ប្រធាន​អង្គការ​សិទ្ធមនុស្ស​អាដហុក បានឈ្នះ​ពានរង្វាន់​សិទ្ធមនុស្ស​ និងនិតិរដ្ឋ ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បារាំង

ដោយ ប៉ុន សោភ័ណ
02/12/2016
RFI

media
លោក ធន សារាយ ប្រធានអង្គការសិទ្ធមនុស្សអាដហុក បានឈ្នះពានរង្វាន់សិទ្ធមនុស្ស និងនិតិរដ្ឋ «Prix Franco-Allemand des droits de l’Homme et de l’Etat de droit» ពីរាជរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង។


លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធ​មនុស្ស​អាដហុក បាន​ឈ្នះ​ពានរង្វាន់​សិទ្ធ​មនុស្ស និង​និតិរដ្ឋ «Prix Franco-Allemand des droits de l’Homme et de l’Etat de droit» ពី​រាជរដ្ឋាភិបាល​អាល្លឺម៉ង់ និង​បារាំង។ លោក​ជា​មនុស្ស​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​លើ​ពិភពលោក​ចំនួន ១៥នាក់​ផ្សេងទៀត ដែល​ទទួល​បាន​ពានរង្វាន់​នេះ។ ពិធី​ប្រគល់​ពានរង្វាន់​បានធ្វើ​ឡើង នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅ ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់។ គួរ​ជម្រាប​ជូន​ថា ពានរង្វាន់​សិទ្ធមនុស្ស និង​និតិរដ្ឋ បាន​ធ្វើការ​ផ្តល់ជូន​ដល់​សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​សរុប​ចំនួន ១៦រូប លើ​ពិភពលោក។

ពានរង្វាន់​សិទ្ធមនុស្ស និង​និតិរដ្ឋ​នេះ មិនមាន​ជា​ទឹកប្រាក់​នោះ​ទេ តែ​ជា​សក្ខីកម្ម​នៃ​ការគាំទ្រ​ដល់​ប្រជាជន​រងគ្រោះ ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក។ រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នេះ ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​តស៊ូ និង​បរិច្ចាគ​ពេលវេលា​ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភព​លោក។ ពានរង្វាន់​នេះ​ប្រគល់ជូន​ដោយ​លោក Frank-Walter Steinmeier រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ និង​លោក Jean-Marc Ayrault រដ្ឋមន្ត្រី​ការ​បរទេស និង​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​បារាំង។

អី្វ​ដែលជា​កា​រកត់​សម្គាល់ រង្វាន់​នេះ មិនមែន​សម្រាប់តែ​លោក ធន សារាយ ម្នាក់ឯង​នោះទេ តែ​វា​គឺជា​ការទទួលស្គាល់​ពី​ការងារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក ក៏ដូចជា​សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​សកម្មជន​ដែល​កំពុង​ជាប់ពន្ធនាគារ​ផង​ដែរ។
 
សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​នៅលើ​ពិភពលោក​ទាំង១៦រូប ដែល​បានទទួល​ពានរង្វាន់​នោះ មាន លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធមនុស្ស អាដហុក។ សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​ផ្សេងទៀត មកពី ប្រទេស​បង់​ក្លា​ដេ​ស ប្រទេស​បេឡា​រ៉ូ​ស ប្រទេស​ប្រេ​ស៊ី​ល ប្រទេស​កា​មឺ​រ៉ូ​ន ប្រទេស​កាណាដា ប្រទេស​ចិន ប្រទេស​កូស្តារីកា ប្រទេស​ឥណ្ឌា ប្រទេស​អៀរ​ឡង់ ប្រទេស​អ៊ីតាលី ប្រទេស​ហ្ស៊​កដា​នី ប្រទេស​ប៉ា​គី​ស្ថាន ប្រទេស​រុស្សី សាធារណៈរដ្ឋ​ឆាត និង​ប្រទេស​ស៊ី​រី ។
 
សូម​រម្លឹក​ជូន​ថា លោក ធន សារាយ ប្រធាន​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​ចាក​ចេញពី ប្រទេស​កម្ពុជា​អំឡុង​ខែឧសភា ដោយ​បារម្ភ​ពី​សុ​វត្តិភាព ក្រោយពី​មានការ​គំរាមកំហែង​ចាប់ខ្លួន​លោក ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រសិនបើ​លោក​នៅតែ​បន្ត​ប្រឆាំង​នឹង​ករណី​បទចោទប្រកាន់​ព្រហ្មទណ្ឌ​លើ​មន្ត្រី​សិទ្ធិមនុស្ស ៤ រូប​របស់លោក ជុំវិញ​ករណី​សូកប៉ាន់​សាក្សី​លើ​សំណុំរឿង នាង​ឃុំ​ចាន់ ដា​រ៉ា​ទី ហៅ​ស្រីមុំ។
 
គួរ​ជម្រាប​ជូន​ថា អាដហុក គឺជា​អង្គការក្រៅរដ្ឋាភិបាល បង្កើតឡើង​គឺ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ។ នា​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ សមាគម​អា​ហុក ដែល​ដឹកនាំ​ដោយ លោក ធន សារាយ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការជួយ​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវច្បាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ។ សមាគម​អាដហុក ដែលមាន​ឈ្មោះ​ពេញ​ថា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកទោសនយោបាយ​មួយ​តាមរយៈ​ការស្នើសុំ​អតីត​ព្រះ​មហា​ក្សត្រ​ក្នុង​ឆ្នាំ១៩៩។ លុះ១៩មិនា ឆ្នាំ១៩៩២ អាដហុក​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​រហូត​មក​ដល់​ប​ច្ចុ​ប្បន្ន៕

What Next?

Recent Articles