កម្ពុជា-នយោបាយ
27/04/2023 – 07:57
ដោយ៖ សឿង ភារៈ
RFI

អ្នកគាំទ្រគណបក្សភ្លើងទៀនកម្ពុជា ហែក្បួនក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ © AP – Heng Sinith
ក្នុងរយៈពេលប្រមាណជា៣ខែ នៅដើមឆ្នាំ២០២៣ នេះ មានសកម្មជនគណបក្សនយោបាយ ជាពិសេសសកម្មជនគណបក្សភ្លើងទៀនចំនួន ១០នាក់ បានរងការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បណ្តាលឲ្យរងរបួសស្រាល ធ្ងន់ មានខ្លះរហូតដល់ពិការភាព និងស្លាប់ម្នាក់ កាលពីឆ្នាំ២០២២។ នេះបើតាមសមាគមអាដហុក កាលពីថ្ងៃទី២៦ ខែមេសា។ សមាគមផ្នែកសិទ្ធិមនុស្សមួយនេះ បានបង្ហាញនូវការព្រួយបារម្ភខ្លាំង ចំពោះករណីអំពើហិង្សាទាំងនេះ។
ទម្រង់នៃអំពើហិង្សាស្ថិតនៅក្នុងរូបភាពដូចជា៖ ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ និងវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម។ ក្នុ្ងងរយៈពេលពី៣ឆ្នាំចុងក្រោយនេះ មានសកម្មជនគណបក្សនយោបាយចំនួនជាង៤០នាក់ហើយ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ដែលស្ថិតនៅក្នុងរូបភាពប្រហាក់ប្រហែលគ្នានេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) នៅថ្ងៃទី២៦ ខែមេសា។
អាដហុកបានសម្ដែងនូវការព្រួយបារម្ភខ្លាំង និងថ្កោលទោស ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តអំពើហិង្សា ជាពិសេសទៅលើសកម្មជននយោបាយទាំងនាពេលកន្លងមក និងនាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ អាដហុកថាមិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការ ឬចាត់វិធានការចាប់ជនដៃដល់ ឬជនប្រព្រឹត្តបទល្មើសណាមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ។
អាដហុកបន្តថា បញ្ហានេះ អាចនឹងបង្កឲ្យមានអំពើនិទណ្ឌភាព ដែលប៉ះពាល់ដល់ការបំពានលើរូងរាងកាយ និងសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងក្រមព្រហ្មទណ្ឌ ជាធរមានផងដែរ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកមិនបានឃើញរបាយការណ៍របស់អាដហុកទេ ប៉ុន្តែលោកចាត់ទុកថា នេះគឺជារឿងដដែលៗពេលជិតបោះឆ្នោត។ លោកបន្តថាករណីគ្រោះថ្នាក់ ឬឧបទ្វហេតុ សមត្ថកិច្ចមិនដែលចាត់ទុកថាជាសកម្មជនបក្សប្រឆាំងទេ តែសមត្ថកិច្ចតែងតែចាត់ទុកថាជាជនរងគ្រោះ ហើយជនរងគ្រោះនោះជួនកាល មានបញ្ហាមិនមករកសមត្ថកិច្ច តែយកបញ្ហានោះ ប្រែទៅជានយោបាយទក់សាច់។
លោក ខៀវ សុភ័គ បញ្ជាក់ថា ជនរងគ្រោះនោះសុខចិត្តទក់សាច់ ឲ្យតែបានគេនិយាយថា វាយសកម្មជនបក្សប្រឆាំង។ លោក ខៀវ សុភ័គ ថាលោកមិនយល់ចំពោះនយោបាយបែបនេះទេ តាមពិតជារឿងទំនាស់ បុគ្គល ឬរឿងទំនាស់ផ្សេងៗ ហើយសុំឲ្យគាត់ជាអ្នករងគ្រោះទាំងអស់មានបញ្ហាអ្វី ត្រូវទាក់ទងមកសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងឈានទៅចាប់ខ្លួនជនល្មើស។
សមាគមអាដហុកក៏បានស្នើដោយទទូចដល់អាជ្ញាធររដ្ឋ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើហិង្សាទាំងនេះ ដោយចាប់ជនប្រព្រឹត្តល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីការពារកុំឲ្យអំពើហិង្សានេះកើតឡើងជាថ្មីបន្តទៀត ព្រមទាំងអាចជួយលុបបំបាត់អំពើនិទណ្ឌភាពនៅក្នុងសង្គមកម្ពុជាយើងផងដែរ៕