ដោយ៖ ខាន់ លក្ខិណា
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
បុគ្គលិកធ្វើការនៅព្រលានយន្តហោះខេត្តសៀមរាប គំរាមថាបើថ្នាក់គ្រប់គ្រងមិនព្រមដោះស្រាយលក្ខខណ្ឌការងារឲ្យពួកគេតាមការទាមទារនោះ ពួកគាត់នឹងនាំគ្នាសម្រុកចូលក្នុងបរិវេណព្រលានយន្តហោះតែម្តងនៅពេលខាងមុខនេះ ។
អតីតអគ្គលេខាសហជីព នៅព្រលានយន្តហោះភ្នំពេញលោក និន កុសល ឲ្យ VOD ដឹងនៅថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនមានចេតនាមិនចង់ដោះស្រាយបញ្ចប់ទំនាស់នេះទេ បន្ទាប់ពីការធ្វើកូដកម្មជាច្រើនថ្ងៃមក ។ លោកបន្តថា ចំពោះការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ៧ ចំណុចនេះ ហើយចំណុចដែលសំខាន់របស់ពួកគាត់ចង់ឲ្យក្រុមហ៊ុនលុបចោទលក្ខខណ្ឌពីចំណុចគឺ ទី១. ក្រុមហ៊ុនត្រូវអនុវត្តន៍លក្ខខណ្ឌការងារចាស់ដដែលវិញ ដោយគ្មានពហុជំនាញ ឬកម្មវិធីកសាងសមត្ថភាព ដែលក្រុមហ៊ុនទើបបង្កើតថ្មី និងទី២. ត្រូវផ្លាស់ប្តូរអ្នកគ្រប់គ្រងចំនួនពីរនាក់ គឺលោក សន សារ៉ុម និងលោក ភួង សុជាតិ ចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយសារអ្នកទាំងពីរនេះបង្កបញ្ហាច្រើនដល់បុគ្គលិក ។
លោក និន កុសល បានអះអាង ក្នុងចំណោមបញ្ហាទាំង៧ចំណុចនេះ ប្រសិនបើមានការដោះស្រាយបានត្រឹមតែពីរចំណុចក៏បុគ្គលិកទាំងអស់មានការអស់ចិត្តដែរ ហើយនៅសល់៥ចំណុចទៀត ពួកគាត់ទាំងអស់គ្នានឹងធ្វើការចរចាបន្ត ប៉ុន្តែប្រសិនបើទាំង៧ចំណុចមិនទាន់មានការដោះស្រាយ ពួកគាត់នឹងនាំគ្នាធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយ ដែលអាចឈានដល់ការសម្រុកចូលក្នុងបរិវេណព្រលានយន្តហោះតែម្តង ។
អ្នកគ្រប់គ្រងបុគ្គលិកផ្នែកជនជាតិខ្មែរលោក ភួង សុជាតិ មិនអត្ថាធិប្បាយទេ ដោយប្រាប់ថាជាប់រវល់ ។
ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤មក បុគ្គលិកព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៧ចំណុច ប៉ុន្តែមកដល់ថ្ងៃអង្គារនេះក្រុមហ៊ុននៅមិនទាន់មានការដោះស្រាយនៅឡើយ ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com