ដោយ៖ ពេជ្រ សុធារី
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និងសម្ព័ន្ធទន្លេកម្ពុជា (RCC) នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការព្រួយបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនី ដនសាហុង” នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ ខណៈដែលទំនប់វារីអគ្គិសនីនេះ នឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងការឈានទៅរកការបាត់បង់នូវពូជផ្សោតដែលកម្រមាននៅក្នុងទន្លេមេគង្គ។
សេចក្តីជូនដំណឹងរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងសម្ព័ន្ធទន្លេកម្ពុជា (RCC) ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា សិក្ខាសាលាថ្នាក់ជាតិនេះ គ្រោងរៀបចំធ្វើឡើងមួយថ្ងៃពេញ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ-កូរ៉េ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនចំណេះដឹង និងចែករំលែកព័ត៌មាន ពីគម្រោងទំនប់វារីងគ្គិសនីដនសាហុងក្នុងប្រទេសនៃតំបន់ទន្លេមេគង្គ ក្នុងចំណោមរាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធ អំពីគម្រោងទំនប់វារីអគ្គិសនីដនសាហុង និងផលប៉ះពាល់ចម្បងៗរបស់វា ព្រមទាំងស្វែងរកយុទ្ធសាស្ត្រធ្វើការរួមគ្នាទាក់ទងនឹងគម្រោងទំនប់នេះ។
សេចក្តីជូនដំណឹងដដែល បន្តថា បន្ទាប់ពីការពិភាក្សា សេចក្តីថ្លែងការណ៍រួមមួយ ស្តីពី លទ្ធផលនៃការពិភាក្សាវែកញែកទៅលើក្តីបារម្ភ និងផលប៉ះពាល់ជាអវិជ្ជមាននៃទំនប់វារីអគ្គីសនី ដនសាហុង នឹងត្រូវបានរៀបរៀងឡើង និងចែកជូនទៅដល់ដៃគូដែលពាក់ព័ន្ធ និងអ្នកដែលមានសិទ្ធិសម្រេច ដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ ក៏ដូចជាការគាំទ្រ ក្នុងការស្វែករកនូវដំណោះស្រាយទៅលើបញ្ហាប្រឈមដែលអាចកើតមានឡើង ចំពោះប្រជាជនកម្ពុជា ជាពិសេស ទៅលើបញ្ហាជីវភាព និងការឈានទៅរកការបាត់បង់នូវពូជផ្សោតដែលកម្រមាននៅក្នុងទន្លេមេគង្គ។
សិក្ខាសាលា ស្តីពី “ការព្រួយបារម្ភណ៍ចំពោះគម្រោងទំនប់វារីអគ្គិសនី ដនសាហុង” នេះ នឹងមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងតំណាងសហគមន៍ ប្រមាណ៩០នាក់៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com