមរយៈ​ការបើក​ច្រក​ព្រំដែន​ថ្មីៗ​មួយចំនួន​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែតុលា ឲ្យដឹងថា​ក្រុម​ការងារ​កម្ពុជា ដែល​ចូលរួម​ពិភាក្សា ​ត្រូវ​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ។ ចំណែក​ក្រុម​ការងារ​ថៃ នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក សូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គល់​។ កិច្ចប្រជុំ​នេះ ​ត្រូវ​ធ្វើឡើង​នៅ​ក្រុង​ប៉ោយប៉ែត​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ការពិភាក្សា ក៏​នឹង​និយាយ​ពី​ការបើក​ច្រកព្រំដែន​ថ្មី​មួយ​ចំនួន​ទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចរាច​រណ៍ និង​ប្រជាជន​នៅតាម​ព្រំដែន ក្នុង​តំបន់​ទាំងនោះ​។ ក្នុង​ការពិភាក្សា​នោះ ភាគី​ទាំងពីរ ក៏​នឹង​និយាយ​ពី​ការរក្សា​នូវ​សន្តិ​សភាព សន្តិសុខ និង​ស្ថិរភាព នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​កម្ពុជា និង​ប្រទេស​ថៃ មាន​ច្រកព្រំដែន ប្រមាណ​ជា​៦​រួមគ្នា​។​

​ការជួបជុំ​គ្នា​នេះ ធ្វើឡើង​មុនពេល តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ICJ គ្រោង​នឹង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ករណី​ប្រាសាទ ព្រះ វិហារ​តាម​ការស្នើសុំ​របស់​ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពី​បាន​បើក​សវនាការ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩​ខែ​មេសា​។​

​កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍កាលពីថ្ងៃអាទិត្យថា ការជួប​ពិភាក្សា​នេះ ក៏​នឹង​មាន​តំណាង​ពី​កងកម្លាំង​យោធា ចូលរួម​ផង​ដែរ ហើយ​ការពិភាក្សា​ជា​ការពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។ មន្ត្រី​ថៃ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថៃ​ថា ការពិភាក្សា នឹង​ធានា​ថា ទំនាក់ទំនង​តាម​ព្រំដែន​កម្ពុជា​-​ថៃ នឹង​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​សេចក្តីសម្រេច​របស់​តុលាការ​។​

​កន្លងទៅ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ប្រកាស​ថា​នឹង​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន បើទោះជា​សេចក្តីសម្រេច​តុលាការអន្តរជាតិ​ទី​ក្រុងឡាអេ​(ICJ) នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា យ៉ាងណាក៏ដោយ​។​

​ក្រោយ​ពី​ការបកស្រាយ​តទល់​គ្នា​ជាមួយ ភាគី​ថៃ សារព័ត៌មាន​នៅ​កម្ពុជា ចុះផ្សាយ​ថា តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ គ្រោង​នឹង​ប្រកាស​សេចក្តីសម្រេច​រឿង​ដី​ទំហំ ៤.៦ គីឡូម៉ែត្រ​ក្រឡា ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៣​នេះ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles