ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
អ្នកភូមិបឹងកក់មួយចំនួនដែលប្រឈមការបណ្តេញចេញ ខកចិត្តចំពោះសាលារាជធានីភ្នំពេញដែលយឺតយ៉ាវក្នុងការចុះវាស់វែងដី ធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ តាមអនុក្រឹត្យនាយករដ្ឋមន្ត្រី។
កាលពីឆ្នាំ២០១១ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ ដីនៅតំបន់បឹងកក់ទំហំ១២.៤៤ហិកតា ឲ្យទៅពលរដ្ឋដែលនៅសេសសល់ជិត១ ០០០គ្រួសារ នៅតំបន់នោះ ធ្វើជាកម្មសិទ្ធិវិញ បន្ទាប់ពីអ្នកភូមិចេញតវ៉ា។
អ្នកភូមិដែលពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដី តាមអនុក្រឹត្យ ប្រាប់VODនៅថ្ងៃចន្ទនេះថា សាលារាជធានីភ្នំពេញ បានសន្យាថាខ្លួនចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ នៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែអ្នកភូមិអះអាងថា មកដល់ពេលនេះ ពួកគាត់មិនទាន់ឃើញវត្តមាន មន្ត្រីណាម្នាក់ចុះមកតាមការសន្យាទេ ៖
VOD មិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ ដោយលោកអះអាងថា លោកកំពុងជាប់ប្រជុំ។ ប៉ុន្តែសកម្មជនដីធ្លីមា្នក់នៅតំបន់បឹងកក់ ដែលទើបផ្តាច់ខ្លួនចេញពីក្រុមតវ៉ា គឺក្រុមអ្នកស្រី ទេព វន្នី ហើយកំពុងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន គឺអ្នកស្រី ហេង មុំ ថ្លែងថា នៅសប្តាហ៍នេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស គ្រោងធ្វើប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋ ដែលនៅសេសសល់៣២គ្រួសារទៀត ដើម្បីកាត់បន្ថយការចេញតវ៉ា ៖
នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ជម្លោះដីធ្លីអូសបន្លាយនៅតំបន់បឹងកក់ មកពីអាជ្ញាធរគ្មានឆន្ទៈដោះស្រាយបញ្ហានេះ តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ៖
អ្នកភូមិអះអាងថា ពួកគាត់នៅជាង៤០គ្រួសារទៀត ប្រឈមការបណ្តេញចេញ ដោយសាលារាជធានីភ្នំពេញ មិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យ។ ពួកគាត់ព្រមានថា បាតុកម្មទ្រង់ទ្រាយធំ នឹងកើតឡើងទៀតនៅសប្តាហ៍នេះ បើអាជ្ញាធរមិនអនុវត្តការសន្យារបស់ខ្លួន៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com