ដោយ៖ បាន វិទ្យា
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
កម្មករ និងមន្ត្រីសហជីព ឲ្យដឹងថាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីជាង២០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ នៅតែបន្តធ្វើកូដកម្មនៅភូមិក្លា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារលក្ខខណ្ឌការងារ៤ចំណុចដែលនៅសេសសល់។
លោក អ៊ីម អុន ដែលអះអាងថាជាតំណាងកម្មករ ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថា អ្នកបើករថយន្តយកសំរាមមួយចំនួនយល់ព្រមចូលធ្វើការវិញ ដោយសារភាគីខាងក្រុមហ៊ុនយល់ព្រមលើលក្ខខណ្ឌទាមទាររបស់ពួកគាត់ ប៉ុន្តែកម្មករដទៃពុំព្រមចូលធ្វើការឡើយ។លោកថា«កម្មករផ្សេងទៀតនៅតែបន្តធ្វើកូដកម្មពុំព្រមចូលធ្វើការដដែល ដោយថាភាគីក្រុមហ៊ុនពុំទាន់ដោះស្រាយលើលុយធ្វើដំណើរដែលពួកគាត់ទាមទារជាដើម»។
លក្ខខណ្ឌការងារ៤ចំណុច ដែលបុគ្គលិកបន្តការទាមទារនោះ រួមមាន លុយទ្រទ្រង់សុខភាព១០ដុល្លារ ប្រាក់បំណាច់ឆ្នាំ លុយស្នាក់នៅ១០ដុល្លារ និងលុយធ្វើដំណើរ១៥ដុល្លារ។
ប្រធានសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិកខ្មែរ លោក មុំ សារ៉ន មានប្រសាសន៍ថា ភាគីក្រុមហ៊ុនគួរតែសម្របសម្រួលនូវលក្ខខណ្ឌការងារ៤ចំណុច ដែលកម្មករទាមទារ ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករ ព្រោះថាប្រាក់ខែគោលរបស់បុគ្គលិកនៅមានកម្រិតទាបនៅឡើយ។
ប្រធានការិយាល័យសម្អាតក្រុង និងយានដ្ឋាន និងតំណាងឲ្យក្រុមហ៊ុនស៊ីនទ្រី លោក ងួន ស៊ីផេង មានប្រសាសន៍ថា «កម្មករភាគច្រើនបានចូលធ្វើការវិញហើយ មានតែកម្មករមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវសហជីពបញ្ចុះបញ្ចូលមិនព្រមចូលធ្វើការ»។
គួរបញ្ជាក់ថាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ គឺតាំងពីថ្ងៃអាទិត្យមក ដែលទាមទារលក្ខខណ្ខការងារចំនួន១០ចំណុច។ រាល់ការទាមទារម្តងៗ បុគ្គលិកមិនបានចេញទៅប្រមូលសំរាមធ្វើឲ្យសំរាមគរពេញរាជធានីភ្នំពេញ៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gamil.com