Fri, 2 January 2015
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
សត្វព្រៃមិនសម្បូរច្រើនដូចពីមុនទេ ដោយសារតែព្រៃឈើដែលជាជម្រករបស់វាត្រូវបានកាប់បំផ្លាញស្ទើរហិនហោចអស់ជាមួយនឹងការបរបាញ់សម្រាប់យកសាច់ទៅលក់តាមទីផ្សារគ្មានការទប់ស្កាត់
ក្រចេះ/ស្ទឹងត្រែង/រតនគិរីៈ សត្វស្វា ក្លាយជាមុខម្ហូបពេញនិយម ក្នុងក្រុងស្ទឹងត្រែង ហើយសត្វព្រៃដែលត្រូវបានច្បាប់ការពារ មិនឲ្យមានការបរបាញ់ និងជួញដូរជាច្រើនប្រភេទផ្សេងទៀត កំពុងត្រូវបានគេជួញដូរ និងដាក់លក់នៅតាមទីផ្សារ និងនៅលើបញ្ជីមុខម្ហូបដោយបើកចំហនិងអនាធិបតេយ្យ។
គ្រាន់តែសួរថា ម្តុំនេះមានលក់ម្ហូបសត្វព្រៃទេ? អ្នករត់ម៉ូតូឌុបមួយក្រុមនៅផ្សារស្ទឹងត្រែង បានឆ្លើយភ្លាមថា៖«មានមិនខ្វះទេនៅវាលស្រែ ១០០។ ម្ហូបសត្វស្វាច្រើនជាងគេនៅទីនោះ»។
អ្នករត់ម៉ូតូឌុបវ័យខ្ទង់ ៥០ ឆ្នាំម្នាក់ «បានឌុបយើងភ្លាម» ទៅកាន់វាលស្រែ ១០០ នៅភាគខាងលិចនៃក្រុងស្ទឹងត្រែង ហើយបានទៅដល់ប្រមាណជា ៥ នាទីក្រោយមក។ នៅម្តុំនោះ ហាងនិងផ្ទះប្រមាណជា៥កន្លែងមានបើកលក់គ្រឿងក្លែម ឬស៊ុបផ្សេងៗ។
ផ្ទះមួយក្នុងចំណោមនោះ មានភ្ញៀវចេញចូលមិនដាច់ ហើយបុរសម្ចាស់ផ្ទះស្លៀកខោជើងវែង ដោះអាវ បង្ហាញខ្សែកមាសក្រហមច្រាលឈរចាំហៅភ្ញៀវឲ្យចូលហូប។ គ្រាន់តែដល់មុខផ្ទះភ្លាម ក៏ធុំក្លិនម្ហូបដ៏ឈ្ងុយចង់ស្រក់ទឹកមាត់។ កូនស្រីម្ចាស់ផ្ទះម្នាក់បាននាំភ្ញៀវទៅតុអង្គុយ ហើយសួរថាអញ្ជើញពិសាអី? នៅទីនេះមានជ្រូកព្រៃ ស្វា ប្រើស ឈ្លូសជាដើម តែ «ស្វាគេនិយមហូបជាងគេនៅហ្នឹង។ ហូបជាមួយនឹងទឹកជ្រលក់អម្ពិលទុំ។ ម្ហូបគ្រប់មុខមួយចានតម្លៃចាប់ពី ១ ម៉ឺនឡើងទៅ»។
នៅជិតតុអង្គុយចម្ងាយប្រមាណជា៥ ម៉ែត្រ មានសាច់សត្វព្រៃស្ងួតឬក្រៀមជាច្រើន ដាក់នៅគ្របស្បៃក្បែរចង្ក្រានមានភ្លើងឆេះហុយៗ។ នោះគឺសាច់ស្វា ដែលត្រូវបានគេកាត់ចេញជាផ្នែកៗមានដៃ ជើង ភ្លៅនិងដងខ្លួន ដែលមានតម្លៃចាប់ពី ១ ម៉ឺនរៀលឡើងទៅ។
អ្នកលក់បានប្រាប់ថា គាត់ទិញសាច់ស្វាមកពីអ្នកភូមិដែលគេចាប់ពីព្រៃមក ហើយគេបកស្បែកចេញយកទៅឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកមកលក់ឲ្យគាត់ ដែលស្វាតូចតម្លៃ ៤ម៉ឺន និងធំ ៨ ម៉ឺនក្នុងមួយក្បាល។ ប៉ុន្តែបើស្វារស់វិញការទិញលក់តម្លៃចាប់ពី ១០០ ដុល្លារឡើងទៅក្នុងមួយក្បាល។
អ្នកលក់បាននិយាយថា៖ «ខ្លះមកហូបតែម្តង ហើយខ្លះទៀតកុម្ម៉ង់ទិញតាមទូរស័ព្ទ។ លក់ដូរសាច់សត្វព្រៃនៅទីនេះមិនដែលមានគេមករករឿង ឬយកលុយអីនោះទេ»។
ជនជាតិភាគតិចប្រើថ្នាំពិសបាញ់សម្លាប់សត្វព្រៃ
ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃគឺជាវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចតាំងពីដូនតាមក។ ដោយមិននិយាយពីការដាក់អន្ទាក់នោះ ជនជាតិភាគតិច មិនមានកាំភ្លើង និងគ្រាប់ពិត ដើម្បីបរបាញ់សត្វនោះទេ គឺពួកគេប្រើស្នាជាមួយនឹងគ្រាប់ព្រួញមានជ្រលក់ថ្នាំពិសដែលផ្សំពីដើមរុក្ខជាតិម្យ៉ាង លាយជាមួយនឹងក្បាលពស់វែកមានពិស។
លោកស្រៀន ជឿនអាយុ ៤៨ ឆ្នាំជាជនជាតិដើមភាគតិចព្នងរស់នៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបង្ហើបប្រាប់ថា រុក្ខជាតិប្រភេទនោះអ្នកភូមិតែងតែហៅតៗគ្នាថា ដើម «វល្លិជ័រឆក់» ដែលគេអាចរកបាននៅតាមព្រៃ។ គេយកដើមនេះទៅបុក មុននឹងយកទៅស្ងោរជាមួយនឹងក្បាលពស់វែកមានពិសដូចជា ពស់ពព្លាក់ និងពស់វែកផ្សេងទៀតជាដើម តាមដែលអាចរកបាន។
លោកបានបន្តថា ការស្ងោរនោះ គឺចំណាយពេលយូរ រហូតដល់ទៅមួយថ្ងៃក៏មាន គឺរម្ងាស់រហូតដល់វាឡើងខាប់ ហើយទុកឲ្យត្រជាក់ ដើម្បីយកទៅទុកក្នុងបំពង់ឫស្សី ហើយយកព្រួញទៅជ្រលក់ ឬលាបថ្នាំនោះ មុននឹងបាញ់សត្វព្រៃ។
លោកជឿនបានអួតថា៖ «បើបាញ់ព្រួញទទេធម្មតាមិនងាប់ទេ។ បើស្វាវិញ បាញ់វាត្រូវ វាកាច់ព្រួញបាក់ហើយ តែជាប់ជ័រដកមិនចេញរត់មិនរួចទេ។ មានពិសទាំងមនុស្សសត្វងាប់ដូចគ្នា។ ឲ្យតែត្រូវមិនរួចខ្លួនទេ»។ តាមទម្លាប់ បន្ទាប់ពីបាញ់ត្រូវហើយ អ្នកប្រមាញ់ត្រូវដើរតាមក្រោយសត្វនោះប្រមាណជា ១០០ ឬ ២០០ ម៉ែត្រ នោះវានឹងងាប់ទៅមុខលែងរួចហើយ។ ប៉ុន្តែ បើគ្រាប់ព្រួញធម្មតាវិញ បើបាញ់ត្រូវហើយ ជួនកាលសត្វព្រៃដេញប្រ-ហារអ្នកបាញ់វិញក៏មានដែរ។
ស្នាអាចបាញ់សត្វបានចម្ងាយប្រ-មាណជាង២០ម៉ែត្រប៉ុណ្ណោះ ហើយការប្រមាញ់នាពេលបច្ចុប្បន្ននេះអាចបានតែជ្រូកព្រៃ ឈ្លូស ប្រើស ទន្សាយ និងស្វាជាដើម ហើយជួនកាលមួយថ្ងៃរកសត្វមួយក្បាលមិនបានផង ដោយសារតែចំនួនសត្វព្រៃកាន់តែថយចុះ ខណៈដែលតម្រូវការចេះតែកើនឡើង និងព្រៃឈើជាជម្រកកាន់តែហិនហោចទៅៗ។
នៅពេលដែលសួរថា តើលោកបារម្ភខ្លាចបាត់បង់សត្វព្រៃឬទេ? លោកជឿនមិនស្ទាក់ស្ទើរនឹងឆ្លើយទេដោយបញ្ជាក់ថា៖ «ដឹងថាគេហាមដែរ។ បារម្ភខ្លាចអស់សត្វដែរ តែឲ្យតែជួបគឺបាញ់ហើយ។ ធ្លាប់អ៊ីចឹងហើយ។ សត្វមិនមានច្រើនដូចមុនទេឥឡូវនេះ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើហើយត្រូវបានបែងចែកជាបីក្រុមធំៗគឺ ក្រុមប្រភេទជិតផុតពូជ ក្រុមប្រភេទមានដោយកម្រ និងក្រុមប្រភេទមានដោយបង្គួរ។ ចំពោះសត្វព្រៃដូចជាជ្រូកព្រៃ ឈ្លូស ស្វា ប្រើស និងពស់ថ្លាន់ជាដើម គឺស្ថិតនៅក្នុងប្រភេទសត្វ«មានដោយបង្គួរ»។ ហេតុនេះការជួញដូរប្រភេទសត្វមានដោយបង្គួរនេះ មិនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារនោះទេ គឺជនដែលប្រព្រឹត្តគ្រាន់តែត្រូវទទួលការពិន័យអន្តរ-កាលតែប៉ុណ្ណោះ។
សាច់សត្វព្រៃត្រូវបានគេលក់ដោយបើកចំហ
នៅក្នុងផ្សារស្ទឹងត្រែងការលក់សាច់សត្វព្រៃមានទាំងពេលព្រឹកនិងពេលល្ងាច។ គ្រាន់តែអ្នកលក់ខ្លះហ៊ានអង្គុយលក់និងហៅឲ្យជួយទិញដោយគ្មានការខ្លាចរអា។ រីឯ អ្នកខ្លះទៀតនៅអង្គុយឆ្ងាយពីសាច់សត្វព្រៃដល់ពេលមានអ្នកមកសួររកទើបចេញមកលក់ឲ្យ។ ស្រ្តីវ័យចំណាស់អាយុប្រមាណជា ៦០ ឆ្នាំម្នាក់អង្គុយលក់សាច់ពស់ថ្លាន់នៅខាងក្រៅ ប៉ែកខាងកើតនៃផ្សារស្ទឹងត្រែង។ ពស់ថ្លាន់ត្រូវបានគាត់បកស្បែកចេញហើយកាត់ជាកង់ៗ។
ស្រ្តីរូបនោះ និយាយភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ ដែលទំនងជាជនជាតិវៀតណាម។ គាត់បានប្រាប់ថា ពស់នោះ ចាប់ពីព្រៃមក ហើយលក់មួយគីឡូ ក្រាមតម្លៃ ១៤ ០០០ រៀល។ ចំណែកឯនៅក្នុងផ្សារវិញ សាច់ជ្រូកព្រៃត្រូវបានគេដាក់លក់ក្នុងមួយគីឡូក្រាមតម្លៃ២ម៉ឺនរៀល។
ចំណែកឯនៅតាមភោជនីយដ្ឋានក្នុងក្រុងនេះវិញ ក៏មានលក់ដែរ គ្រាន់តែមិនហ៊ានដាក់បង្ហាញនៅលើបញ្ជីមុខម្ហូបដូចភោជនីយដ្ឋានមួយនៅក្រុងក្រចេះនោះទេ។ ភោជនីយដ្ឋានក្នុងក្រុងក្រចេះនោះ មានភ្ញៀវចេញចូលមិនដាច់ ដែលរួមមានទាំងមន្រ្តីនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើខេត្តដែលធ្វើការអភិរក្សសត្វព្រៃជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ បើពេលអាហារថ្ងៃត្រង់វិញ រកតែកន្លែងអង្គុយហូបស្ទើរមិនបានផង។
ស្រ្តីជាអ្នករត់តុម្នាក់ បានប្រាប់ថា ភោជនីយដ្ឋាននេះមានលក់សាច់ព្រៃជាង១០ឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ មិនហ៊ានទុកសាច់សត្វព្រៃច្រើននោះទេ គឺមានតែពីរបីគីឡូក្រាមតែប៉ុណ្ណោះ ដោយសារខ្លាចគេចុះចាប់។
ដោយឡែកនៅក្នុងផ្សារបានលុងក៏មានដាក់លក់សត្វព្រៃផងដែរ ដូចជាប្រើស ឈ្លូស និងជ្រូកព្រៃ ជាដើម។ យុវជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករស់នៅក្នុងក្រុងបានលុងឈ្មោះភារីមអាយុ២៦ឆ្នាំបាននិយាយថា៖«គេលក់រាល់ថ្ងៃ នៅផ្សារបានលុង។ អ្នកលក់សាច់សត្វព្រៃមានប្រហែល ៤ តូបមានសាច់ស្រស់ និងសាច់ងៀតមានប្រើស និងសាច់ជ្រូកព្រៃ។ តូបខ្លះមានលក់សាច់សត្វព្រៃទាំងអស់ក៏មាន»។ ព័ត៌មានពីអ្នកភូមិឃើញមានមន្ត្រីមានសមត្ថកិច្ចហ្នឹងក៏ទៅបរបាញ់ដែរ»។
លោកកែវ អ៊ុំម៉ាលីសប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទសុំមិនធ្វើអត្ថាធិប្បាយទេទាក់ទងទៅនឹងបញ្ហានេះ ដោយថ្លែងថា លោកជាប់បំពេញបេសកកម្មនៅក្រុងកែប។
មន្រ្តីរដ្ឋបាលព្រៃឈើនៅក្នុងក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័តដែលគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការសម្ព័ន្ធភាពសត្វ (Wildlife Alliance) បានទទួលស្គាល់ថា ការជួញដូរសត្វព្រៃ នៅតាមទីផ្សារ និងភោជនីយដ្ឋាននានា នៅតាមបណ្តាខេត្តមួយចំនួន នៅតែកើតមានឡើង បើទោះបីជាក្រុមចល័តរបស់លោកខិតខំបង្រ្កាបរាល់ថ្ងៃយ៉ាងណាក៏ដោយ ហើយភោជនីយដ្ឋានក្នុងក្រុងក្រចេះនោះក៏ធ្លាប់ត្រូវបានបង្រ្កាបដែរ។ ប៉ុន្តែម្ចាស់ភោជនីយដ្ឋាននោះ មិនរាងចាលនោះទេ ដោយសារតែសត្វដែលគេលក់នោះ គឺស្ថិតក្នុងក្រុម «មានដោយបង្គួរ» ហេតុដូចនេះ ពួកគេបានត្រឹមតែត្រូវពិន័យអន្តរកាលជាប្រាក់តាមច្បាប់កំណត់ប៉ុណ្ណោះ។
មន្រ្តីរូបនេះបានត្អូញត្អែរថា៖«ចោទទៅតុលាការមិនកើត ដោយសារច្បាប់ចងយើងអ៊ីចឹង។ នេះជាផលវិបាករបស់ខ្ញុំ។ អ៊ីចឹងគេនៅលក់ដដែល ព្រោះទោសទណ្ឌវាមិនធ្ងន់ គ្រាន់តែពិន័យយកតម្លៃសាច់តាមទីផ្សារគុណនឹង៣ដងនោះ»។
លោកបានបន្ថែមថា កន្លងមកមានតែមន្រ្តីរដ្ឋបាលព្រៃឈើចំនួន ១៣ រូបប៉ុណ្ណោះ បាននិងកំពុងសហការជាមួយនឹងអង្គការសម្ព័ន្ធភាពសត្វព្រៃ ហើយធ្វើសកម្មភាពបង្រ្កាបនិងសង្គ្រោះសត្វព្រៃនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រៅពីនោះ នៅតាមមូលដ្ឋានគ្រប់ខេត្តក្រុង គឺមានមន្រ្តីព្រៃឈើសម្រាប់អនុវត្តច្បាប់លើបញ្ហានេះ៕

អ្នកបរិភោគសាច់សត្វព្រៃច្រើនតែពួកអ្នកធំ និងពួកអ្នកមាន អ្នកក្រមិនមានលទ្្ធភាពទិញហូបទេ។ ជាក់ស្តែង ចៅហ្វាយខេត្តម្នាក់បានរៀបចំពិធីជប់លៀងនៅផ្ទះគាត់ៗត្រូវបានកូនចៅរបស់គាតជូនជាអំណោយសុទ្ធតែសត្វព្រៃ។