ដោយ៖ ញ៉ែត ស្រីពៅ
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

លោក ហាសសាន រ៉ូហានី (Hassan Rohani) ប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់(រូបភាពពី www.diplomatmagazine.nl)
ប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ផ្ញើលិខិតអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស ដែលលោកត្រូវបានជ្រើសរើសជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារជាថ្មីទៀត។
សារលិខិតអបអរសាទរ ចេញផ្សាយលើគេហទំព័រក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី (Hassan Rohani) បានសម្តែងនូវការអបអរសារទរ និងជឿជាក់ថា ជ័យជម្នះនេះ ជំហានដ៏ពិតប្រាកដមួយក្នុងការថែរក្សាស្ថិរភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសកម្ពុជា ព្រមទាំងក្នុងការលើកកម្ពស់សន្តិភាព និងមិត្តភាពក្នុងតំបន់ និងពិភពលោក។ លោក ហាសសាន រ៉ូហានី បញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា យើងនឹងឃើញពីការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី នៅពេលខាងមុខ»។
កន្លងទៅ មេដឹកនាំបណ្តាប្រទេសកុម្មុយនីស្តមួយចំនួន ដែលមានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារអបអរសាទរថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលសម័យប្រជុំរដ្ឋសភាលើកដំបូង នីតិកាលទី៥ ក្នុងនោះមានសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសទាំងពីរ ត្រូវបានមើលឃើញថា គាំទ្រ និងទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា។
កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មលើកទីបីរបស់ខ្លួនដោយដាក់ញត្តិទៅស្ថានទូតមួយចំនួន ដើម្បីសុំអន្តរាគមន៍លើការបោះឆ្នោតនៅកម្ពុជា។ ស្ថានទូត ទាំងនោះ រួមមានប្រទេសអូស្ត្រាលី រូស្ស៊ី ជប៉ុន និងឥណ្ឌូនេស៊ី និងចិន។
ក្នុងការបើកសម័យប្រជុំសភាលើកដំបូង កាលពីថ្ងៃទី២៣ ខែកញ្ញា ក្រោមរាជាធិបតីភាពព្រះមហាក្សត្រនរោត្តម សីហនុ អង្គទូតទាំងអស់នៅកម្ពុជា បានចូលរួមសម័យប្រជុំនេះ។
បន្ទាប់ពីសម័យប្រជុំសហរដ្ឋអាមេរិក បញ្ជាក់ថា ការចូលរួមសម័យប្រជុំសភា មិនមែនមានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ ចំណែកសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋសភាកម្ពុជា មិនអាចបម្រើឲ្យគោលបំណងខ្លួនបានទេ ប្រសិនបើមិនមានការចូលរួមពីគណបក្សនយោបាយ ដែលទទួលបានអាសនៈ ដោយអំពាវនាវឲ្យភាគីទាំងអស់ សហការគ្នា ដើម្បីឲ្យអាណត្តិសភានីតិកាលទី៥នេះ ត្រូវបានបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
សូមសរសេរមកកាន់ កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com