ដោយ៖ ឡាយ សាមាន និងស៊ុន ណារិន
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
យុវជនកម្ពុជាចំនួន២៩រូប ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤០ ឆ្នាំ២០១៣ បានចាកចេញទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ វេលាម៉ោង ៨និង៣០នាទីយប់ ដើម្បីជួបជាមួយក្រុមយុវជន មកពីបណ្ដាប្រទេសអាស៊ានទាំង១០ ក្នុងការចែករំលែកវប្បធម៌ និងរឹតចំណងមិត្តភាព។
អ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ឈួង យីវឆូវ អាយុ ២៧ឆ្នាំ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចតាមនាវានេះ មានរយៈពេល ៥១ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ ១៧ ខែធ្នូ។ លោក បន្តថា យុវជនមកពីបណ្តាលប្រទេសអាស៊ានទាំងអស់ ត្រូវទៅជួបជុំគ្នានៅប្រទេសជប៉ុន ដើម្បីពិភ្សាគ្នាពីដំណើរនាវាចរណ៍ និងសម្តែងសិល្បៈវប្បធម៌មួយចំនួន។ លោកបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លោកនឹងបង្ហាញបរទេសពីវប្បធម៌មួយចំនួនរបស់កម្ពុជា ៖ "ជាការពិតកម្មវិធីនេះ គឺជាកម្មវិធីដ៏សំខាន់មួយ ហើយយើងខ្ញុំទាំងអស់គ្នាចំនួន២៩រូបនេះ គឺរាជទូតដែលយើងទៅតំណាងប្រទេសកម្ពុជាទាំងមូល ដូច្នេះយើងនឹងពាំនាំនូវអ្វីដែលល្អពីប្រទេសកម្ពុជាទៅ យើងបង្ហាញឲ្យគេស្គាល់ពីវប្បធម៌ហើយនិងប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរយើង យើងនឹងពាំនាំមកវិញនូវចំណេះដឹងមួយចំនួន ដែលយើងបានរៀនពីពួកគេមកវិញ"។
នាវាយុវជនអាស៊ីអាគ្នេយ៍ មានយុវជន ប្រមាណជា៣០០នាក់មកពីបណ្តាលប្រទេសអាស៊ាន នឹងធ្វើដំណើរជុំវិញប្រទេសអាស៊ាន ហើយក្នុងឆ្នាំនេះពួកគេនឹងចុះចតនៅកំពុងផែចំនួន៤ គឺកំពុងផែប្រទេសវៀតណាម ថៃ សាំងហ្គាពួរ និងហ្វីលីពីន។
អនុប្រធានក្រុមយុវជន កញ្ញា ហៀង នីកូល អាយុ២១ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានបរទេស(IFL) និយាយថា កញ្ញាសម្តែងភាពសប្បាយរីករាយ និងរំភើប ដែលកញ្ញាបានប្រឡងជាប់ក្នុងការធ្វើតេស្តចូលរួមកម្មវិធីនេះ។ កញ្ញបន្តថា រូបនាងផ្ទាល់ នឹងសម្តែងនូវរបាំត្រុដិ ក្បាច់គុណល្បុកតោ និងរបាំក្រម៉ា ៖ "ចាសចំពោះរូបនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមយើងនឹងត្រូវចំណាយពេលខ្លះ ដើម្បីហ្វឹកហាត់សិស្សប្អូន ដែលពួកគាត់នឹងប្រឡងជាប់នៅឆ្នាំក្រោយ ដូច្នេះពួកខ្ញុំមានកាតព្វកិច្ចមួយ គឺដើម្បីក្នុងនាមជាសិស្សច្បងនៅឆ្នាំនេះ ពួកខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលពួកខ្ញុំបានរៀនពីឆ្នាំនេះ នឹងហ្វឹងហាត់ត្រេនពួកគាត់ ដើម្បីឲ្យពួកគាត់កាន់តែខ្លាំង ដើម្បីចូលរួមនៅក្នុងកម្មវិធីនេះនៅឆ្នាំក្រោយទៀត"។
យុវជនមួយរូបទៀត លោក ណៃ សេមណារ័ត្ន អាយុ ២៤ឆ្នាំ និស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានប្រសាសន៍ថា លោកនឹងបង្ហាញនូវចំនេះដឹងរបស់ខ្លួន និងបង្ហាញពីវប្បធម៌ប្រទេសកម្ពុជា ឲ្យយុវជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានដឹង។ ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លោកនឹងបង្ហាញនូវ របាំត្រឡោក របាំត្រុដិ របាំទង់ជាតិ របាំសហសម័យ និងរបាំអ៊ុំទូក ៖ "ជាគោលបំណងផ្ទាល់ ហើយដូចជាគោលបំណងរបស់ក្រុមទាំងមូលផងដែរ យើងទៅនេះគឺយើងដើម្បីប្រទេសជាតិ យើងចង់កសាងឈ្មោះរបស់ប្រទេសជាតិ និងឲ្យបានមានភាពល្បីល្បាញ ហើយនិងឲ្យប្រទេសផ្សេងៗស្គាល់ថាយុវជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា គឺមានយុវជនដែលមានភាពឆ្លាតវៃ ខ្លាំងពូកែ ហើយនិងមានសមត្ថភាពខ្ពស់"។
កម្មវិធី “នាវាយុវជនអាស៊ីអាគ្នេយ៍” ត្រូវបានរៀបចំ និងឧបត្ថម្ភជាថវិកា ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ក្រោមការសហការគ្នារវាងប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ និងប្រទេសថៃ។ ក្រោយមក ប្រទេសដែលចូលជាសមាជិកអាស៊ានផ្សេងទៀត ក៏បានចូលរួមក្នុងកម្មវិធីនេះជាបន្តបន្ទាប់។
ចំណែកកម្ពុជា បានបញ្ជូនយុវជនខ្លួនទៅចូលរួមក្នុងកម្មវិធីនេះ តាំងពីឆ្នាំ២០០០។ យុវជនមានឱកាសក្នុងការចូលរួមកម្មវិធីនេះ ត្រូវមានអាយុក្រោម៣០ឆ្នាំ និងត្រូវឆ្លងកាត់ប្រឡងលើចំណេះដឹងទូទៅទាក់ទងនឹងអាស៊ាន និងចំណេះដឹងភាសាអង់គ្លេស។ ការប្រកាសដាក់ពាក្យប្រឡង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែមេសា៕

(រូបភាពពី ហ្វេសប៊ុក)
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

ពួកនេះវាយស៊ិចដល់ហើយ