ចំនួនអ្នកមកទទួលថ្នាំប្រឆាំងមេរោគអេដស៍នៅបាត់ដំបងកើនដល់ជាង៧០នាក់​

ដោយ៖​ ទូច សុខា​
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

ពល​រដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ពី​មណ្ឌល​សុខភាព​រកា នាពេល​កន្លង​មក

មន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០១៤ អ្នកដែលរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលថ្នាំប្រឆាំងមេរោគអេដស៍បានជាង៧០នាក់ ។ 

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក មាន ឈីវុន ប្រាប់ VOD នៅព្រឹកនេះថា ក្រសួងបានរៀបចំក្រុមគ្រូពេទ្យចំនួន៤ក្រុម ដើម្បីផ្លាស់គ្នាតាមដានសុខភាពអ្នកដែលបានឆ្លងមេរោគអេដស៍នៅឃុំរកា ។ លោកថា រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ទៅដល់ប្រជាពលរដ្ឋដែលបានឆ្លងមេរោគអេដស៍ទាំងនោះបានចំនួន៧៦នាក់ហើយ ដែលក្នុងនោះមានកុមារចំនួន១០នាក់ ។ 

លោក មាន ឈីវុន ឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យនៅតែបន្តពិនិត្យ និងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋទាំងនោះដដែល តែមិនមែនអ្នកឆ្លងទាំងអស់ត្រូវតែប្រើថ្នាំនោះទេ គឺអ្នកដែលឆ្លងមួយចំនួនដែលបានឆ្លងហើយ តែត្រូវគ្រូពេទ្យពិនិត្យឃើញថានៅមានសុខភាពល្អ គឺមិនតម្រូវឲ្យប្រើថ្នាំនោះទេ ។

លោកបញ្ជាក់ថា «រឿងហ្នឹងយើងកំពុងតែទៅបន្តៗក្មួយ មាននរណាទៅភ្លាមទាំងអស់កើត ព្រោះអញ្ចេះ ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ហ្នឹង វាមាន criteria (លក្ខខណ្ឌ) របស់គេ…អញ្ចឹងឲ្យបន្តៗហ្នឹង ឲ្យទាំងអស់អ្នកដែលត្រូវការ»

ទាក់ទងទៅនឹងមូលហេតុនៃការឆ្លងមេរោគអេដស៍នេះវិញ លោកថាមិនទាន់អាចបញ្ជាក់ប្រាប់បានទេ ព្រោះក្រុមការងារបច្ចេកទេសកំពុងធ្វើការវិភាគទៅលើទិន្នន័យដែលប្រមូលបាននៅឡើយ ។ 

ទាក់ទិននឹងការឆ្លងមេរោគអេដស៍នេះ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក រឿង ប៊ុនរ៉េត ឲ្យដឹងដែរថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មិនសូវមានអ្នកភូមិមកពិនិត្យឈាមរកមេរោគអេដស៍ដូចមុននោះទេ ។ លោកថា ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋមកពិនិត្យឈាមតែ៤ទៅ៥ នាក់ប៉ុណ្ណោះ និងថ្ងៃខ្លះគឺគ្មានតែម្តង ។ 

លោក រឿង ប៊ុនរ៉េត បន្តថា នៅមណ្ឌលសុភាពឃុំរកា មិនត្រឹមតែមានសេវាផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ប៉ុណ្ណោះទេ គឺមានការផ្តល់ប្រឹក្សាយោបល់ និងផ្លូវចិត្តជូនដល់អ្នកឆ្លងមេរោគអេដស៍ទាំងនោះផងដែរ ។ លោកនិយាយថា ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍មកទទួលសេវានេះចន្លោះពី២០ ទៅ៣០នាក់ ។ លោកបញ្ជាក់ថា «គាត់អ្នកឈឺអ្នករកឃើញហ្នឹងមកទាំងអស់ហ្នឹង តែត្រូវដាក់វេនគ្នា មិនមក១ថ្ងៃទាំងអស់ទេ បួនដប់ម្ភៃនាក់ សាបសិបនាក់ អីអញ្ចឹងទៅណា ប្តូរវេនគ្នាអញ្ចឹងទៅណា គ្រូពេទ្យវាមានតិច មិនអាចឲ្យគាត់មកទាំងអស់ដូចហែកឋិនមកពេទ្យបានទេ ត្រូវដាក់វេនគ្នា»

រហូតមកដល់ពេលនេះ នៅមិនទាន់មានការបង្ហាញជាសាធារណៈនូវចំនួនពិតប្រាកដនៃអ្នកដែលបានឆ្លងមេរោគអេដស៍នេះនៅឡើយ តែមានសារព័ត៌មានមួយចំនួនបានដកស្រង់សំដីរបស់អាជ្ញាធរក្នុងតំបន់ថាមនុស្ស២០១នាក់ហើយដែលបានឆ្លងមេរោគអេដស៍នេះ ។

ចំណែកមូលហេតុនៃការឆ្លងមេរោគនេះ  នៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែគ្រូពេទ្យភូមិម្នាក់ឈ្មោះ យ៉ែម ជ្រិន ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគអេដស៍នេះ ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់លើចំណុច៣នៃបទចោទគឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ(អំពើឃោរឃៅមានទារុណកម្ម) និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ ។ ក្រោមបទចោទទាំងនេះ លោក យ៉ែម ជ្រិន អាចត្រូវជាប់ពន្ធនាគារមួយជីវិត ៕

សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

 

What Next?

Recent Articles