ដោយ ទីន ហ្សាការីយ៉ា
2023.05.02
RFA

លោក ហុង លិម អតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ។ រូប៖ ហ្វេសប៊ុកលោក ហុង លិម
លោក ហ៊ុន សែន ព្រមានក្រុមពលរដ្ឋរស់នៅក្រៅប្រទេស ថាពួកគាត់នឹងពិបាកវិលចូលមកកម្ពុជាវិញ។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសបានប្រកាសនៅក្នុងកិច្ចប្រជុំមួយថា ពួកគាត់នឹងដាក់ញត្តិបន្ថែមទៀតស្ដីពីការបន្តរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ពីសំណាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅបណ្ដាប្រទេសប្រជាធិបតេយ្យ និងអង្គការសហប្រជាជាតិ ដើម្បីកុំឱ្យទទួលស្គាល់លទ្ធផលឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ។
ក្រៅពីការដាក់ញត្តិ ក្រុមពលរដ្ឋខ្មែររស់នៅតាមបណ្ដាប្រទេសលោកសេរី ក៏បានព្រមានថា នឹងលើកគ្នាទៅធ្វើបាតុកម្មតវ៉ា នៅពេលលោក ហ៊ុន សែន ឡើងមកថ្លែងការណ៍នៅអង្គការសហប្រជាជាតិនាឆ្នាំក្រោយនេះ។ ការតស៊ូមតិរបស់ក្រុមពលរដ្ឋនៅក្រៅប្រទេសទាំងនេះ ធ្វើឱ្យលោក ហ៊ុន សែន ខឹងសម្បារ និងចាត់ទុកថា ជាក្រុមជ្រុលនិយមបំផ្លាញជាតិ។
តាមរយៈសំណេរបង្ហោះនៅក្នុងប្រព័ន្ធតេឡេក្រាម លោក ហ៊ុន សែន បានបង្ហោះរូបភាពជួយផ្សព្វផ្សាយកិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម (zoom) មួយ របស់ពលរដ្ឋខ្មែរជាក្រុមសង្គមស៊ីវិលរស់នៅក្រៅប្រទេសមួយ ដែលលោកចាត់ទុកថា ជាកិច្ចប្រជុំធ្វើឡើងសម្ងាត់កាលពីថ្ងៃទី៣០ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បញ្ជាក់ថា កិច្ចប្រជុំនេះមិនអាចលាក់បាំងលោកឡើយ ពីព្រោះមានមនុស្សបង្កប់របស់លោកនៅក្នុងកិច្ចប្រជុំនោះ។ លោក ហ៊ុន សែន បានចោទក្រុមពលរដ្ឋទាំងនោះថា ជាក្រុមបំផ្លាញជាតិ និងមិនយល់ពីតម្រូវការរបស់ពលរដ្ឋក្នុងស្រុក ខណៈលោកហាក់ខឹងសម្បារចំពោះពលរដ្ឋរស់នៅក្រៅប្រទេសទាំងនោះ ដែលត្រៀមអន្តរាគមន៍បន្ថែមទៅសហគមន៍អន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខនេះ។
លោក ហ៊ុន សែន សរសេរដូច្នេះ៖ «ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេស និងមានសញ្ជាតិបរទេសមិនស្គាល់សេចក្ដីត្រូវការប្រជាជននៅក្នុងប្រទេសនោះឡើយ។ សូមអ្នកកុំភ្លេចថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។ ពួកអ្នកមកលេងស្រុកលំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ»។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះធ្វើឡើង បន្ទាប់ពីក្រុមពលរដ្ឋរស់នៅសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងប្រទេសអូស្ត្រាលីជាដើមចំនួន២៩នាក់ បានជួបប្រជុំជជែកគ្នាតាមប្រព័ន្ធហ្ស៊ូម ស្ដីពីបច្ចុប្បន្នភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងបញ្ហានៃការព្យាយាមលេបត្របាក់ទឹកដីខ្មែរពីរដ្ឋាភិបាលវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ ពួកគាត់បានប្រកាសត្រៀមដាក់សំណូមពរបន្ថែមទៀតទៅបណ្ដាប្រទេសសេរីធំៗ និងអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ថា លោក ហ៊ុន សែន មិនបានស្ដារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមការទាមទារ២០ចំណុចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឡើយ ផ្ទុយទៅវិញ បានរំលោភកាន់តែធ្ងន់ធ្ងរលើសដើម។
អតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លិម ដែលបានចូលរួមកិច្ចប្រជុំតាមអនឡាញនេះ ហាក់អស់សំណើចនឹងការព្រមានរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោកមានចិត្តអាណោចអាធ័មចំពោះប្រទេសកំណើត ដែលមានមេដឹកនាំបច្ចុប្បន្ន គ្មានលក្ខណៈគ្រប់គ្រាន់ជាមេដឹកនាំគួរឱ្យគោរព ដោយសារចូលចិត្តលបលួចស្ដាប់រឿងរបស់អ្នកដទៃ ទាំងដែលលោកបញ្ជាក់ថា កិច្ចប្រជុំតាមអនឡាញនោះ បានធ្វើឡើងជាសាធារណៈបើកចំហ។
លោក ហុង លិម៖ «យើងបើកចំហពេញទី ហើយគាត់ (ហ៊ុន សែន) ផ្អើលឯណា។ ក្នុងន័យមួយទៀត គាត់ដូចជាឱ្យកិត្តិយសយើងសម្បើមណាស់ បានជាគាត់ចូលចិត្តយកចិត្តទុកដាក់លួចស្ដាប់អ៊ីចឹងៗ ហើយយកទៅនិយាយ។ វាដូចអាណោចអាធ័មណាស់ នៅពេលអត់រឿង យកទៅបង្កើតជារឿងជាឈុតឆាកឱ្យគេចាប់អារម្មណ៍»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា ទោះលោក ហ៊ុន សែន បញ្ចេញប្រតិកម្មនឹងពលរដ្ឋនៅក្រៅប្រទេស ដែលទាមទារឱ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែលោកថា កម្ពុជាមិនបានព្រួយបារម្ភនឹងសហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន នៅក្រោយការបោះឆ្នោត តាមការបន្ទរពីក្រុមពលរដ្ឋរស់នៅក្រៅប្រទេសឡើយ។
លោក សុខ ឥសាន៖ «ឥឡូវ កាប់ថ្មចំណាំថ្ងៃហ្នឹង សួរថាក្រោយការបោះឆ្នោត ថ្ងៃ២៣ ខែកក្កដា ២០២៣ ហ្នឹង សួរថា តើមានប្រទេសណា ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត អាហ្នឹងយើងចាំមើលទាំងអស់គ្នា។ កត្តាកំណត់ គឺជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដែលជាម្ចាស់ម្ចាស់ទឹកម្ចាស់ដីជាអ្នកកំណត់ថា តើការបោះឆ្នោតហ្នឹងត្រឹមត្រូវឬមិនត្រឹមត្រូវ យុត្តិធម៌ ឬមិនយុត្តិធម៌»។
ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី លើកឡើងថា ថ្វីត្បិតការដាក់ញត្តិ និងការចេញធ្វើបាតុកម្មនៅពេលខាងមុខ របស់ក្រុមពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មិនអាចធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដួលរលំ ប៉ុន្តែវានឹងធ្វើឱ្យមុខមាត់រដ្ឋាភិបាល ហ៊ុន សែន ត្រូវរងភាពអាម៉ាស់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
បណ្ឌិត សេង សារី៖ «ចំណុចនេះក៏ជាចំណុចមួយដែលរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែមានការខឹងសម្បារដែរ ទោះបីជាខ្លួនដឹងថា យន្តការអន្តរជាតិមិនអាចធ្វើអ្វីខ្លួនបាន ក៏ប៉ុន្តែអាចធ្វើឱ្យរដ្ឋាភិបាលរបស់ខ្លួនរងភាពអាម៉ាស់។ ដូច្នេះហើយ! បានជាយើងឃើញប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហាក់ដូចជា ខឹងសម្បារ ពលរដ្ឋដែលជាអាណិកជនទាំងនោះ»។
ក្រុមពលរដ្ឋដែលចូលរួមប្រជុំតាមហ្ស៊ូមបានប្រកាសថា ពួកគាត់នឹងដាក់សំណូមពរជាច្រើនចំណុចបន្ថែមទៀតទៅបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ និងអង្គការសហប្រជាជាតិ រួមមានស្នើឱ្យចាត់ទុកដាក់ការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខនេះ ជាការបោះឆ្នោតមិនត្រឹមត្រូវតាមច្បាប់ និងត្រូវដាក់សម្ពាធឱ្យលោក ហ៊ុន សែន ផ្អាកការរៀបចំការបោះឆ្នោត រហូតមានការធានាថា ការបោះឆ្នោតខាងមុខនេះអាចធ្វើឡើងស្របច្បាប់។ បន្ថែមពីនេះ ពួកគាត់អំពាវនាវឱ្យពលរដ្ឋនៅក្នុងស្រុក ធ្វើពហិការទៅបោះឆ្នោត និងស្នើក្រុមពលរដ្ឋនៅក្រៅប្រទេស រួមគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដែលនឹងធ្វើដំណើរមកថ្លែងការណ៍នៅអង្គការសហប្រជាជាតិ នៅខែមេសាឆ្នាំ២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។