ដោយ រដ្ឋា វិសាល
2015-01-03
RFA

ប្រជាពលរដ្ឋព្នងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លើកគ្នាមកតវ៉ាប្រឆាំងក្រុមហ៊ុន ប៊ិញ ភឿក១ ដែលនាំគ្រឿងចក្រឈូសឆាយដីសហគមន៍កាលពីថ្ងទី១៧ ខែធ្នូ ២០១៤។ Adhoc Photo
ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រៀបពិធីដាក់បណ្ដាសាប្រឆាំងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ១។ ពួកគេងាកមករកពិធីបែបប្រពៃណីនេះ បន្ទាប់ពីអ្នកភូមិតវ៉ាច្រើនលើកសុំឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយទៅលើដីចម្ការវិលជុំ និងព្រៃអ្នកភូមិអាស្រ័យផលមិនបានសម្រេច។
ជ្រូកមួយក្បាលទម្ងន់ ៥០គីឡូក្រាម ត្រូវបានអ្នកភូមិអារកសម្រក់ឈាម សែនព្រេនអារក្សអ្នកតាព្រៃភ្នំ ឲ្យបញ្ចេញបារមីស័ក្ដិសិទ្ធិបំផ្លាញជនទាំងឡាយដែលបានឈូសឆាយរំលោភដីធ្លី ព្រៃឈើប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ប៊ិញ ភឿក ១ ដែលបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីសហគមន៍រៀងរាល់ថ្ងៃ៖ «សូមឲ្យម្ចាស់ទឹកម្ចាស់ដីជួយថែរក្សាកូនចៅ ហើយក្រុមហ៊ុនឈូសឆាយយកដីប្រជាពលរដ្ឋ សូមឲ្យម្ចាស់ទឹកម្ចាស់ដីធ្វើឲ្យវារលាយ»។
ពិធីដាក់បណ្ដាសានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា នៅកន្លែងដែលអ្នកភូមិជាង ៧០នាក់ កាលពីថ្ងៃទី១ ខែមករា បាននាំគ្នារឹបអូសគ្រឿងចក្រក្រុមហ៊ុន ដើម្បីបញ្ឈប់ការឈូសឆាយលើដីប្រជាពលរដ្ឋតទៅទៀត។
តំណាងអ្នកភូមិ លោក យ៉ាន ម៉ៅ រៀបរាប់ថា នេះជាជំនឿរបស់ជនជាតិដើមភាគតិចដែលរំពឹងទៅលើបារមីអារក្សអ្នកតាព្រៃភ្នំ ថាមានមហិទ្ធិឫទ្ធិជួយបំផ្លាញ ឬធ្វើឲ្យមានហេតុអាក្រក់កើតមានចំពោះអ្នកបានប្រព្រឹត្តអំពើអាក្រក់មកលើពលរដ្ឋក្នុងភូមិ។ ដោយឡែកទៀត នេះក៏ជាជម្រើសចុងក្រោយរបស់ពលរដ្ឋជនជាតិដើមភាគតិចរងគ្រោះបញ្ហាដីធ្លី ដែលមិនអាចទទួលបានដំណោះស្រាយយុត្តិធម៌ ក្នុងការតវ៉ាសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ៖ «ពួកខ្ញុំកំពុងរៀបចំដាក់បណ្ដាសា។ ប្រជាពលរដ្ឋចាស់ទុំទាំងអស់មួយភូមិ មកធ្វើពិធីសែនព្រេន មានជ្រូក ស្រាពាង មានអ្វីច្រើន»។
ប្រជាពលរដ្ឋជនជាតិដើមព្នង ភូមិចក់ចារ ជាង ២០០គ្រួសារ ប្រឈមទៅនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ប៊ិញ ភឿក ១ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយដីនៅតំបន់អ្នកភូមិធ្លាប់រស់នៅ ដោយសំអាងថា ដីនោះរដ្ឋបានផ្តល់ជាង ៥ពាន់ហិកតារ ជាដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនតាំងពីឆ្នាំ២០១០។
កាលពីខែធ្នូ មន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីអាជ្ញាធរស្រុកកែវសីមា បានព្យាយាមចុះដោះស្រាយទំនាស់នេះបួនលើក ក្នុងនោះអាជ្ញាធរសម្រេចកាត់ចេញដី ៣៧៥ហិកតារ ក្នុងបរិមាណដី ៥០០ហិកតារក្នុងដីសម្បទានប្រគល់ឲ្យអ្នកភូមិ ក៏ប៉ុន្តែអ្នកភូមិមួយចំនួនមិនទទួលយកដំណោះស្រាយនោះទេ ពីព្រោះអ្នកភូមិចាត់ទុកដំណោះស្រាយប្រគល់ដី ៣៧៥ហិកតារឲ្យអ្នកភូមិ គឺជាដីថ្មគ្មានជីវជាតិ។ ករណីនេះ អ្នកភូមិបាននាំគ្នាទៅសង់រោងលើដីចម្ការវិលជុំពួកគាត់ ដែលក្រុមហ៊ុនបានឈូសឆាយ ដើម្បីទាមទារយកដីនោះវិញ។
យ៉ាងនេះក៏ដោយ កងកម្លាំងចម្រុះអាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីស្ថាប័នអយ្យការតុលាការខេត្ត កាលពីចុងខែធ្នូ បានចុះរុះរើបង្គោលរបងព្រំដីជាង ១០០បង្គោល និងរុះរើដុតរោងប្រក់សំពត់កៅស៊ូរបស់អ្នកភូមិជាង ១០០រោង បន្ទាប់ពីអ្នកភូមិលើកគ្នាទៅបោះទីតាំងកំណត់ព្រំដីសហគមន៍ជាឯកតោភាគី ដោយសារតែអ្នកភូមិមិនទទួលយកចំណាត់ការរបស់អាជ្ញាធរស្រុក ដែលលម្អៀងក្នុងការដោះស្រាយការតវ៉ារបស់អ្នកភូមិជាមួយក្រុមហ៊ុន។
អ្នកតវ៉ាមួយរូបទៀតឈ្មោះ ប្រាក់ សុខា សម្ដែងទុទ្ទិដ្ឋិនិយមចំពោះចំណាត់ការរបស់អាជ្ញាធរ។ ហេតុនេះ អ្នកស្រីបួងសួងសុំឲ្យអារក្សព្រៃភ្នំ ផ្ដន្ទាទោសអ្នករំលោភបំពានប្រជាជន ហើយថែរក្សាទឹកដីប្រជាជនឲ្យបាននៅគង់វង្ស៖ «ពួកខ្ញុំនិយាយសែនអារក្សអ្នកតា កុំឲ្យធ្វើបាបអ្នកស្រុកអ្នកភូមិ អ៊ីចឹងណា! ឥឡូវពួកខ្ញុំសែនប្រាប់អារក្សអ្នកតាវិញ បើក្រុមហ៊ុនណាឈូសឆាយធ្វើបាបប្រជាជនឲ្យវារលាយទៅ។ ពួកខ្ញុំតវ៉ាឲ្យបានដីពួកខ្ញុំតែប៉ុណ្ណឹង»។
អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ កន្លងទៅចាត់ទុកការទាមទាររបស់អ្នកភូមិ ថាជាអំពើខុសច្បាប់ និងជាពិសេស គឺជាការទាមទាររបស់អ្នកភូមិមួយចំនួនតូច រួមជាមួយពលរដ្ឋពីតំបន់ផ្សេង មានគោលបំណងចាប់យកដីក្រុមហ៊ុនបានឈូសឆាយរួចហើយ។ កាលពីថ្ងៃទី១ ខែមករា លោកអភិបាលស្រុករូបនេះ បានចាត់ទុកការប្រើអំពើហិង្សារឹបអូសគ្រឿងចក្រក្រុមហ៊ុនពីសំណាក់ពលរដ្ឋអ្នកតវ៉ា ថាជាអំពើរំលោភទៅលើទ្រព្យសម្បត្តិក្រុមហ៊ុន។ លោកថ្លែងថា អាជ្ញាធរអស់លទ្ធភាពជួយដោះស្រាយបញ្ហាជូនពលរដ្ឋទាំងនោះហើយ។ ហេតុនេះ រឿងរ៉ាវដែលប្រជាពលរដ្ឋបង្កើតឡើងនេះ អាស្រ័យលើភាគីក្រុមហ៊ុនធ្វើការសម្រេចបែបណាជាមួយទង្វើបំពានច្បាប់របស់ពលរដ្ឋ៖ «ដីដែលមានទំនាស់ គឺ ៥០០ហិកតារ បានដោះស្រាយទៅឲ្យក្រុមហ៊ុន ១២៥ហិកតារ និងប្រគល់ឲ្យប្រជាពលរដ្ឋ ៣៧៥ហិកតារ។ យើងពិនិត្យទៅប្រហែល ៦គ្រួសារទេ ប៉ុន្តែមានប្រជាជននៅខាងក្រៅមកចូលរួមដែរ ដើម្បីចង់បានចំណែកដែរ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ប្រធានរដ្ឋសភា លោក ហេង សំរិន បានធ្វើលិខិតអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ពិនិត្យករណីបណ្ដឹងតវ៉ារបស់ពលរដ្ឋជាង ២០០គ្រួសារ ដែលស្នើសុំឲ្យរដ្ឋសភាជួយរកយុត្តិធម៌ពីការរំលោភយកដីពីសំណាក់ក្រុមហ៊ុន ប៊ិញ ភឿក ១ និងរាយការណ៍ពីលទ្ធផលនៃដំណោះស្រាយមកសភាវិញ។ ក៏ប៉ុន្តែអ្នកភូមិអះអាងថា ក្រុមហ៊ុននៅតែបន្តការឈូសឆាយយកដី ធ្វើឲ្យអ្នកភូមិអស់ជម្រើសក្នុងការស្វែងរកដំណោះស្រាយផ្លូវច្បាប់។
មន្ត្រីជាន់ខ្ពស់កម្មវិធីដីធ្លីនៃសមាគមអាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា ការពឹងពាក់លើវត្ថុស័ក្ដិសិទ្ធិរបស់អ្នកភូមិ គឺជាជម្រើសចុងក្រោយ បន្ទាប់ពីអ្នកភូមិអស់ជំនឿលើវិធានការច្បាប់។ លោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនអ្នកភូមិ ចៀសវាងកើតមានអំពើហិង្សាធ្ងន់ធ្ងរជាងនេះ៖ «ប្រសិនគាត់បានធ្វើលើដីហ្នឹង គាត់អាចមានជីវភាពធូរធារ។ ប្រសិនមិនដោះស្រាយឲ្យគាត់ទេ ទាំងអស់ហ្នឹងប្រាកដទទួលដល់រដ្ឋាភិបាល ហើយវាអាចឈានដល់អំពើហិង្សា»។
មកទល់នឹងរសៀលថ្ងៃទី២ ខែមករា មិនឃើញមានសមត្ថកិច្ចណាចុះដោះស្រាយបញ្ហាប្រឈម ខណៈអ្នកតវ៉ាបានចាប់គ្រឿងចក្រក្រុមហ៊ុនជាចំណាប់ខ្មាំង បង្ខំឲ្យអាជ្ញាធរដោះស្រាយការតវ៉ារបស់អ្នកភូមិ ឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយ។ តំណាងអ្នកភូមិឲ្យដឹងថា បន្ទាប់ពីសែនព្រេនដាក់បណ្ដាសា ហើយអ្នកភូមិនឹងនាំគ្នាសង់រោងស្នាក់នៅកន្លែងតវ៉ាជាថ្មី។ ចំណែកគ្រឿងចក្រក្រុមហ៊ុនដែលអ្នកភូមិចាប់ទុកជាចំណាប់ខ្មាំង អ្នកភូមិចាត់គ្នាយាមការពាររហូតមានដំណោះស្រាយសមស្របជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋឃុំកោះស្ដេចខេត្តកោះកុងបន្តតវ៉ាសុំអន្តរាគមន៍បើកផ្លូវចូលភូមិដែលក្រុមហ៊ុនចិនបិទ
- អាជ្ញាធរខេត្តមណ្ឌលគិរីដណ្ដើមយកគ្រឿងចក្រដែលជនជាតិព្នងរឹបអូសពីក្រុមហ៊ុនវៀតណាម
- ធនាគារ ANZ បំភ្លឺរឿងផ្ដល់ប្រាក់កម្ចីឲ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ វិនិយោគស្ករអំពៅ
- សហគមន៍បុរីកីឡាជំរុញឲ្យសាលាក្រុងផ្ដល់សំណងលំនៅឋាន
- ពលរដ្ឋស្នើរដ្ឋាភិបាលដកហូតដីតំបន់ឆ្នេរនៅខេត្តព្រះសីហនុពីឈ្មួញនិងមន្ត្រីធំៗ
- ពលរដ្ឋនៅកំពង់ចាមចោទមេប៉ុស្តិ៍នគរបាលថារំលោភយកដីផ្លូវសាធារណៈ
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីប្រើហិង្សាចាប់ឃាត់គ្រឿងចក្រក្រុមហ៊ុន
- ពលរដ្ឋនៅក្រចេះរិះគន់អាជ្ញាធរថាបានត្រឹមតែសន្យាដោះស្រាយចំពោះបញ្ហាធំៗ
- ពលរដ្ឋនៅឃុំកោះស្ដេចខេត្តកោះកុងបន្តស្វែងរកអន្តរាគមន៍រឿងក្រុមហ៊ុនចិនបិទផ្លូវចូលភូមិ