ដោយ សេក បណ្ឌិត
2023.05.03
RFA

មន្ត្រីទូតប្រទេសមហាអំណាចចំនួន៣ រួមមាន អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកអគ្គរដ្ឋទូតបារាំង និងអគ្គរាជទូតជប៉ុន រួមទាំងអង្គការដៃគូ និងអ្នកសារព័ត៌មាន នៅថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានជួបជុំគ្នានៅស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងសង្គ្រាម ដែលស្ថិតនៅក្បែរស្ថានទូតបារាំង ដើម្បីរំឭកដល់អ្នកកាសែតខ្មែរ បារាំង អាមេរិក និងជប៉ុនចំនួន ២៧នាក់ ដែលស្លាប់នៅក្នុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ រូបពីពលរដ្ឋ
នៅថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ថ្ងៃទី៣ មេសា អង្គទូតប្រទេសមហាអំណាចចំនួន៣ រួមមាន អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកអគ្គរដ្ឋទូតបារាំង និងអគ្គរាជទូតជប៉ុន រួមទាំងអង្គការដៃគូ និងអ្នកសារព័ត៌មាន បានជួបជុំគ្នានៅទីតាំងស្ដូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងសង្គ្រាម ដែលស្ថិតនៅក្បែរស្ថានទូតបារាំង ដើម្បីរំឭកដល់អ្នកសារព័ត៌មានខ្មែរ បារាំង អាមេរិក និងជប៉ុនចំនួន ២៧នាក់ ដែលស្លាប់នៅក្នុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងលើកឡើងថា អគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ថ្លែងថា៖ «សេរីភាពសារព័ត៌មាន គឺជាសសរស្ដម្ភមួយនៃសង្គមប្រជាធិបតេយ្យ។ វាតម្រូវឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ហើយធានាថា ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានដោយត្រឹមត្រូវ និងមិនលម្អៀង»។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ប៉ាទ្រីក មើរហ្វី (Patrick Murphy) ថ្លែងថា៖«ក្នុងពេលដែលខ្ញុំរម្លឹកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទីនេះ និងនៅជុំវិញពិភពលោក ខ្ញុំសូមសម្ដែងការគាំទ្រចំពោះសេរីភាពសារព័ត៌មាន ហើយឈរនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
ចំណែកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) បានថ្លែងសារសំខាន់ដែរថា៖ «សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យសេរី»។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបន្តថា ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ចូលរួមជាមួយអ្នកសារព័ត៌មាន ដើម្បីបង្ហាញការប្ដេជ្ញាចិត្តចំពោះសារព័ត៌មានសេរី និងដើម្បីបង្ហាញការគាំទ្រ ចំពោះប្រជាជនកម្ពុជា និងសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ ដែលចង់ឲ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។
អ្នកជំនាញលើកឡើងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរួមតូចចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីស្ថាប័នសារព័ត៌មានឯករាជ្យ ត្រូវបានបង្ខំឱ្យបិទទ្វារជាបន្តបន្ទាប់ ហើយអ្នកសារព័ត៌មានជាច្រើននាក់ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ចងដាក់ពន្ធនាគារ ដោយសារតែការបំពេញការងាររបស់ពួកគេ។
នៅថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភលោកលើកទី៣០នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏លើកឡើងថា សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ និងផ្ដល់ឱ្យពលរដ្ឋនូវការពិត ដើម្បីបង្កើតគំនិត និងនិយាយការពិត ហើយប្រធានបទដែលប្រារព្ធឡើងនៅក្នុងឆ្នាំនេះ ដើម្បីរំឭកថា សេរីភាពសារព័ត៌មាន តំណាងឱ្យជីវិតនៃសិទ្ធិមនុស្ស។
ទោះជាយ៉ាងណាក្ដី លោកបញ្ជាក់ថា សេរីភាពសារព័ត៌មានពិភពលោក កំពុងរងការវាយប្រហារ ដែលការពិតត្រូវបានគំរាមកំហែងដោយការផ្សាយព័ត៌មានមិនពិត និងពាក្យសំដីស្អប់ខ្ពើម នាំឱ្យមានការពិបាកបែងចែករវាងការពិត និងរឿងប្រឌិត ហើយអ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានគេកំណត់ជាគោលដៅវាយប្រហារ ទាំងលើប្រព័ន្ធអ៊ិនធឺណិត និងនៅខាងក្រៅ ដូចជា ការបៀតបៀន បំភិតបំភ័យ ចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ ហើយក្នុងនោះ មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ ៦៧នាក់ ត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ២០២២ កើនឡើង ៥០% បើធៀបក្នុងឆ្នាំ២០២១។
ប្រធានអង្គការសហប្រជាជាតិ អំពាវនាវឱ្យពិភពលោកមានសំឡេងតែមួយ ដើម្បីបញ្ឈប់ការគំរាមកំហែង ការវាយប្រហារ និងការចាប់ឃុំខ្លួនអ្នកសារព័ត៌មាន ពីបទ ដែលពួកគេបានបំពេញការងាររបស់ខ្លួន និងត្រូវបញ្ឈប់ការនិយាយកុហក និងផ្សាយព័ត៌មានមិនពិត ជាពិសេស ត្រូវបញ្ឈប់ការវាយប្រហារលើអ្នកសារព័ត៌មាន ឬអ្នកនិយាយការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។