ដោយ អាស៊ីសេរី
2023.04.26
RFA

សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកមួយនេះ។ រូប៖ RFA
កូនប្រុសពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានក្លាយជាបុគ្គលប្រចាំត្រកូល «ហ៊ុន» ម្នាក់ ដែលជំនាញខាងដឹកនាំក្រុមយុវជនបំបែកឯតទគ្គកម្មពិភពលោក។ ថ្មីៗ នេះ លោក និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរងនូវការរិះគន់ថាបង្កើតឡើង ដើម្បីពង្វក់ខួរក្បាលយុវជនជំនាន់ក្រោយឱ្យគាំទ្រត្រកូល «ហ៊ុន» និងបក្សកាន់អំណាចនោះ បានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកខាងបត់បេះដូងក្រដាសដ៏ច្រើនបំផុតរហូតដល់ទៅជិត៤លាន។
លោក ហ៊ុន ម៉ានី និងឪពុករបស់លោក គឺលោក ហ៊ុន សែន តែងអួតអាងថា «កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ»។ ក៏ប៉ុន្តែ ការពិតនៅពីក្រោយ «បេះដូងធំ» ក្រោមការដឹកនាំរបស់ឪនិងកូនត្រកូល «ហ៊ុន» រូបនេះ កំពុងដិតដាមទៅដោយស្លាកស្នាមនៃអំពើហិង្សា ការគំរាមសម្លាប់ ការលួចវាយពីក្រោយខ្នង ការចាប់ដាក់គុក និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរាប់មិនអស់ទៅលើក្រុមអ្នករិះគន់ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ កន្លងទៅ លោក ហ៊ុន ម៉ានី ក៏ធ្លាប់ហែកហួរទៅដោយរឿងរ៉ាវអាស្រូវផ្លូវភេទបែបហិង្សានិយមទៅលើស្ត្រីខ្មែរមួយចំនួន ដែលត្រូវបានបែកធ្លាយ និងធ្វើឱ្យកក្រើកបណ្តាញសង្គម។
ក្រុមអ្នកវិភាគ រិះគន់ថា អ្វីដែលឪនិងកូនត្រកូល «ហ៊ុន» កំពុងធ្វើនាពេលនេះ គឺជាកេរដំណែល «សំរាម» ជាសមិទ្ធផល «អបាយមុខ» ដែល «ជាន់ឈ្លី» លើកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។