ដោយ យន់ សាមៀន
2022.11.27
RFA

ក្រុមអ្នកអភិរក្សសិល្បៈចាប៉ីដងវែងលេងរួមគ្នា ដើម្បីប្រារព្ធខួប ៦ ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ UNESCO នៅមជ្ឈមណ្ឌលកោះពេជ្យ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ រូប៖ Community of Living Chapei
ក្រុមអ្នកអភិរក្សសិល្បៈចាប៉ីដងវែងបានជួបប្រជុំគ្នា ដើម្បីប្រារព្ធពិធីរំលឹកខួប៦ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅខេត្តកំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ការប្រារព្ធខួបចាប៉ីនេះឡើង ដើម្បីបណ្ដុះស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមថែរក្សា និងអភិរក្សមរតកវប្បធម៌ជាតិ ខណៈដែលសិល្បៈតន្ត្រីបុរាណមួយនេះសព្វថ្ងៃ មិនសូវមានយុវជនចាប់អារម្មណ៍សិក្សា។ មន្ត្រីសង្គមស៊ីវិលយល់ថារដ្ឋាភិបាល គួរពិនិត្យ និងបង្កើនថវិកាដល់ក្រសួងពាក់ព័ន្ធ គាំទ្រសិល្បៈតន្ត្រីបុរាណ ពិសេសចាប៉ីដងវែង និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យផ្សេងៗដែលមានស្នាដៃកន្លងមក។
ក្រុមអ្នកស្រលាញ់មរតកសិល្បៈតន្ត្រីបុរាណចាប៉ីដងវែង បានសហការគ្នាបង្កើតមូលនិធិចាប៉ីដងវែង ដើម្បីប្រារព្ធមហោស្រពចាប៉ីដងវែង នៅវត្តបាលិលេយ្យក៍ ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កម្មវិធីមានអ្នកចូលរួមប្រមាណ៣រយនាក់(៣០០) និងដង្ហែក្បួនចាប៉ីដងវែងចេញពីវត្តបាលិលេយ្យក៍ចេញទៅស្រុកឈូក និងដង្ហែត្រឡប់មកវត្តវិញ មានអមដោយក្រុមឆៃយ៉ាំ នាំមុខក្បួន និងភ្លេងពិណពាទ្យកំដរនៅក្នុងវត្ត។ កម្មវិធីមានការចូលរួមសម្ដែងពីព្រឹទ្ធាចារ្យចាប៉ីដងវែងមកពីតាមបណ្ដាខេត្តនានារួមមានខេត្តពោធិ៍សាត់សម្ដែងចាស់ព្រឹទ្ធាចារ្យ ឯល បៀន ហៅតាកំពូលពេជ្រ ព្រឹទ្ធាចារ្យ សាន់ សឺន មកពីខេត្តកំពង់ស្ពឺ ព្រឹទ្ធាចារ្យ កែ ប៉ិច នៅខេត្តកំពត និងក្រុមយុវជនបន្តវេនសិល្បៈតន្ត្រីចាប៉ីដងវែង។
អ្នករៀបចំ និងសម្របសម្រួលកម្មវិធីរំលឹកខួបចាប៉ីដងវែង លោក ម៉ើង មឿន ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកា ថា គោលបំណងនៃការប្រារព្ធខួប៦ឆ្នាំ ដើម្បីចូលរួមអបអរសាទរ នូវការដាក់បញ្ចូលចាប៉ីដងវែងទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលបញ្ជាក់ថាជាវប្បធម៌របស់ដូនតាខ្មែរបន្សល់ទុក។ លោកបន្តថា ថវិកាប្រារព្ធពិធីកើតឡើងពីការរ៉ៃអង្គាសពីសប្បុរសជន ប្រជាពលរដ្ឋ ព្រះសង្ឃនៅតាមវត្ត ដែលអ្នកស្រលាញ់ចូលចិត្តតន្ត្រីបុរាណចាប៉ីដងវែង ហើយលោកថាកម្មវិធីប្រារព្ធខួបបែបនេះធ្វើឡើងបាន២ដងហើយរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថាក្រុមអ្នកអភិរក្សតន្ត្រីចាប៉ីដងវែង នៅមិនទាន់មានគម្រោងស្នើសុំទៅក្រសួងអប់រំ ដើម្បីដាក់បញ្ចូលមុខវិទ្យាតន្ត្រីចាប៉ីដងវែងនោះទេ ព្រោះមិនទាន់មានស្នាក់ការបង្រៀនចាប៉ីនៅភ្នំពេញនៅឡើយ៖
«ដើម្បីលើកកម្ពស់ ហើយនឹងអំពាវនាវ ក៏ដូចជាចងក្រងអោយយុវជនយើងជំនាន់ក្រោយ ចូលចិត្តបណ្ដុះឆន្ទៈស្រលាញ់រក្សាការពារ ហើយនិងអោយតម្លៃរបស់យើងផងបាទ។ គម្រោងរបស់យើង គឺយើងស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអោយលោកគិតគូរបន្ថែមទៅលើការបណ្ដុះបណ្ដាល។ សំណូមពរអោយមានទីតាំង ដើម្បីបណ្ដុះបណ្ដាលផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលកណ្ដាល ដើម្បីអោយមានសិស្សចូលរៀនច្រើន ហើយបង្កឱកាសដល់ព្រឹទ្ធាចារ្យចាស់ៗ ដែលលោកបានបញ្ចេញសមត្ថភាពចែករំលែកបទពិសោធន៍លើជំនាញផ្នែកសិល្បៈតន្ត្រីចាប៉ីដងវែងហ្នឹងផងដែរ»។
ចំណែកព្រះសង្ឃគង់នៅខេត្តតាកែវ ដែលបានចូលថវិកាគាំទ្រកម្មវិធីចាប៉ីដងវែងព្រះភិក្ខុ វ៉ិត ឡៃ ព្រះអង្គលើកឡើងថា ក្នុងនាមជាកូនខ្មែរ១រូប ព្រះអង្គស្រលាញ់សិល្បៈបុរាណ ដែលបុព្វបុរសបន្សល់ទុកអោយ។ ព្រះអង្គមានថេរដីកាបន្ថែម ថា នៅពេលមានព្រឹត្តិការណ៍ដែលលើកកម្ពស់វប្បធម៌ជាតិ ពលរដ្ឋខ្មែរគួរតែជួយគ្នាតាមលទ្ធភាព ដើម្បីកុំអោយបាត់បង់អត្តសញ្ញាណវប្បធម៌ ពីដូនតា។ ព្រះភិក្ខុ វ៉ិត ឡៃ អំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈបុរាណខ្មែរ។ ព្រះភិក្ខុ វ៉ិត ឡៃ សង្ឃឹមថារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បណ្ដុះបណ្ដាល ឬដាក់បញ្ចូលមុខវិជ្ជាតន្ត្រីបុរាណគ្រប់ប្រភេទចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋតាំងពីថ្នាក់បឋមសិក្សា៖
«ក្នុងនាមជាកូនខ្មែរមួយរូប យើងស្រលាញ់ យើងព្យាយាមដាស់តឿន ព្យាយាមរំលេចនូវអ្វីដែលមានចំពោះប្រជាពលរដ្ឋយើងក្នុងប្រទេស ក៏ដូចជាបរទេសអោយគេបានស្គាល់ អោយគេបានដឹង។ យើងក្នុងនាមជាពលរដ្ឋខ្មែរយើងស្រលាញ់មិនមែនតែមាត់ទេ បានន័យថាយើងជួយជាថវិកា យើងជួយជាកម្លាំងចិត្ត មួយទៀតលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យផ្នែកចាប៉ីដែលនៅសល់ ព្រោះយើងសព្វថ្ងៃចាស់ព្រឹទ្ធាចារ្យជំនាន់ដើម គឺយើងសល់តិចបំផុត»។
ក្រុមអ្នកអភិរក្សចាប៉ីដងវែង ព្រួយបារម្ភ ពីតន្ត្រីបុរាណមួយនេះ ធ្លាក់ចុះប្រជាប្រិយភាព និងបាត់បង់អ្នកបន្តវេន ព្រោះយុវជនហាក់មិនចាប់អារម្មណ៍រៀនផ្នែកតន្ត្រីបុរាណចាប៉ីដងវែង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ និងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត លោក គង់ ផល្លា ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ វិច្ឆិកា ដោយលោកចូលសារតែមិនឆ្លើយតប។ ប៉ុន្តែ រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក គឹម ពិនន់ លើកឡើងក្នុងកម្មវិធីថា ជាមោទនភាពមួយដែលប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមអភិរក្សចាប៉ីដងវែងឡើង ដែលបង្ហាញពីការស្រលាញ់ និងចូលរួមថែរក្សាវប្បធម៌ដូនតា។ លោក បញ្ជាក់ថា នៅថ្ងៃទី ២៨ វិច្ឆិកា ក្រសួងនឹងបានដាក់ស្នើល្បុក្កតោខ្មែរ ដើម្បីបញ្ចូលបេតិកភណ្ឌជាតិដែរប៉ុន្តែមិនទាន់ដឹងថាមានការទទួលស្គាល់ឬយ៉ាងណានៅឡើយ។ លោកបន្ថែមថា ប្រទេសកម្ពុជាសម្បូរទៅដល់វប្បធម៌បេតិកភណ្ឌជាតិ២ផ្នែក រួមមានផ្នែករូបិយ ដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុគ ជាដើម ចំណែកផ្នែកអរូបី មានដូចជា ល្ខោនខោល ចាប៉ីដងវែង និងរបាំព្រះរាជទ្រព្យ៖
«ចាប៉ីដងវែងដែលតាំងពីឆ្នាំ២០២១ រហូតមកដល់ឥឡូវនេះណា ធ្វើបានការងារហ្នឹងច្រើនមែនទែន ហើយខ្ញុំព្រះករុណាទូលបង្គំខ្ញុំបាទ សូមកោតសរសើរ នូវអ្វីដែលជាសមិទ្ធផលរយៈពេលខ្លី ប៉ុន្តែធ្វើបានដល់ទៅ២ដង នេះឆ្លងតាមរបាយការណ៍។ខ្ញុំព្រះករុណាទូលបង្គំពិតជាមានការសប្បាយរីករាយណាស់»។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ការប្រារព្ធពិធីនេះ ជារឿងប្រសើរ ដែលបានចូលរួមថែរក្សា និងអភិរក្សមរតកដូនតាបន្សល់ទុកអោយអ្នកជំនាន់ក្រោយ។ លោកបន្តថា តន្ត្រីចាប៉ីដងវែង ជាទ្រព្យសម្បត្តិជាតិមួយដ៏សារៈសំខាន់ ដែលធានា និងបញ្ជាក់ពីអត្តសញ្ញាណជនជាតិខ្មែរ។ លោកថា មូលហេតុដែលយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍រៀនតន្ត្រីចាប៉ីបុរាណ ព្រោះបច្ចេកវិទ្យានិងមនុស្សបច្ចុប្បន្នចូលចិត្តសម្ភារៈនិយម។ លោក កើត សារ៉ាយ បន្ថែមថា ដើម្បីថែរក្សា និងអភិរក្សចាប៉ីដងវែង និងឱ្យយុវជនចាប់អារម្មណ៍ គឺត្រូវផ្សាភ្ជាប់ចាប៉ីទៅជាមួយសិល្បៈផ្សេងៗទៀត ឱ្យដើរទាន់សម័យកាល ប៉ុន្តែក៏មិនត្រូវធ្វើអោយបាត់បង់ដើមកំណើតដែរ៖
«ដើម្បីធ្វើអោយកាន់តែមានប្រសិទ្ធភាព ចំពោះសិល្បៈចាប៉ីដងវែងនេះទៀតសោត រាជរដ្ឋាភិបាល ត្រូវតែបង្កើតអោយមានសាមីក្រសួងហ្នឹងមានកញ្ចប់ថវិកាទ្រទ្រង់ និងបណ្ដុះបណ្ដាល ហើយព្យាយាមអោយតម្លៃតាមរយៈការធ្វើ ប្រារព្ធពិធីធំៗមានន័យថាអោយការបង្ហាញមុខនូវសិល្បៈចាប៉ីដងវែង តាមរយៈការច្រៀង។ បើល្អទៅទៀតនោះ គឺព្យាយាមបញ្ចូលទៅតាមប្រព័ន្ធអប់រំតែម្ដង ចាត់ទុកថាជាសិល្បៈមួយ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលកូនខ្មែរគួររៀនចេះដឹង ចេះដេញវាពីក្មេងមកដែរ។ នៅបច្ចុប្បន្ននេះអ្នកដែលចូលចិត្តស្ដាប់ចាប៉ី ច្រើនតែអ្នកដែលចូលចិត្តស្ដាប់ការប្រើប្រាស់វោហារស័ព្ទបែបក្លែមពាក្យក្លែមសម្ដីអីទេ»។
តន្ត្រីចម្រៀងចាប៉ីដងវែង ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំពលរដ្ឋខ្មែរ ឱ្យស្វែងរកភាពរីកចម្រើន ការច្រៀងរៀបរាប់ការរស់នៅចាំថ្ងៃ ការបណ្ដុះស្មារតីពលរដ្ឋឱ្យស្រលាញ់ថែរក្សាជាតិ និងប្រកបដោយសីលធម៌ល្អក្នុងសង្គម។ អ្នកចម្រៀងចាប៉ីស្រែកច្រៀងរំលឹកពីក្បួនសាស្ត្រា ពាក្យប្រៀនប្រដៅ របស់បុព្វបុរសអំពីសីលធម៌ក្នុងការរស់នៅ ពីសុភាសិត ពាក្យស្លោក ឬរៀបរាប់ពីរឿងនិទានផ្សេងៗជាដើម។ ក្រុមការងារមូលនិធិចាប៉ីដងវែង ថាសព្វថ្ងៃអ្នកចម្រៀងចាប៉ី និងអ្នកបង្រៀនចាប៉ីដងវែងមានប្រមាណជិត៨០នាក់(៧៧)នៅទូទាំងប្រទេស។
ចាប៉ីដងវែងត្រូវបានប្រជាជនខ្មែរស្គាល់ភាគច្រើនតាមរយៈការសម្ដែងច្រៀងទោលឬច្រៀងឆ្លើយឆ្លងគ្នា។ ឧបករណ៍ចាប៉ីដងវែងនេះ ត្រូវបានគេប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន៤ រួមមាន ក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ វង់ភ្លេងមហោរី និងក្នុងចម្រៀងចាប៉ីដងវែង។
ក្រុមអ្នកអភិរក្ស គាំទ្រតន្ត្រីចាប៉ីដងវែង និងសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរ ផ្ដល់ប្រាក់ឧបត្ថម្ភដល់ព្រឹទ្ធាចារ្យតន្ត្រីបុរាណ និងបង្កើតមជ្ឈមណ្ឌលសិក្សា និងអំពាវនាវពលរដ្ឋចូលរួមថែរក្សាលើកស្ទួយ ដើម្បីបន្សល់ទុកស្នាដៃឱ្យអ្នកជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។