រដ្ឋាភិបាល​ស្នើ​រដ្ឋសភា​បោះឆ្នោត​តែងតាំង​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

នយោបាយ ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ១០ តុលា ២០២២ | ម៉ោង ១៧:៤២
VOD

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (ក្រសួងមហាផ្ទៃ)


រដ្ឋាភិបាលស្នើទៅ​​រដ្ឋសភា​រៀបចំការ​​បោះឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខ​តំណែង។

ក្នុង​លិខិតមួយច្បាប់របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដែល​ត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បាន​លើកឡើង​ថា ​យោងតាមរដ្ឋធម្មនុញ្ញ ​ច្បាប់​​ស្តីពី​ការ​រៀប​ចំ​​និង​ការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី និងព្រះរាជក្រឹត្យ​ស្ដីពី​ការចាត់តាំងនាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម​តម្រូវ​ការ​ចាំ​បាច់របស់​​រដ្ឋាភិបាល ក្នុង​នាមជានាយករដ្ឋមន្ត្រី លោក​ស្នើ​ប្រធាន​រដ្ឋ​សភារៀប​ចំ​ការបោះ​​ឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្តលើ​កា​រ​បំពេញ​បន្ថែម​សមាស​ភាព​សមាជិក​រដ្ឋាភិបាល​​ដល់លោក ​ឌិត ទីណា ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា ដែលបច្ចុប្បន្ន​មានតួនាទីជារដ្ឋលេខាធិការក្រសួង​រ៉ែ និងថាមពល ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល។

ការស្នើរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើង​ក្រោយពី​​​ព្រះមហាក្សត្រ​ ព្រះករុណា សម្តេចព្រះ​បាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ​​កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បាន​​ចេ​ញ​​​ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែងលោក​ វេង សាខុន ពីរដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការបញ្ចប់មុខតំណែង​លោក វេង សាខុន ធ្វើឡើង​ប្រមាណ៨ខែ ក្រោយពេលដែលលោកធ្លាប់ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗថា ជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយ​មន្ត្រីដទៃ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ធ្លាប់ព្រលយម្តងរួចមកហើយនៅមុខលោក វេង សាខុន ចំពោះ​ការដករដ្ឋមន្ត្រីណាមួយចេញពីតំណែង ដោយថា លោកត្រូវការពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles