ដោយ សេក បណ្ឌិត
2023.04.26
RFA

ក្រុមយុវជន សកម្មជនការពារបរិស្ថាន និងក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៦ មេសា បានធ្វើពិធីរម្លឹកខួប ១១ឆ្នាំ នៃឃាតកម្មលើសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដើម្បីរំលឹកពីភាពក្លាហាន ពលីជីវិត ការពារធនធានធានធម្មជាតិរបស់ជាតិ។
ក្រុមយុវជនទាំងនោះ ក៏បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ ដើម្បីជំរុញឱ្យស៊ើបអង្កេតដោយឯករាជ្យ នៅគ្រា ដែលតុលាការខេត្តកោះកុង បានស៊ើបអង្កេតដោយគ្មានប្រសិទ្ធភាព និងបិទបញ្ចប់សំណុំរឿងនេះ យ៉ាងប្រញាប់ប្រញាល់។
ក្រុមយុវជន និងក្រុមអង្គការសង្គមស៊ីវិលទាំងនោះចំនួន ៣០នាក់ បានដើរហែក្បូនពីសួនច្បារមុខវត្តបទុមវតី ក្នុងក្រុងភ្នំពេញ បំណងទៅក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិទាមទារយុត្តិធម៌ ក្នុងសំណុំរឿង បាញ់សម្លាប់សកម្មជនការពារព្រៃឈើដ៏ឆ្នើម គឺលោក ឈុត វុទ្ធី។
ពួកគាត់ភាគច្រើន ពាក់ស្រោមមុខបិទរូបលោក ឈុត វុទ្ធី អមដោយស្លឹកឈើ និងកាន់បដា សរសេរថា យុត្តិធម៌ ត្រូវតែមានចំពោះវីរជនការពារព្រៃឈើរូបនេះ។ បន្ថែមពីនេះទៀត ក្រុមយុវជនទាំងនោះ បានកាន់មេក្រូ ថ្លែងជាសាធារណៈ សម្ដែងពីការដឹងគុណដល់លោក ឈុត វុទ្ធី ដែលពលីជីវិត ដើម្បីបុព្វហេតុជាតិ។
ក្រុមអង្គការសង្គមស៊ីវិល ដែលចូលរួមពិធីនេះរួមមាន សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSIA) ដោយមានការឃ្លាំមើល ពីមន្ត្រីអង្គការលីកាដូ និងអង្គការអាដហុក។ ចំណែកសមត្ថកិច្ចជាច្រើននាក់ បានថតរូប និងតាមដានពួកគេ តាំងពីដើម រហូតដល់ចប់ ក៏ប៉ុន្តែពុំបានរារាំងនោះឡើយ។
សកម្មជនការពារបរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងយុត្តិធម៌ បានទទួលញត្តិពួកលោករួចហើយ ដោយនិយាយថា ពួកគេនឹងពិនិត្យមើល។ លោកថា គោលបំណងរួម នៃការប្រារព្ធពិធីនេះ ដើម្បីរំលឹកអំពីវីរភាព លោក ឈុត វុទ្ធី ដែលជាជនគំរូមួយ ផ្ដួចផ្ដើមពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន ឱ្យចេះប្រើប្រាស់សិទ្ធិការពារព្រៃឈើ ដែលជាទ្រព្យសម្បត្តិរួម។
លោក សាន់ ម៉ាឡា៖ «ការស្លាប់របស់លោក ឈុត វុទ្ធី នេះ មិនមែនជាកត្តា ធ្វើឱ្យយុវជនភ័យខ្លាចមិនហ៊ាន ការពារព្រៃឈើទេ វាបានលើកទឹកចិត្ត និងជំរុញឱ្យពលរដ្ឋខ្មែរទាំងអស់ រួមគ្នាជាធ្លុងមួយ។ កាលណាយើងមានគ្នាច្រើន គឺខ្មោចមិនអាចលងបានទេ។ យើងរួមគ្នាការពារទ្រព្យសម្បត្តិជាតិ»។
ខ្លឹមសារញត្តិ ដែលក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនោះ បានដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដោយបង្ហាញកម្មវត្ថុថា ស្នើដល់ស្ថាប័នសាមីមួយនេះ ឱ្យជំរុញស្ថាប័នអយ្យការស៊ើបអង្កេតដោយឯករាជ្យ ក្នុងសំណុំរឿងនេះ។
រហូតមកទល់ពេលនេះអស់រយះពេល ១១ឆ្នាំហើយ ដែលលោក ឈុត វុទ្ធី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខេត្តកោះកុង ក្នុងពេលដែលលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត បានចុះស្រង់ព័ត៌មានស៊ើបអង្កេតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលមានទាក់ទងយ៉ាងស្និត ជាមួយមន្ត្រីយោធា នៅក្នុងតំបន់ ដែលមានការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាទីតាំង ដែលសង្ស័យថា ចម្រាញ់វល្លិរមៀតខុសច្បាប់មានតម្លៃខ្ពស់។
កូនប្រុសបង្កើតលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី គ្មានសង្ឃឹមសោះឡើយថា រដ្ឋាភិបាល រួមទាំងតុលាការ នឹងផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសាររបស់លោក ព្រោះអ្នកជាប់ពាក់ព័ន្ធ នឹងឃាតកម្មនេះ គឺជាមន្ត្រីជាន់ខ្ពស់ ដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។
លោកបញ្ជាក់ថា រដ្ឋាភិបាល និងតុលាការ អសមត្ថភាព ស្វែងរកឃាតកពិត និងអ្នកជាប់ពាក់ព័ន្ធ មកផ្ដន្ទាទោសតាមច្បាប់ ដោយសារតែ ជនដៃដល់ គឺជាបុគ្គលមានអំណាចក្នុងជួររដ្ឋាភិបាល។
លោក ឆឺយ ឧត្តមរស្មី៖ «អ្នកដែលបញ្ជាបាញ់សម្លាប់លោក ឈុត វុទ្ធី ហ្នឹង ជាមន្ត្រីជាន់ខ្ពស់មានអំណាច ធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ។ ខ្ញុំគិតថា ឃាតកម្មបាញ់សម្លាប់ឪពុកខ្ញុំវាពិបាកណាស់ លុះត្រាតែផ្លាស់ប្ដូររដ្ឋាភិបាលថ្មី ហើយខ្ញុំសង្ឃឹមថា យុត្តិធម៌នៅតែមាន សម្រាប់ឪពុកខ្ញុំ»។
ឆ្លើយតបរឿងនេះ ប្រធានអង្គការភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កន្លងទៅ រដ្ឋាភិបាលបានបង្កើតគណៈកម្មការជំនាញមួយ ចុះទៅពិនិត្យជាក់ស្ដែងនៅហ្នឹងកន្លែងរួចហើយ។ រីឯតុលាការក៏បានសម្រេចក្ដី ក្នុងសំណុំរឿងនេះរួចហើយដែរ ដោយផ្អែកលើភស្តុតាងច្បាស់លាស់។
តែយ៉ាងណាលោកថា ប្រសិនបើនរណាម្នាក់ រកឃើញភស្តុតាងរឹងមាំ បង្ហាញពីអង្គហេតុជាក់លាក់ តុលាការអាចនឹងបើកការស៊ើបអង្កេតឡើងវិញ។
លោក ផៃ ស៊ីផាន៖ «អ្វីដែលជាការលើកឡើង មិនមែនជាផលប្រយោជន៍យុត្តិធម៌ទេ គឺជាការលើកឡើង ក្នុងនិន្នាការនយោបាយ ឬជាសកម្មជន ប៉ុណ្ណឹងទេ ពុំមែនជារៀង ជួយរកយុត្តិធម៌ ដល់អ្នកស្លាប់ ហ្នឹងបាទ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពង់រស់នៅឯប្រទេសណ័រវ៉េ លោក ម៉ែន ណាត គ្មានជំនឿសោះឡើយថា តុលាការនឹងស៊ើបអង្កេតដោយត្រឹមត្រូវ ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ព្រោះសំណុំរឿងនេះ មានជាប់ជំពាក់ជំពិននឹងក្រុមគ្រួសារត្រកូល ហ៊ុន ដែលច្បាមយកធនធានធម្មជាតិរបស់ជាតិ ជាប្រយោជន៍បុគ្គលបំពានច្បាប់។
លោកសង្កេតឃើញថា កន្លងទៅតុលាការស៊ើបអង្កេតសំណុំរឿងនេះ គ្មានប្រសិទ្ធភាពនោះទេ ហើយប្រញាប់បិទសំណុំរឿងចោល តាមខ្សែញាក់របស់អ្នកមានអំណាច នៅពីក្រោយខ្នង។
លោក ម៉ែន ណាត៖ «អត់អាចមានយុត្តិធម៌បានទេ គឺក្រុមគ្រួសារត្រកូល ហ៊ុន ជាប់ជំពាក់បទឧក្រិដ្ឋធនធានធម្មជាតិធំណាស់។ យើងអត់មានរំពឹងថា ស៊ើបអង្កេតត្រឹមត្រូវជូនក្រុមគ្រួសារជនរងគ្រោះកើតទេ បើមានរដ្ឋាភិបាលថ្មី គេជំរុញស៊ើបអង្កេតឡើងវិញ។ អាហ្នឹងអាច»។
លោក ឈុត វុទ្ធី ត្រូវ ឃាតកបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីររូបទៀត បានចុះអង្កេត និងយកព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់នោះ។
មកទល់ពេលនេះ សំណុំរឿងនេះ តុលាការបានបិទបញ្ចប់ ដោយអះអាងថា អ្នកដែលបាញ់សម្លាប់លោក ឈុត វុទ្ធី ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ អ៊ិន រតនា ហើយក្រោយមក លោក អ៊ិន រតនា បានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់សម្លាប់លោក ឈុត វុទ្ធី រួចហើយ។
ការបិទបញ្ចប់សំណុំរឿងនេះ គឺបន្ទាប់ពីគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាល បានចុះស៊ើបអង្កេតករណីនេះ ដោយផ្ទាល់រួចរាល់។ ចំណែកក្រុមអ្នក ឃ្លាំមើល និងអង្គការសង្គមស៊ីវិលវាយតម្លៃថា ឃាតកម្មនេះ ការបកស្រាយ និងភស្តុតាង ដែលតុលាការបានរកឃើញ មិនទាន់អាចទទួលយកបាននៅឡើយទេ ហើយការបកស្រាយពីហេតុផល ក្នុងសំណុំរឿងនេះ ក៏ប្រាសចាកពីការពិតដែរ។
ពួកគាត់ចាត់ទុក ទង្វើរបស់តុលាការថា នឹងបង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោស ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងបង្កើតឱ្យមានមន្ទិលសង្ស័យច្រើនដែលតុលាការលាក់បាំងការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។