អាណាព្យាបាល​ផ្ដិត​មេដៃ​ទារ​ឲ្យ​លែង​ប្រធាន​អង្គការ​ដែល​ចោទ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ

ដោយ ហង្ស សាវយុត
2014-07-08
RFA

កុមារ​ក្រីក្រី សៀមរាប ៦១០
កុមារ​ក្រីក្រ​នៅ​តែ​បន្ត​ចេញ​ចូល​រៀន​ភាសា​អង់គ្លេស ក្នុង​មណ្ឌល​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល បន្ទាប់​ប្រធាន​អង្គការ​ត្រូវ​ចាប់​ខ្លួន នា​ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤ (RFA/Hang Savyouth)

អាណាព្យាបាល​ក្មេងៗ​ដែល​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ ស៊ី.យូ.អែស (CUS) កំពុង​តវ៉ា​ថា ការ​ចាប់​ប្រធាន​អង្គការ ដោយ​ចោទ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​នោះ ជា​ការ​មិន​ត្រឹមត្រូវ​ទេ។ ពួក​គេ​កំពុង​នាំ​គ្នា​ធ្វើ​ញត្តិ​ផ្ដិត​មេដៃ តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង។

ការ​ទាមទារ​នេះ បន្ទាប់​ពី​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ប្រធាន​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល​មួយ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា។

ក្រុម​អ្នក​ភូមិ​រំដេង ភូមិ​ដំរីឆ្លង និង​ភូមិ​សំបាត ឃុំ​ខ្នារពោធិ៍ ស្រុក​សូទ្រនិគម ជាច្រើន​គ្រួសារ កំពុង​ទាមទារ​ឱ្យ​ប៉ូលិស និង​តុលាការ​ខេត្ត​សៀមរាប ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​បុរស ដែល​ជា​ប្រធាន​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា​ម្នាក់។

អ្នក​ភូមិ​ជា​ឪពុក​ម្ដាយ​កុមារ​ក្រីក្រ​នៅ​តំបន់​ជនបទ​ចម្ងាយ​ជាង ៣០​គីឡូ​ម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​ទាំង​នោះ អះអាង​ថា ប៉ូលិស​ដែល​ចោទ​ប្រកាន់​ប្រធាន​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល ដែល​ហៅ​ថា ស៊ី.យូ.អែស នោះ គឺ​ជា​ការ​មិន​ពិត។

ស្ត្រី​ម្នាក់​ជា​ម្ដាយ​កុមារ​ក្រីក្រ ក្នុង​ចំណោម​ឪពុក​ម្ដាយ​ជាច្រើន​ទៀត ដែល​នាំ​កូន​យក​ទៅ​ផ្ញើ​ឱ្យ​ស្នាក់​នៅ​ជាមួយ​ប្រធាន​អង្គការ ដើម្បី​បាន​រៀន​សូត្រ គឺ​អ្នកស្រី រឹម កាយ។ អ្នកស្រី​អះអាង​ថា គាត់​បាន​យក​កូន​ស្រី​ម្នាក់​អាយុ ១៩​ឆ្នាំ ទៅ​សុំ​ឱ្យ​ស្នាក់​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​រៀន​សូត្រ ពីព្រោះ​តែ​ភូមិ​របស់​គាត់​មិន​មាន​សាលា​ថ្នាក់​វិទ្យាល័យ​ទេ។ ស្ត្រី​ដដែល​បញ្ជាក់​ថា កូន​របស់​គាត់​ត្រូវ​បុរស​ឈ្មោះ ឡុង វេហា ជា​ប្រធាន​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល​នោះ ជួល​បន្ទប់​ឱ្យ​ស្នាក់​នៅ​រៀន​សូត្រ​ជាមួយ​ក្មេង​ប្រុស​ស្រី​ចំនួន ៨​នាក់​ផ្សេង​ទៀត ហើយ​ជា​រៀង​រាល់​សប្ដាហ៍ ក្មេងៗ​ទាំងអស់​តែង​ទៅ​ផ្ទះ​យក​អង្ករ និង​សុំ​ប្រាក់​ឪពុក​ម្ដាយ​មក​រៀន​សូត្រ ក៏ប៉ុន្តែ​នៅ​ពេល​ឮ​ថា ប្រធាន​អង្គការ​នោះ​មាន​ការ​ជួញ​ដូរ​កូន​របស់​គាត់ គឺ​គាត់​មិន​ជឿ​ឡើយ៖ «ខ្ញុំ​អត់​ជឿ ព្រោះ​ខ្ញុំ​សួរ​កូន​ខ្ញុំ​ផ្ទាល់ ថា​មិន​ពិត​ទេ​ម៉ែ កុំ​ជឿ។ បើ វេហា ខ្ញុំ​ចូល​ទៅ​សុំ​ផ្ទាល់​ហើយ​ព្រឹក​ឡើង​ទៅ​រៀន ល្ងាច​ដាំ​បាយ បើ​ព្រឹក​ឡើង​មីង​វា​ដាំ​បាយ​ឱ្យ​ហូប។ មក​ចោទ​ប្រកាន់​អ៊ីចេះ មិន​ដឹង​យុត្តិធម៌​យ៉ាង​ម៉េច។ ខ្ញុំ​ចង់​ឱ្យ​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​ដឹង​មក​វិញ»

មាន​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ កំពុង​នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ធ្វើ​ជា​សាក្សី​ជួយ​ដល់​បុរស​ជា​ប្រធាន​អង្គការ​នោះ។

ប្រតិកម្ម​របស់​អ្នក​ភូមិ​ទី​ជនបទ​ជា​អាណាព្យាបាល​ក្មេងៗ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ ឡុង វេហា អាយុ ៣២​ឆ្នាំ ជា​ប្រធាន​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល ដែល​មាន​មជ្ឈមណ្ឌល​បង្រៀន​ភាសា​អង់គ្លេស ១​កន្លែង ក្នុង​ភូមិ​សំបាត ឃុំ​ខ្នារពោធិ៍។

ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​សៀមរាប អ្នកស្រី ដួង ថាវរី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​បុរស​ឈ្មោះ ឡុង វេហា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា គឺ​បន្ទាប់​ពី​ប៉ូលិស​សង្ស័យ​ថា មាន​អំពើ​ទិញ​ពេស្យាចារ​កុមារ៖ «មាន​សាក្សី​ឆ្លុះ​បញ្ចាំង​ថា ប្រធាន​អង្គការ​ហ្នឹង​ពិត​ជា​បាន​ធ្វើ​អ៊ីចឹង​មែន។ ក្នុង​ចំណោម​ក្មេង​ដែល​នៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​សៀមរាប នេះ គឺ​យើង​បាន​សាកសួរ ៩​នាក់ ហើយ ៤​នាក់​ដែល​ត្រូវ​ប្រធាន​នាំ​ឱ្យ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​បរទេស ដែល​ជា​ម្ចាស់​ជំនួយ​ដែល​ធ្លាប់​ជួយ​ជំនួយ​មក​គាត់​ហ្នឹង ប៉ុន្តែ​ក្នុង​ចំណោម​នោះ ក្មេង (ប្រុស) ៣​នាក់​ទេ ដែល​ថា​ធ្លាប់​បាន​រង​បំពាន​រំលោភ​បំពាន​ផ្លូវ​ភេទ»

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​រក​ឃើញ​ថា មណ្ឌល​មួយ​នៅ​ក្នុង​ភូមិ​សំបាត ឃុំ​ខ្នារពោធិ៍ ដែល​ជា​របស់​អង្គការ​ជួយ​ក្មេង​ក្រីក្រ និង​កុមារ​កំព្រា សម្រាប់​តំបន់​ដាច់​ស្រយាល​នោះ កំពុង​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្រីក្រ​ចំនួន​ជាង ៧០​នាក់​រៀង​រាល់​ថ្ងៃ ចំណែក​ឯ​ក្មេង​ធំៗ​ដែល​ត្រូវ​រៀន​ថ្នាក់​វិទ្យាល័យ​ចំនួន ៩​នាក់​ទៀត ត្រូវ​ឪពុក​ម្ដាយ​ស្នើសុំ​ឱ្យ​ជួយ​ផ្ដល់​កន្លែង​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ហើយ​ក្មេង​ទាំង ៩​នាក់ គឺ​សុទ្ធ​តែ​ជាប់​សាច់ញាតិ​ជាមួយ​ប្រធាន​អង្គការ​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប កំពុង​សម្ដែង​ការ​សង្ស័យ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​ទាំង​នោះ​ថា អាច​ជា​ការ​មួលបង្កាច់​ពី​ជន​ណា​មួយ​ក្នុង​រឿង​ទំនាស់​ផល​ប្រយោជន៍។ ដោយសារ​ការ​សង្ស័យ​នេះ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត ដើម្បី​ស្វែងរក​ភស្តុតាង​ឱ្យ​ច្បាស់​លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អាណាព្យាបាល​ផ្ដិត​មេដៃ​ទារ​ឲ្យ​លែង​ប្រធាន​អង្គការ​ដែល​ចោទ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ"

  1. ព្រះរាជណាចក្រដំរីខ្វាក់ទ្រមាក់ឆ្គួត says:

    ឲ្យអាណាមិនរបស់អញគឺខុសច្បាប់!
    សម័យមហាដេកជោសែនឲ្យតែ១០០ដុល្លាខ្មែរសំលាប់គ្នាបំរើយួន
    សម័យខ្មែរក្រហមដើម្បីអង្គការខ្មែរសំលាប់ខ្មែរទុកដីឲ្យយួន
    សម័យស៊ីហនុដើម្បីសម្តេចឪគ្មានគិតជាតិទឹកដីតែឪថាក្បត់គឺក្បត់ជាតិទើបឥឡូូវបានដឹងថា
    អ្នកក្បត់ជាតិគឺស៊ីហនុសោះ!!!!