Tue, 8 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីសម្ងំភ្ជាប់ពាក្យដោយស្ងាត់កំបាំងជាមួយម្ចាស់ស្នេហ៍ថ្មីអាណិកជនខ្មែរអាមេរិកជាវេជ្ជបណ្ឌិតនោះ តារាសម្តែងរូបស្រស់ មាស សម្ផស្ស បង្ហាញជំហរដោយភាពមុតមាំ ថាការងារសិល្បៈពេលនេះ មិនមាននៅក្នុងចិត្តទេ បើមានក៏មានក្នុងពេលខាងមុខយូរបន្តិចដែរ។
នៅពីក្រោយជំហរដកឃ្លាពីសិល្បៈ មិនទទួលការសម្តែងរបស់ មាស សម្ផស្ស ក្រោយមានម្ចាស់បេះដូងថ្មីនោះ មជ្ឈដ្ឋានអ្នកតាមដានតារាបានបង្ហើបថា នាងមិនសូវខ្វល់ការងារសិល្បៈដូចមុនទេ ដើម្បីយកពេលនៅស្អំបេះដូងផ្គាប់ចិត្តគូដណ្តឹងដែលទើបភ្ជាប់ពាក្យ។ ម៉្យាងទៀត មាស សម្ផស្ស ក៏មិនទំនេរដែរទេ ដោយនាងកំពុងមមាញឹកនឹងការបើកហាងកែសម្ផស្ស ដែលកំពុងដំណើរការសាងសង់នោះ។
ឆ្លើយតបនឹងព័ត៌មានគេបង្ហើបខាងលើនេះ ស្រីស្រស់ដែលរមែងអភ័ព្វស្នេហ៍ នាង មាស សម្ផស្ស ក៏ទទួលស្គាល់ព័ត៌មានខាងលើដែរដោយនាងបានប្រាប់ថា៖ «មែន បង! ខ្ញុំទើបនឹងភ្ជាប់ពាក្យជាមួយគូដណ្តឹងបានរយៈប្រមាណជា២សប្តាហ៍ហ្នឹង»។
ជាមួយគ្នានោះ សម្ផស្ស បានប្រាប់ផងថា៖ «គូដណ្តឹងខ្ញុំមានឈ្មោះ លុយ វីលាម គាត់ជាអាណិកជនអាមេរិក មានរបរជាគ្រូពេទ្យ»។
យ៉ាងណាមិញ តារាសម្ដែងមកពីទឹកដីខេត្តបន្ទាយមានជ័យនាង មាស សម្ផស្ស និងគូស្នេហ៍មុនៗតែងតែថ្លែងពីភាពប្រាកដប្រជារួមរស់គ្នាជាប្តីប្រពន្ធលុះចាស់កោងខ្នង ដែលទីបំផុត សល់តែពាក្យស្នេហ៍បរាជ័យម្ដងហើយម្ដងទៀតនោះ។
ចំពោះស្នេហាលើកនេះនាងនៅតែបង្ហាញជំនឿចិត្តថា៖ «ខ្ញុំសង្ឃឹមហើយក៏ជឿជាក់ផងដែរ ស្នេហាខ្ញុំនិងគាត់ បង វីលាម មិនដើរលើគន្លងស្នេហ៍ដ៏ឈឺចាប់របស់ខ្ញុំមុនៗទេ»។
តារារមែងខកស្នេហ៍ពាក់កណ្តាលផ្លូវរូបនេះ បានបន្តថា៖ «ខ្ញុំ និងបង វីលាម មុនឈានដល់ការភ្ជាប់ពាក្យនេះ មានការពេញចិត្តពេញថ្លើមទាំងចាស់ទុំសងខាង។ ចាស់ទុំខាងខ្ញុំក៏ទទួលបានការសិក្សាពីចិត្តគាត់ដែរ ហើយជាងនេះបង គាត់ជាមនុស្សប្រុសទុកចិត្តបាន»។
នៅពេលដែលសួរនាំដល់ថ្ងៃចូលរោងការជាក់លាក់ មាស សម្ផស្ស ក៏នៅតែមិនប្រាកដថ្ងៃណាដែរ ក្រៅពីប្រាប់ថា ឆ្នាំក្រោយ។
តារាសម្តែងវ័យតោង៣០ឆ្នាំលេចធ្លោខាងរឿងស្នេហាជាងការងារសិល្បៈ រូបនេះបានប្រាប់ថា៖ «ឆ្នាំនេះមិនអាចមកគិតរឿងរៀបការបានទេ ទីមួយរង់ចាំឪពុកម្តាយបង វីលាម ចុះមកពីអាមេរិកឆ្នាំក្រោយ និងមួយទៀតឆ្នាំនេះខ្ញុំកំពុងត្រូវចំណាយទុនបើកគ្លីនិក វះកាត់កែសម្ផស្សខ្នាតធំសម្រាប់នៅស្រុកខ្មែរ ទើបមិនទាន់ដាក់ចិត្តមកគិតរឿងរៀបការ»។
មាស សម្ផស្ស បញ្ជាក់ថា៖ «ដោយសារជាប់រវល់ទើបមិនគិតពីវេលាចូលរោងការ ហើយណាមួយក៏ចង់ឲ្យសមិទ្ធផលកន្លែងវះកាត់កែសម្ផស្សនោះ វាចេញជារូបរាងមុនសិនដែរ ហើយវាជាហេតុផលមួយដែលនាំឲ្យខ្ញុំសម្រាកការទទួលថតសិល្បៈដែរ មិនមែនដូចគេថា បានគូដណ្តឹងនៅសម្ងំផ្គាប់ចិត្តដែរ»៕
Cambodian girls married cambodian American or American guys so lucky in life. Their country give value to the girls and respect.