ដោយ សេក បណ្ឌិត
2022.10.05
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីសវនាការលើកទី៥៩ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សវនាការជំនុំជម្រះប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកទី៥៩ ក្នុងសប្ដាហ៍នេះ តុលាការចាប់ផ្ដើមសួរដេញដោលសាក្សីពាក់ព័ន្ធអង្គហេតុបដិវត្តន៍ពណ៌។ សាក្សីទី១ដែលត្រូវឆ្លើយបំភ្លឺនៅតុលាការ គឺអ្នកនយោបាយជើងចាស់ លោក គង់ គាំ។ ទោះយ៉ាងណា អ្នកឃ្លាំមើល រិះគន់ថា តុលាការបានខ្ជះខ្ជាយពេលវេលា ដោយសាក្សីមានទាំងអស់៦នាក់តែតុលាការទើបសាកសួរសាក្សីបានម្នាក់ប៉ុណ្ណោះក្នុងសវនាការថ្ងៃនេះ។
តុលាការតម្រូវឱ្យសាក្សីស្បថ ជាមុនសិន មុននឹងផ្ដល់សក្ខីកម្មឱ្យតុលាការ ដើម្បីធានាចម្លើយរបស់សាក្សីជាពាក្យពិត និងជាអ្វីដែលពួកគេបានដឹង។ សាក្សីចាប់ផ្ដើមផ្ដល់សក្ខីកម្មដំបូងគឺ ឧត្ដមទីប្រឹក្សា គណបក្សភ្លើងទៀន លោក គង់ គាំ លោកបំភ្លឺទាក់ទងអង្គហេតុបដិវត្តន៍ពណ៌ដែលជាការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់មេធាវី ចាន់ ចេន ឱ្យដឹងក្រោយចប់សវនាការថា ការផ្ដល់ចម្លើយរបស់លោក គង់ គាំ ក្នុងតុលាការគឺផ្ដល់ប្រយោជន៍ដល់សំណុំរឿងនេះ។ លោកមេធាវីឱ្យដឹងទៀតថា តុលាការបានយកមេរៀនបដិវត្តន៍ពណ៌ដែលគេរៀននៅប្រទេសផ្សេងមកចោទសួរកូនក្ដីរបស់លោកដែរ ប៉ុន្តែលោកថា លោក កឹម សុខា នៅតែរក្សាចម្លើយដដែលគឺលោកមិនបានដឹងទេ។លោកបន្តទៀតថា លោក កឹម សុខា អះអាងប្រាប់តុលាការទៀតថា ធ្វើការផ្លាស់ប្ដូរ ដែលលោក កឹម សុខា ធ្វើគឺតាមរយៈការបោះឆ្នោត៖ «នេះជាការប្រព្រឹត្តិទៅធម្មតាទេណា ប៉ុន្តែសាក្សីឯកឧត្តម គង់ គាំដែលបានចូលឆ្លើយគឺមានប្រយោជន៍សម្រាប់រឿងក្ដីកូនក្ដីរបស់យើងខ្ញុំពីព្រោះកូនក្ដីយើងខ្ញុំអត់បានប្រព្រឹត្តដូចការចោទប្រកាន់ទេ»។
សាក្សីដែលចូលបំភ្លឺនៅតុលាការថ្ងៃទី០៥ ខែតុលាមានចំនួន០៦នាក់ ប៉ុន្តែតុលាការទើបសាកសួរសាក្សីតែម្នាក់ទេគឺអ្នកនយោបាយជើងចាស់លោក គង់ គាំ។ ក្រៅពីនេះសាក្សីប្រាំរូបទៀតរួមមាន៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព សកម្មជនដីធ្លីតំបន់បុរីកីឡា លោកស្រី សរ ស៊ន ចៅសង្កាត់រងទី២គណបក្សភ្លើងទៀន លោក ខឿន វីរ៉ាត់ និងសាក្សីម្នាក់ទៀតលោក សេង សុវណ្ណា។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលតាមដានដំណើរការសវនាការនេះ សង្កេតឃើញថា តុលាការហាក់មានចេតនាខ្ជះខ្ជាយពេលវេលា ព្រោះតុលាការមិនបានកំណត់ពេលវេលាជាក់លាក់ឱ្យសាក្សីឆ្លើយសំនួរនោះទេ។ លោកបន្តទៀតថា ចម្លើយរបស់សាក្សីហាក់មិនសូវច្បាស់ ដោយក្នុងអង្គហេតុតែមួយ ប៉ុន្តែសាក្សីផ្ដល់ចម្លើយផ្សេងគ្នា។ លោកយល់ថា សាក្សី គួរតែជាមនុស្សដែលដឹងរឿងរ៉ាវច្បាស់នៃសំណុំរឿងនេះ៖ «យើងមើលក្នុងសវនាការតាមការកត់សម្គាល់ធ្វើឱ្យមានការខ្ជះខ្ជាយពេលវេលានៅពេលយើងកោះអញ្ជើញសាក្សីឱ្យចូលបំភ្លឺបែរជាសាក្សីមិនបាននិយាយគ្រប់គ្នាធ្វើឱ្យមានការពន្យារពេលដែលជាសវនាការមួយដែលហាក់ពន្យារពេលដោយសារគាត់(តុលាការ)អត់បានសួរមិនយកចិត្តទុកដាក់ទៅលើសាក្សីនៅពេលគាត់អញ្ជើញគេ(សាក្សី)តើគាត់គាត់(តុលាការ)បានរៀបចំពេលវេលាសម្រាប់៦នាក់ហ្នឹងអត់ណា»។
ការសួរដេញដោលនេះដែរ តុលាការនៅតែរក្សាទម្លាប់ចាស់ សួរសំនួរដដែលៗលើលោក កឹម សុខា ហើយពេលខ្លះធ្វើឱ្យលោក កឹម សុខា សួរឌឺទៅតុលាការវិញ រហូតលោក កឹម សុខា ត្រូវបានតុលាការព្រមានថា បើលោក កឹម សុខា ហ៊ានសួរឌឺតុលាការទៀត តុលាការនឹងបញ្ជូនលោក កឹម សុខា ទៅឃុំនៅពន្ធនាគារវិញ។
មន្ត្រីសិទ្ធិមនុស្សលោកយី សុខសាន្ត យល់ថា ការព្រមានរបស់តុលាការជាការគំរាមកំហែងលោកកឹម សុខា៖ «ចៅក្រមគាត់ថា ប្រសិនបើសួរបកមកចៅក្រមវិញក៏ដូចជាឆ្លើយរបៀបឌឺដងមានន័យថា ជនជាប់ចោទ(លោក កឹម សុខា) មិនសហការជាមួយតុលាការ ដូច្នេះហើយអាចនឹងយកទៅឃុំខ្លួនបណ្ដោះអាសន្នវិញនេះ តាមការកត់សម្គាល់ហាក់ដូចជាការគំរាមកំហែងទៅជនជាប់ចោទបាទ»។អ្នកឃ្លាំមើលសវនាការម្នាក់ទៀតប្រធានបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ រិះគន់ថា ទោះតុលាការបានសួរដេញដោលលោក កឹម សុខា ជាច្រើនសប្ដាហ៍មកហើយក្ដី ប៉ុន្តែ ដល់ដំណាក់កាលការនៃកោះហៅសាក្សីមកបំភ្លឺតុលាការ នៅតែបានចំណាយពេលច្រើនសួរលោក កឹម សុខា ដដែល។ លោកបារម្ភថា បើតុលាការមិនពន្លឿននីតិវិធីជំនុំជម្រះទេ នឹងធ្វើឱ្យ លោក កឹម សុខា ខកខានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ៖ «ខ្ញុំមើលឃើញថា នេះជាការចំណាយដ៏យូរមែនទែននៅក្នុងការវិនិច្ឆ័យកាត់ក្ដីទៅលើសំណុំរឿងមួយនេះ ហើយយើងឃើញថា នៅឆ្នាំ២០២៣ ខាងមុខនេះ ជាពេលវេលាដែលប្រទេសកម្ពុជារបស់យើងនឹងរៀបចំការបោះឆ្នោតហើយក្នុងឯកឧត្តម កឹម សុខា ក៏ជាអ្នកនយោបាយមួយរូបដែលអាចមានសិទ្ធិក្នុងការឈរឈ្មោះ»។
ដូចសវនាការលើកមុនៗដែរ សំណុំរឿងក្បត់ជាតិលោក កឹម សុខា នៅតែស្ថិតក្រោមការតាមឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ និងតំណាងអង្គទូតនានានៃប្រទេសប្រជាធិបតេយ្យប្រចាំនៅកម្ពុជា។ នៅក្រៅរបងតុលាការឯណោះវិញក៏មានអ្នកគាំទ្រលោក កឹម សុខា ប្រមាណ៣០នាក់ឈរចាំមើល ក្រោមការរឹតបន្តឹងសន្តិសុខរបស់ក្រុមសមត្ថកិច្ចនៅជុំវិញបរិវេណតុលាការ។
សវនាការលើកទី៥៩នេះ បញ្ចប់ទាំងមេធាវីការពារក្ដីលោក កឹម សុខា មិនទាន់សួរសំណួរពេញលេញទៅសាក្សី ដោយព្រះរាជអាជ្ញាសម្រេចបិទសវនាការនៅម៉ាង១២ និង៣០នាទីថ្ងៃត្រង់។ តុលាការនឹងបន្តសាកសួរសាក្សីផ្សេងៗទៀត ក្នុងសវនាការលើកទី៦០ នៅថ្ងៃទី១២ ខែតុលាខាងមុខ ដែលជាការបើកសវនាការពេញមួយថ្ងៃទាំងពេលព្រឹក និងពេលល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
the KANGKAROU court I’m worry it can be the water rising up the fish eat those ant but wait till the water going down you may see the ant will do . soon HUN SEN will go hell he just an evil every one knew they are waiting to see how do he end . CHHEAM SREK SBEKHOV