តុលាការសម្រេចដោះលែង​សកម្មជន​បរិស្ថានជនជាតិដើមភាគតិចខេត្តកោះកុង

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិនា ឆ្នាំ២០១៦​ | ម៉ោង 1:37 PM
http://vodhotnews.com

បរិស្ថាន | សិទ្ធិមនុស្ស

លោក វ៉ែន វ៉ន (រូបថតពីហ្វេសប៊ុក)


សកម្មជន​បរិស្ថាន​ជាជនជាតិដើមភាគតិច លោក វ៉ែន វ៉ន ដែល​ត្រូវ​​ស្គាល់​ថា​ជា​អ្នកតំណាង​ជនជាតិភាគតិច​ជង​មកពី​ស្រុក​ថ្មបាំងនិង​តែងតែ​ចេញមុខ​ការ​ពារ​តំបន់អារ៉ែង ត្រូវ​បាន​តុលាការ​ខេត្តកោះកុងកាត់ព្យួរទោស​១ឆ្នាំ ហើយ​លោកនឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

លោក វ៉ែន​ វ៉ន ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ចាប់តាំងពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ពី​បទ​​ប្រមូល​ផល​អនុផលព្រៃ​ឈើ ដោយគ្មានលិខិត​អនុញ្ញាត​ នៅភូមិ​ឬស្ស៊ី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង តាម​បញ្ញត្តិ​មាត្រា​៩៨​នៃ​ច្បាប់ស្តីពី​ព្រៃឈើនិង​បទ​លុប​បំបាត់វត្ថុតាង ប្រព្រឹត្ត​តាម​បញ្ញ​ត្តិ​មាត្រា​៥៣៣នៃ​ក្រម​ព្រហ្មទណ្ឌ។

លោកស្រី អ៊ិត មថុរា មេធាវីការពាររបស់លោក វ៉ែន វ៉ន ប្រាប់វីអូឌីនៅថ្ងៃ​ព្រហស្បតិ៍នេះថា​ចៅក្រម​បាន​កាត់ ​​ព្យួរទោស​១ឆ្នាំ​​លើ​កូនក្តីរបស់លោកស្រី ក្រោមមាត្រា​៩៨​នៃ​ច្បាប់ព្រៃឈើ។ លោក​ស្រី​បន្ត​ថា​លោក វ៉ែន វ៉ន អាច​នឹង​ត្រូវដោះលែងនៅល្ងាចនេះ។

​លោកស្រីបញ្ជាក់ថានេះ​​ជា​កម្រិតទោស​ទាប​បំផុត​។ លោកស្រី​មាន​ប្រសាសន៍ថា៖ “ខ្ញុំគិត​ថា​បទល្មើសរបស់គាត់ហ្នឹង​ តុលាការកាត់មិនត្រឹមត្រូវទេ។ គាត់អ​ត់​បាន​ធ្វើអីខុសនោះទេ”។​

ភរិយារបស់លោក វ៉ែន វ៉ន គឺអ្នក​ស្រី ម៉ន សុម៉ុន អាយុ​៣៤ឆ្នាំ ប្រាប់វីអូឌី​(VOD)ថា​តុលាការ​ប្រាប់ថា​នឹង​ដោះលែង​ប្តីរបស់អ្នកស្រីនៅរសៀលម៉ោង​៣នេះ។ អ្នកស្រីបញ្ជាក់ថាតុលាការកាត់ក្តី​លើ​ប្តីរបស់អ្នកស្រីមិនត្រឹមត្រូវនោះ​ទេ។ អ្នកស្រីមានប្រសាសន៍ថា៖ “ប្តីខ្ញុំមិន​បានទៅកាប់ឈើដោយខ្លួន​ឯង​នោះទេ”។​

​ក្នុងពេល​សវនការ​ជំនុំជម្រះកាលពីកន្លងទៅ​ តំណាង​អយ្យការ​បាន​ស្នើ​​ដល់​ចៅក្រម​ឲ្យ​​ទម្លាក់​បទ​ចោទ​មួយ​​ករណី​វិញ​ដោយ​ថា​​ពុំ​​មាន​​ធាតុ​ផ្សំ​​គ្រប់គ្រាន់​ក្នុង​ការ​​ចោទប្រកាន់។ បទចោទមួយករណីនោះគឺទាក់ទងនឹង​ការ​លុប​បំបាត់​វត្ថុតាងតាម​មាត្រា៥៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក វ៉ែន វ៉ន ​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ដាក់​ពាក្យ​ប្តឹង​ទៅតុលាការ។​

របាយការណ៍​របស់អង្គការលីកាដូឲ្យ​ដឹង​ថា​វ៉ែន វ៉ន ជា​អ្នកដែលសកម្មជាងគេនៅក្នុង​យុទ្ធនាការ​របស់​សហគមន៍​តំបន់​អារ៉ែង ដើម្បី​បញ្ឈប់​ការ​កសាង​ទំនប់​វារីអគ្គីសនី​ដ៏ចម្រូង​ចម្រាស​របស់​ក្រុមហ៊ុន ភាពីម៉ិច (ជាក្រុមហ៊ុន​របស់​លោក ឡៅ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច)និងក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ ជាដៃគូ។ របាយការណ៍​បន្ត​ថា​លោក​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ថាបាន​ដឹកនាំ​ការសាង​សង់​កន្លែង​ប្រជុំតូច​មួយនៅ​ក្នុងឃុំ(ជាកន្លែង​ដែល​ត្រូវ​បាន​សាងសង់​ដោយ​សហគមន៍​តំបន់​អារ៉ែង ដើម្បី​ជួយ​ដល់​សកម្មភាព​របស់​អ្នក​ទាំង​នោះ)៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "តុលាការសម្រេចដោះលែង​សកម្មជន​បរិស្ថានជនជាតិដើមភាគតិចខេត្តកោះកុង"

  1. Anonymous says:

    >. តុលាការ ខ្មែរ ត្រូវធ្វើជា មនុស្ស កុំធ្វើជា សត្វ តទៅទៀត !

  2. Anonymous says:

    សូម អបអរ លោក វ៉ែន វ៉ន អោយមានសុខភាពល្អ ការពារ បរិស្ថានជាតិខ្មែរ តទៅទៀត !

  3. Anonymous says:

    ចិត្តស្មោះត្រង់ មិន គឹតប្រយោជន៍ផ្ទាល់ខ្លួន ដូចមនុស្សខ្លះ ក្បត់ឧត្តមគតិជាតិ

    បំផ្លាញជាតិ ខ្លួនអែង ដើម្បីប្រយោជន៍ខ្លួនអែង !