ជា វណ្ណ​រិទ្ធ បើក​ហាង​៣ ក្នុងពេល​តែមួយ​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ជា វណ្ណ​រិទ្ធ និងភរិយា

ជា វណ្ណ​រិទ្ធ និងភរិយា

ស្ងប់ស្ងាត់​ពី​ការតាមដាន​រឿងរ៉ាវ​ឯកជន​តែ​មួយ​ប្រាវ​សោះ អតីត ​Freshies boy​លេខ​១ ២០០៧ និង​ជា​ពិធីករ​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន លោក​ ជា វណ្ណ​រិទ្ធ បាន​ក្លាយ​ជា​ម្ចាស់​៣​បី​ព្រម​គ្នា​តែ​ម្ដង នា​ពេល​ថ្មី​។ ទោះយ៉ាងណា លោក​មិន​ទាន់​មាន​គម្រោង​បើកសម្ពោធ​ហាង​ទាំង​៣​នោះ ឲ្យមាន​ការដឹងឮ​ទូលំទូលាយ​នោះទេ បើទោះជា​ជំនួញ​ទាំងនោះ​ត្រូវ​គេ​មើលឃើញថា ជា​មុខមាត់​មួយ​ថ្មីរបស់លោក និង​ភរិយា​នោះ​ក៏​ដោយ​។

​ក្នុងជំនួប​ដោយផ្ទាល់​ជាមួយ កម្មវិធី​«​អ្នកដឹង​ខ្ញុំ​ដឹង​» របស់​ស្ថានីយទូរទស្សន៍​អប្សរា ដែល​ជា​កម្មវិធី​ថ្មី​សន្លាង គ្រោង​នឹង​ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ពី​ថ្ងៃ​ទី​៤ វិច្ឆិកា តទៅ លោក​ជា វណ្ណ​រិទ្ធ ដែល​ជា​តារា​កិត្តិយស​ប្រចាំ​នៅ​ក្នុង​កម្មវិធី​នោះ បានឲ្យដឹងថា លោក​ទើប​នឹង​បើក​ដំណើរការ​ហាង​៣​ប្រកប​ដោយ​ភាព​ជោគ ជ័យ​បំផុត ក្នុង​ពេល​ថ្មីៗ​។ ហាង​ទាំងបី​នោះ គឺ​២​ជា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​កែច្នៃ​ដោយ​ភរិយា​របស់​លោក និង​ក្រុមការងារ និង​ហាង​មួយទៀត ជា​ហាង Green Tea ដែល​ទើបនឹង​ជួលជុល​កែកុន​រួចរាល់ ហើយ​គ្រោង​ដំណើរកា​រលក់​ផ្លូវការ​។ ហាង​ទាំង​៣​នោះ មួយ​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​ផេន​សល​មាត់ទន្លេ និង​២​ទីតាំង​ស្ថិតនៅ​ក្បែរ​របង​វិទ្យាល័យ​សន្ធរម៉ុក​។ ហាង​កែច្នៃ​វត្ថុ​អនុ​ស្សារី​យ៍របស់​លោក មានឈ្មោះ​ថា Pink Day ដោយ​ហាង​ដែល​បើក​លក់​នៅ​ផ្សារ​ផេន​សល បាន​បើក​ដំណើរការ​ជាង​មួយ​មក​ហើយ ខណៈ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ​ Pink Day សាខា​ទី​២ ដែល​ស្ថិតនៅ​ម្ដុំ​សន្ធរម៉ុក គឺ​ទើប​នឹង​បើក​លក់​ប៉ុណ្ណោះ​។

ដោយឡែក​ចំពោះ ហាង​ Green Tea ឯណោះ​វិញ គឺ​ទើប​នឹង​រៀបរយ​ជា​លក្ខណៈ​ហាង​បែប​យុវវ័យ បាន​ស្រឡះ​ដៃជើង​ប៉ុណ្ណោះ ដោយ​រង់ចាំ​តែ​ជ្រើស​បុគ្គល​ដាក់​ប្រចាំ​ហាង​ប៉ុណ្ណោះ គឺ​នឹង​ដំណើរការ​។ ទោះយ៉ាងណា បើ​ក្រឡេក​មើល​ហាង​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ទាំង​២​ហាង លោក​អះអាង​ថា​បាន​ទទួល​ជោគជ័យ​សម្បើ​ម​ណាស់ ទើប​តម្រូវ​ឲ្យ​លោក និង​ភរិយា សម្រេចចិត្ត​ចង់​បើក​សាខា​ថ្មី​មួយទៀត នឹង​បាន​ទាំង​បោះទុន​បើក​ជំនួញ​តែ​គុជ ឬ Green Tea ដូចគ្នា​នឹង​ហាង​របស់​នាង កែវ ផល្លិ​កា ដែល​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៣ ដែល​កំពុង​ជោគជ័យ​។ ហាង​Green Tea នេះ លោក​គ្រោង​បើក​លក់​នៅ​ថ្ងៃ​ទី​៣០ តុលា​នេះ​ឯង​។

​ពាក់ព័ន្ធ​នឹង​ការបើក​សម្ពោធ​ហាង​ឲ្យ​គគ្រឹកគគ្រេង​វិញ លោក ជា វណ្ណ​រិទ្ធ អះអាងថា មិន​មាន​គម្រោង​នោះ​ទេ ដែល​ទំនង​មក​ពី​លោក​មិន​ចង់ឲ្យ​មាន​ការភ្ញាក់ផ្អើ​ល ឬ​មិន​ចង់ឲ្យ​មាន​ការលើកឡើ​ង​ថា លោក​អួតអាង​ពី​ភាព​ហ៊ឺហារ ក្រោយពេល​រៀបការ​។ តារា​រូប​នេះ និយាយថា «​ការពិត​ហាង​ទាំងនោះ នៅ​ពុំទាន់​មាន​ហាង​ណាមួយ ដែល​ពួក​យើង​ធ្វើ​ពិធី​បើកសម្ពោធ​ធំដុំ​នោះទេ ដោយសារ​ទី​១ ខ្ញុំ​មិន​សូវ​មាន​ពេលវេលា​គ្រប់គ្រាន់ និង​ទី​២ ខ្ញុំ​ចង់ឲ្យ​គេ​ដឹង​ច្រើន ហើយ​បែរជា​មាន ហានិភ័យ​កើតឡើង​ទៅ​វិញ​»​។ បើទោះជា​ការបើក​ដំណើរការ បាន​ជួយ​ឲ្យ​លោក​ទទួលបាន​ផ្លែផ្កា ប៉ុន្តែ​លោក​ជា វណ្ណ​រិទ្ធ នៅតែ​អះអាងថា ការប្រកួតប្រជែង​ផ្នែក​ជំនួញ នឹង​នៅតែ​ជា​សម្ពាធ​សម្រាប់​ការ​រកស៊ី​របស់​លោក អញ្ចឹង​ហើយ ទើប​លោក​មិន​ចង់​បើកសម្ពោធ​ធំដុំ ហើយ​បែរជា​ជួប​រឿង​សេង​ហាង ឬ​ត្រូវ​បិទទ្វារ ព្រោះតែ​ហេតុផល​ណាមួយ​នោះ​។ នេះ​ជា​ការទទួលខុសត្រូវ​មួយ​ដ៏​ខ្ពស់ ដែល​ពិធី​ការិនី​ល្បីឈ្មោះ បាន​ប្រាប់ VODតាមរយៈ​កម្មវិធី​«​អ្នកដឹង​ខ្ញុំ​ដឹង​» ដែល​ជា​កម្មវិធី​បង្ហាញ​ពី​ជីវិត​ជោគជ័យ​របស់​តារា​ល្បីៗ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា ចាប់ពី​ដើម​ខែ​វិច្ឆិកា នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ នៅវេលា​ម៉ោង​១០​កន្លះ ដល់​ម៉ោង​១១​ព្រឹក​។

​នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក ជា វណ្ណ​រិទ្ធ ពិធីករ​ឆ្នើម​ប្រចាំ​នៅ​ក្នុង​ស្ថានីយទូរទស្សន៍ បាយ័ន បាន​ស្ម័គ្រ​ខ្លួន​ផ្ដល់​បទសម្ភាសន៍​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សេង ក្នុង​កម្មវិធី​«​អ្នកដឹង​ខ្ញុំ​ដឹង​» ដែល​ជា​កម្មវិធី​ថ្មី​សន្លាង​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា​។ ជា វណ្ណា​រិទ្ធ និយាយថា ហេតុ​ផល​ដែល​លោក​លាតត្រដាង​ជិវិត​ជោគជ័យ​របស់​លោក ក្នុង​កម្មវិធី​ថ្មី​នេះ គឺ​ដោយសារ​តែ​កម្មវិធី​«​អ្នកដឹង​ខ្ញុំ​ដឹង​» បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​​ជោគជ័យ​របស់​តារា​គ្រប់​ស្រទាប់ ដោយ​មិន​ប្រកាន់​ស្ថាប័ន និង​ជា​កម្មវិធី​ដែល​លោក​គិតថា មិន​ត្រូវ​បិទ​បាំង​នូ​ង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​។ បន្ថែម​​ពី​នោះ លោក​ឲ្យដឹងថា ហាង​ទាំង​៣​របស់ខ្លួន ពិតជា​បាន​ចំណាយ​ទុន​ច្រើន ប៉ុន្តែ​មក​ពី​លោក និង​ភរិយា មាន​គម្រោង​ច្បាស់លាស់ ក្នុង​​ការគ្រប់គ្រង ទើប​កិច្ចការ​ទាំងឡាយ បាន​ទទួល​ភាព​រីកចម្រើន​។ លោក ជា វណ្ណ​រិទ្ធ ក៏​ជា​ពិធីករ​ជោគជ័យ ដែល​ក្ដោប​ក្ដាប់​កម្មវិធី​ធំៗ​បាន​​ច្រើន និង​ទើប​ជោគជ័យ​ការសម្ដែង តាមរយៈ​រឿង​«​ទិព្វ​សុ​ដា​ចន្ទ​» ដែល​ទើបនឹង​បញ្ចប់​នៅ​ទូរទស្សន៍​បាយ័ន​នា​ពេល​ថ្មីៗ ជាមួយ​កញ្ញា កែវ នីសា នោះ​ផង​ដែរ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ Vongsomalin@yahoo.com

What Next?

Recent Articles