ដោយ៖ ពៅ មេត្តា
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីចំនួន១៣ បានព្រមព្រៀងសហការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពក្រុមហ៊ុនឯកជនកាប់បំផ្លាញព្រៃឈើ ដែលកំពុងបង្កផលប៉ះពាល់ដល់របរចិញ្ចឹមជីវិត និងប្រពៃណីរបស់ពួកគាត់។
ក្នុងពេលពិភាក្សារវាងតំណាងសហគមន៍ទាំង១៣ នៅថ្ងៃទី១៨ ខែមីនានេះ នៅឃុំដាក់ដាំ ស្រុកសែនមនោរម្យ តំណាងសហគមន៍នៅ ឃុំដាក់ដាំ អ្នកស្រី ខ្វើង ទំ ថ្លែងថា បានជាពួកគាត់សម្រេចចងក្រងបណ្តាញសហគមន៍នេះ ដោយសារកន្លងមកបទល្មើសកាប់បំផ្លាញព្រៃឈើអាជ្ញាធរពាក់ព័ន្ធមិនបានជួយទប់ស្កាត់បានទាន់ពេលទេ។
អ្នកស្រីបន្តថា ក្នុងចំណោមសហគមន៍ទាំង១៣ពេលនេះ សហគមន៍ខ្លះកំពុងរង់ផលប៉ះពាល់ខ្លាំងពីការកាប់បំផ្លាញព្រៃ ហើយសហគមន៍ខ្លះទៀតកំពុងប៉ះពាល់តិចតួច «ការងារពួកខ្ញុំកំពុង តែព្រមព្រៀងឥឡូវនិង កំពុងតែមានបញ្ហាអីជួយគ្នា តគ្នាទៅ ជួយទប់ស្កាត់ភូមិមួយៗទៅ កន្លែងគេផ្សេងៗឥតទាន់ ឈូសទេ គ្រាន់តែកាប់បំផ្លាញ ព្រៃឈើ ចាកន្លែងនាងខ្ញុំ កាប់ទាំងដើមជ័រ និងឈូសទាំងដី ចង់រលោភបំពាន់ដីធ្លាតែម្តង»។
តំណាងសហគមន៍ឡាកា អ្នកស្រី មអារ ងំ ថ្លែងថា ពួកគាត់មិនខ្លាចចំពោះការគំរាមសម្លាប់ ឬ ចាប់ដាក់ពន្ធនាគារទេ ព្រោះបើមិនអាចការពារព្រៃឈើបានពួកគាត់គង់តែស្លាប់ដដែល។
ជនជាតិដើមពូនង រូបនេះបន្តថា ពួកគាត់មិនចង់ឲ្យមានការអភិវឌ្ឍន៍ផ្លូវថ្នល់សាលារៀន ឬ មន្ទីរពេទ្យទេ ប្រសិនបើការអភិវឌ្ឍន៍ហើយមានការកាប់បំផ្លាញព្រៃឈើនោះ «ខ្ញុំថាល្អជាង កុំឲ្យធ្វើសាលារៀន និងធ្វើផ្លូវ ស៊ីផ្លូវខ្ញុំស៊ីឥតកើតទេផ្លូវ សាលារៀនខ្ញុំស៊ីកើត ខ្ញុំត្រូវការសាលារៀន ក៏ត្រូវការផ្លូវ ក៏ត្រូវការដីដែរ ព្រៃដែរ អញ្ចិងខ្ញុំស៊ីពីនោះ មកដល់និងខ្ញុំធ្វើដំណើរ ខ្ញុំទៅរៀន សុខសប្បាយទៀត ដល់ឯនិះ ទៅរៀនមិចកើត បើបាយឥតមានផងនិង ក្រុមហ៊ុន និងឈូស ក្តៅក្រហាយ សឹងអី មិនឲ្យកូនទៅរៀនទេ ខ្ជិលណាស់»។
មន្ត្រីកម្មវិធីនៃអង្គការដែលធ្វើការពាក់ព័ន្ធជនជាតិដើមភាគតិចនៅមណ្ឌលគិរីហៅ អាយ ស៊ីស៊ី លោក ដូង វណ្ណរា ហៅ ណិប ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវសិក្សាឲ្យបានលម្អិតពីការប៉ះពាល់ និង ផលចំនេញ មុនផ្តល់សិទ្ធិឲ្យក្រុមអភិវឌ្ឍន៍។
លោក ដូង វណ្ណា ជាជនជាដើមពូនងដែរនោះបន្តថា ជនជាតិដើម នឹងចេញមុខតវ៉ាជាទ្រង់ទ្រាយធំ ដោយពួកគេមិនសុខចិត្តនៅស្ងៀមទេ ប្រសិនបើការអភិវឌ្ឍន៍នៅតែមិនសិក្សាពីការប៉ះពាល់ដល់ជីវិតរបស់ពួកគាត់ទៀតនោះ «និងមានគេហៅថា អសន្តិសុខនិងមិនចេះឈប់ វាឥតមានសន្តិភាពបាទ ហើយជាពិសេស យុវជន សម័យថ្មី គេ មិនឈរ ឪបដៃមើលទេ ខ្ញុំគិតថាអញ្ចិង»។
ប្រជាសហគមន៍ជនជាតិដើមអះអាងថា ពួកគាត់មិនមានជំនាញអ្វីផ្សេងសម្រាប់ចិញ្ចឹមជីវិតទេ ក្រៅពីទទួលអនុផលព្រៃឈើ ហើយថា ចាប់ពីឆ្នាំ២០០៨មកពេលដែលក្រុមហ៊ុនចេះតែបន្តកាប់ព្រៃនោះ ធ្វើឲ្យប៉ះពាល់ជីវភាព និង ប្រពៃណីដូនតារបស់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

(រូបភាព៖ ហេង វិចិត្រ)
ជុំវិញការត្អូញត្អែរពីទុក្ខលំបាករបស់ជនជាតិដើមភាគតិចនេះVOD មិនទាន់បានសុំការពន្យល់ ពីមន្ត្រីពាក់ព័ន្ធនៅឡើយទេនៅថ្ងៃនេះ។
បច្ចុប្បន្នក្នុងចំណោមសហគមន៍ទាំង១៣នៅខេត្តមណ្ឌលគិរី គឺមានសហគមន៍ពីរដែលកំពុងមានទំនាស់ខ្លាំងជាមួយក្រុមហ៊ុនគឺសហគមន៍ឡាកា និង សហគមន៍ប៊ូស្រា។ នៅសហគមន៍ឡាកាក្រុមហ៊ុន វីឡា កំពុងអភិវឌ្ឍន៍ដាំកៅស៊ូលើផ្ទៃដី ៥០០០ហិកតា ដែលក្រុមហ៊ុននេះរង់ការចោទពីជនជាតិដើមភាគតិចថា បានធ្វើឲ្យប៉ះពាល់ព្រៃដូនតារបស់ពួកគាត់៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
