កម្ពុជា-នយោបាយ
09/10/2022 – 09:02
ដោយ៖ ជួប នរក្សា
RFI

គណបក្សភ្លើងទៀនក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ AP – Heng Sinith
គណបក្សភ្លើងទៀន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានរៀបចំប្រជុំផែនការយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ខាងមុខ ដោយមានមហិច្ឆតា ដណ្តើមយកខ្សែក្រវ៉ាត់ពីគណបក្សអំណាច។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ចាត់ទុកថានេះជាការស្រមៃដែលមិនអាចទៅរួច ដ្បិតការបោះឆ្នោតស្ថិតលើឆន្ទៈប្រជាពលរដ្ឋ។
តាមរយៈកិច្ចប្រជុំដែលមានសមាជិកប្រមាណ១២០នាក់មកពីរាជធានី-ខេត្តចូលរួម បក្សភ្លើងទៀនបានពិភាក្សាអំពីបញ្ហាប្រឈមនៃការដាក់បញ្ជីចុះឈ្មោះបោះឆ្នោត ដ្បិតថ្ងៃទី២០តុលាខាងមុខ គឺ គ.ជ.ប នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ នេះបើតាមការគូសបញ្ជាក់របស់ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ តាមលោក ថាច់ សេដ្ឋា កិច្ចប្រជុំកាលពីថ្ងៃទី៨តុលា គឺជាការណែនាំដើម្បីឲ្យសមាជិកបក្សនៅរាជធានី-ខេត្ត មានការយល់ដឹងពីបញ្ហានេះ។
យ៉ាងណាមិញ នេះគឺជាកិច្ចប្រជុំផែនការយុទ្ធសាស្រ្តរបស់គណបក្សភ្លើងទៀន ជាលើកទី២ ខណៈដែលកិច្ចប្រជុំបែបនេះ ធ្លាប់ធ្វើម្តងនៅខេត្តសៀមរាប កាលពីដើមខែកញ្ញាកន្លងទៅ។ ជាការកត់សម្គាល់ គឺផែនការរបស់គណបក្សប្រឆាំងមួយនេះ មានមហិច្ឆតាឈានទៅការដណ្តើមអំណាច តាមរយៈការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ។
លោក ថាច់ សេដ្ឋា បានអះអាងថា បក្សភ្លើងទៀនមានក្តីសង្ឃឹមច្រើនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ប្រសិនបើការរៀបចំការបោះឆ្នោតមានភាពល្អប្រសើរ មិនមានបញ្ហាគួរឲ្យកត់សម្គាល់។
បើតាមលោក ថាច់ សេដ្ឋា គឺគណបក្សភ្លើងទៀនមានយុទ្ធសាស្រ្តក្នុងការទាញសំឡេងពីប្រជាពលរដ្ឋ តាមរយៈការមើលឃើញពីបញ្ហាមួយចំនួនដែលម្ចាស់ឆ្នោតកំពុងប្រឈម។ ក្នុងនោះរួមមានបញ្ហាអយុត្តិធម៌សង្គម បញ្ហាដីធ្លី ធនធានធម្មជាតិ សិទ្ធិសេរីភាពពលរដ្ឋ និងអំពើពុករលួយជាដើម។ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា បញ្ហាប្រឈមទាំងនេះ សុទ្ធតែជាផែនការនៃការពង្រាងយុទ្ធសាស្រ្តគោលនយោបាយរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា មហិច្ឆតារបស់គណបក្សប្រឆាំងក្នុងការដណ្តើមខ្សែក្រវ៉ាត់ គ្រាន់តែជារឿងធម្មតា ដែលហាចេញពីមាត់របស់អ្នកនយោបាយ ដែលមិនអាចសម្រេចទៅរួច។ លោកថា អ្វីដែលអាចកើតឡើងនៅឆ្នាំ២០២៣ ត្រូវសម្រេចទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ខណៈលោកអះអាងថាប្រជាពលរដ្ឋបានទុកចិត្តការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារួចទៅហើយ។
នៅចំពោះមុខនៃការដណ្តើមខ្សែក្រវ៉ាត់អំណាចពីគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា គ្រាន់ជាក្តីស្រមៃ។ ត្រឹមក្តីសុបន្តិ ដ្បិតការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅនេះ បានបង្ហាញលទ្ធផលថា គណបក្សភ្លើងទៀនទទួលបានអាសនៈតែជាង២ពាន់ប៉ុណ្ណោះ ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ អតីតគណបក្សសង្រ្គោះជាតិទទួលបានជាង៥ពាន់អាសនៈ។ លោក សុខ ឥសាន ចំអកថា តួលេខ បានចាញ់រួចទៅហើយ។
ទោះយ៉ាងណា លោក ថាច់ សេដ្ឋា ទទួលស្គាល់ពីបញ្ហាប្រឈមមួយចំនួន ដែលគេគិតថា ត្រូវដោះស្រាយជាចម្បង ទើបអាចសម្រេចជ័យជំនះនៃការបោះឆ្នោតឆ្នាំក្រោយ។ លោក ថាច់ សេដ្ឋា ថា បញ្ហាសមាសភាពគ.ជ.ប និងការកែលម្អប្រព័ន្ធបោះឆ្នោត នៅតែជាបញ្ហាចោទ ដែលបក្សភ្លើងទៀន កំពុងតស៊ូមតិឲ្យមានការកែទម្រង់៕
I can see there are some true educated person in that party ,but so sad they are trying to take him out if so it still not going to be a fare fight in 2023 . this is win and win policy of an evil monster HUN SEN