កម្ពុជា-នយោបាយ
03/12/2022 – 07:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ជំនួបជាក្រុមរវាង លោក កឹម សុខា និងគណ:ប្រតិភូសភានិយាយភាសាបារាំង (APF) © Internet
ក្រុមសមាជិកសភាដែលនិយាយភាសាបារាំងបាននាំគ្នាមកជួបលោក កឹម សុខា ដល់ផ្ទះ ក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ។ ជំនួបជាក្រុមនេះ គឺធ្វើឡើងតែជាង២សប្តាហ៍ដែលតុលាការគ្រោងបន្តសវនាការសំណុំរឿង លោក កឹម សុខា បន្តទៀត។ បើតាមប្រមុខអតីតបក្សប្រឆាំង ជំនួបជាក្រុម នៃសមាជិកសភាដែលនិយាយភាសាបារាំងនេះ ពួកគេចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រសើរឡើងវិញ និងជាការផ្តល់តម្លៃចំពោះការតស៊ូដោយអហិង្សា របស់លោក កឹម សុខា។
គណ:ប្រតិភូសភានិយាយភាសាបារាំង (APF) ចំនួន៨រូប ដឹកនាំដោយ លោក Christophe-Andre’ Frassa ជាសមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណ:កម្មការនយោបាយរបស់ APF គឺជាប្រធានគណ:ប្រតិភូ។ ក្រុមសភានិយាយភាសាបារាំងដែលមានទាំងអនុប្រធានរដ្ឋសភាឡាវផងនោះ បានជួបលោកសវនាការជាមួយលោក កឹម សុខា នៅគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក នៅថ្ងៃទី២ខែធ្នូ។
តាមសំណេរនៅលើហ្វេសប៊ុក លោក កឹម សុខា ពន្យល់ថា កន្លមកនេះ ភាគច្រើនលោកបានទទួល ជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយឯកអគ្គរាជទូត រដ្ឋទូតថ្មី ដែលទើបមកកាន់តំណែង និងឯកអគ្គរាជទូត រដ្ឋទូតដែលត្រូវបញ្ចប់បេសកម្មនៅកម្ពុជា ជួបមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលតំណាងផ្លូវការនៃប្រទេសជាមិត្តរបស់កម្ពុជា។ ហើយពេលខ្លះក៏បានជួបជាមួយគណ:ប្រតិភូសភាដែលជាតំណាងប្រជាពលរដ្ឋនៃប្រទេសជាមិត្ត ដែលគោរព រាប់អាន ចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រសើរឡើងផងដែរ។
បើតាមប្រមុខអតីតបក្សប្រឆាំង ជំនួបជាក្រុម នៃសមាជិកសភាដែលនិយាយភាសាបារាំងនេះ ពួកគេចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រសើរឡើងវិញ និងជាការផ្តល់តម្លៃចំពោះការតស៊ូដោយអហិង្សា របស់លោក កឹម សុខា។
ជាការកត់សំគាល់ ជំនួបជាក្រុមនេះ គឺធ្វើឡើងតែជាង២សប្តាហ៍ដែលតុលាការគម្រោងបន្តសវនាការសំណុំរឿង លោក កឹម សុខា បន្តទៀត ក្រោយពីបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលចំនួន២ខែឲ្យមេធាវីទាំងសងខាង ដើម្បីរៀបចំធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួនក្នុងសំណុំរឿងលោក កឹម សុខា។ លោក កឹម សុខា ដែល ត្រូវបានចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ចង់ផ្ដួលរលំរដ្ឋាភិបាល។ តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា ច្រាលចោល និងស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក៕