មេសហជីពជាប់ឃុំ​ ឈឹម ស៊ីថរ ក្លាយជាម្ចាស់ពាន​ «អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ» ពី​សហរដ្ឋអាមេរិក

កម្ពុជា-សង្គម
02/02/2023 – 07:02
ដោយ៖ អោ ស្រីពេជ្រ
RFI

ក្រុមបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ © FB


សហរដ្ឋអាមេរិកនៅថ្ងៃ​ទី​២កុម្ភៈនេះបានប្រកាសប្រគល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ​២០២២ ​​ដល់កញ្ញា ឈឹម ស៊ីថរ មេសហជីព​​ទ្រ​​ទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍។ មេសហជីពរូបនេះកំពុងជាប់​ឃុំឃាំងនៅពន្ធនាគារ​ ​១០សប្តាហ៍​មកហើយ​ ក្រោយអាជ្ញាធរកម្ពុជា​​ចោទថា កញ្ញាបាន​រំលោភ​លក្ខខណ្ឌ​ដែល​ហាម​ឃាត់មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស អំឡុង​​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើលរបស់តុលាការ។

ក្រសួងការបរទេសអាមេរិកប្រកាស​ផ្តល់ពានរង្វាន់​ អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ទៅកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពកម្ពុជាជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស​ ដោយការចោទប្រកាន់​​​ផ្នែក​ព្រហ្ម​ទណ្ឌទាក់ទងនឹងការធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការ​ងារ​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៏កន្លងទៅថ្មីៗនេះ។

កញ្ញា ឈឹម ស៊ីថរ គឺជាបុគ្គលខ្មែរទីមួយដែលទទួលបានពានរង្វាន់​ «អ្នកការពារសិទ្ធិមនុស្ស» ពីសហរដ្ឋអាមេរិក ដែលជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកតែងផ្តល់​រង្វាន់នេះទៅកាន់​បុគ្គល១០រូប​ នៅជុំវិញសកលលោក។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ការផ្តល់ពានរង្វាន់​ដែលខ្លួនហៅថា ជាពានរង្វាន់​ដ៏មាន​កិត្យានុភាពនេះទៅ​ដល់​កញ្ញា ឈឹម ស៊ីថរ គឺដោយសារអាមេរិកទទួលស្គាល់​ពីភាពក្លាហាននិងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស​ដែលគេទទួលស្គាល់ជា​សកលនិងជាសេរីភាពជាមូលដ្ឋាន។ តែយ៉ាងណា កញ្ញា ឈឹម ស៊ីថរ មិនអាចធ្វើដំណើរទៅទទួលពានរង្វាន់នេះ នៅរដ្ឋធានីវ៉ាស៊ីនតោនបានឡើយ ដោយសារកញ្ញា​ជាប់​ជាប់ឃុំឃាំងបណ្តោះអាសន្ន រងចាំការកាត់ទោសនៅកម្ពុជា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានសាទរ​ចំពោះការទទួលស្គាល់ ​កញ្ញា ឈឹម ស៊ីថរ ជាអ្នក​ការពារសិទ្ធិមនុស្សប្រចាំឆ្នាំ​ពីសហរដ្ឋ​អាមេរិកនេះ និងដោយបញ្ជាក់ជាថ្មីថាការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្សគឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក។

បណ្តាទូតបរទេសលោកខាងលិច​ប្រចាំនៅកម្ពុជា​មួយចំនួន​ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឈរលើគោលការណ៍មិនបំពានសិទ្ធិមនុស្ស។ ចំណែកឯ​​ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួននៅកម្ពុជា​រួមមាន ​អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក អង្គការ​សង់ត្រាល់ និង​សង្គមស៊ីវិល​មួយចំនួន​ទៀត តែងតែ​បង្ហោះ​សារតាមបណ្តាញសង្គម​អំពីការ​ឃុំ​ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​​មាន​ការ​ដោះលែង​កញ្ញា​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

សូមរំព្ញកថា កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួនកាលពី​ ខែម​ករា ឆ្នាំ​២០២២ ហើយបញ្ជូន​ទៅ​តុលាការ​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម» បន្ទាប់​ពីកញ្ញា​​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ទទួល​យក​បុគ្គលិក​ជាច្រើន​រយ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ឱ្យ​​ចូល​ធ្វើការ​វិញ​និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក។ ក្រៅពីនេះដែរ កញ្ញា ឈឹម ស៊ីថរ ក៏មានជាប់បណ្តឹង​​ពីក្រុមហ៊ុន ​ពីបទធ្វើកូដកម្មខុសច្បាប់នាំខូចប្រយោជន៍ក្រុមហ៊ុនកាលពីឆ្នាំ២០១៣ ដែលត្រូវ​ក្រុមហ៊ុនទាមទារសំណងមួយលានដុល្លារពីកញ្ញា៕

What Next?

Recent Articles