ថ្ងៃ ចន្ទ 28 តុលា 2013
ដោយ លាង ដឺលុច
RFI
សវនាការនៅតុលាការខ្មែរក្រហមបានបន្តនៅថ្ងៃនេះទៀត។ សហមេធាវីរបស់ខៀវ សំផនបានបន្តថ្លែងដោះបន្ទុកកូនក្តីរបស់ពួកគេ។ សហមេធាវីទាំងជាតិ និងអន្តរជាតិបានប្រើប្រាស់សក្ខីកម្មនានារបស់សាក្សី និងអ្នកជំនាញឡើងវិញ ដើម្បីបញ្ជាក់ថា ខៀវ សំផន មិនបានជាប់ពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តដែលទាក់ទងនឹងបទចោទក្នុងសំណុំរឿង០០២វគ្គ១នោះឡើយ។ សំណុំរឿង០០២វគ្គ១ ជាសវនាការលើការជម្លៀសប្រជាជន និងការសម្លាប់ទាហ៊ាន លន់ នល់។

ជនជាប់ចោទ ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម (RFI/Siv Channa)
បន្ទាប់ពីសហមេធាវីរបស់នួន ជា បានព្យាយាមប្រាប់សវនាការថា នួន ជា អតីតប្រធានរដ្ឋសភាសម័យក្រហម មិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ទាហ៊ានលន់ នល់ នោះ ក្រុមសហមេធាវីការពារខៀវ សំផន ក៏បាននិយាយដូចគ្នានៅក្នុងសវនាការនៅព្រឹកថ្ងៃចន្ទ នេះ។ សហមេធាវីជាតិនឹងអន្តរជាតិទាំង៣នាក់របស់ខៀវ សំផន បានបន្តឡើងនិយាយម្តងម្នាក់ ដោយដកស្រង់ខ្លឹមសារនានាដែលលើកឡើងដោយសាក្សី ពិសេសអ្នកជំនាញដែលនិយាយថា ខៀវ សំផន មិនមានតួនាទី និងការទទួលខុសត្រូវសំខាន់នៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្មែរក្រហមនោះឡើយ។
សហមេធាវីជាតិលោក គង់ សំអុន បានប្រកាសប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ខៀវ សំផន កូនក្តីរបស់លោក គឺជាមេដឹកនាំដែលតែឈ្មោះតែប៉ុណ្ណោះ។ ចំពោះលោកសហមេធាវីរូបនេះ ប្រសិនបើគេឃើញខៀវ សំផន ដែលពេលខ្លះនៅក្បែរប៉ុល ពតនោះ គឺមិនមែនមានន័យថា កូនក្តីរបស់លោកជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តក្នុងការអនុវត្តន៍គោលនយោបាយជម្លៀសប្រជាជន និងការកាប់សំលាប់ទាហ៊ានលន់ នល់ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់នោះទេ។
សហមេធាវីអន្តរជាតិវិញ បានរម្លឹកឡើងវិញនូវសក្ខីកម្មនានាពីមុនមករបស់សាក្សី និងអ្នកជំនាញដែលនិយាយច្រើនថា គេមិនឃើញ និងមិនស្គាល់ខៀវ សំផន។
សហមេធាវីគង់ សំអុន បានបញ្ជាក់នៅក្នុងសវនាការថា កូនក្តីរបស់លោក គឺខៀវ សំផនគឺជាសុភាពបុរសម្នាក់ដែលត្រូវបានគេលាបពណ៌អោយទៅជាបិសាច។ ហើយលោកមេធាវីបានសុំអោយតុលាការនេះ លាងពណ៌ពីកូនក្តីរបស់លោក ដើម្បីអោយគេឃើញកូនក្តីរបស់លោកជាសុភាពបុរសឡើងវិញ៕




ឃើញទេការកាប់សំលាប់ជនជាតិឯងជិត3លាននាក់និងកំទេចគ្មានសល់នូវកេរ្ត៌មរតដូនតា រាប់ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងសតិស្មារតីទាំងស្រុងហើយ នៅថាខ្លួនត្រឹមត្រូវ ។ ប្រយត្ន័ការបញ្ឆេះកំហឹងជាតិនិយមហួសហេតុនិងនាំឱយហិនហោច ខ្លោចផ្សាមិនខាន! ការផ្លាស់ប្តូរណាក៏ដោយ សូមឱយគិតគ្រប់ជ្រុងជ្រោយ មានហេតុផលនិងដំណោះស្រាយសមស្រប។ កុំហាមាត់សី្តមួយម៉ាត់ណាអាងអាមេរិកកាំង មួយម៉ាត់ណាអាមេរិកាំង នោះក៏ដូចមិនកើតទេដឹង ត្រូវពឹងខ្លួនឯងនិងរឹងមាំដោយខ្លួនឯងទើបជាការល្អ ។
តើលាងពណ៌នឹងគល់ឬស្សី ឬ ត្បូងចប ? មេចលោកចាំបានទេ ? ធ្វើហើយត្រូវតែហ៊ានទទួលខុសត្រូវ។