ដោយ នៅ វណ្ណារិន
2023.06.03
RFA

លោក ហឿន សុភាព ថតក្រោយពីចប់កម្មវិធីជួបជុំសមាជិកបណ្ដាញព្រៃឡង់ នៅក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពីលោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)
ប្រជាសហគមន៍ និងសកម្មជនបរិស្ថានព្រួយបារម្ភករណីក្រុមហ៊ុន ស្នេថេក ឯ.ក (SchneiTec Co.,Ltd) គ្រោងបោះបង្គោលខ្សែភ្លើងឆ្លងកាត់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលអាចធ្វើឲ្យដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់រាប់ពាន់ដើមបាត់បង់។ ពួកគេស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ ឬបញ្ចៀសគម្រោងនេះ កុំឲ្យប៉ះពាល់ដល់តំបន់អភិរក្ស។
បណ្ដាញសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានព្រួយបារម្ភបាត់បង់ដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ និងមានការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិបន្ទាប់ពីក្រុមហ៊ុន ស្នេថក គ្រោងសាងសង់បង្គោលភ្លើងអគ្គិសនីឆ្លងកាត់ដែនជម្រកសត្វព្រៃឡង់ ចាប់ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តកំពង់ធំ។
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារលោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមិថុនា ថា ការអូសខ្សែភ្លើង និងបោះបង្គោលកាត់តំបន់ព្រៃឡង់ វាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់ការពារមួយនេះ ដោយសារក្រុមហ៊ុនត្រូវកាប់ឆ្ការព្រៃ ដើម្បីធ្វើផ្លូវសម្រាប់បោះបង្គោលហើយគម្រោងនេះ នឹងពុះញែកតំបន់ព្រៃឡង់ជាពីរផ្នែក ដែលបង្កភាពងាយស្រួលដល់ក្រុមជនល្មើសលួចចូលទៅកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់។ លោកបន្ថែមថា អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញគួរចុះវាយតម្លៃឲ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយរបាយការណ៍ទាំងនោះជាសាធារណៈ។
លោក ខេម សុឃី៖ «បើសិនជាយើងមានឆន្ទៈក្នុងថែរក្សាព្រៃយើងកុំឲ្យមានការអូសខ្សែភ្លើងកាប់ឆ្ការឈើដើម្បីសង់បង្គោលភ្លើង កាត់តំបន់ព្រៃឡង់អី ព្រោះថា យើងមិនមែនអត់កន្លែងអូសខ្សែភ្លើងទេនៅតាមខេត្តផ្សេងៗតាមតំបន់ភូមិឋានដែលប្រជាពលរដ្ឋរស់នៅ»។
ស្រដៀងគ្នានេះដែរ បណ្ដាញសហគមន៍ព្រៃឡង់ម្នាក់ទៀត នៅខេត្តកំពង់ធំ គឺលោក ហឿន សុភាព បានឲ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងអូសខ្សែភ្លើងកាត់តំបន់ព្រៃឡង់ ហើយសហគមន៍របស់លោកក៏ធ្លាប់លើកពីកង្វល់នេះប្រាប់ទៅក្រសួងបរិស្ថានរួចហើយ ប៉ុន្តែពេលនេះមិនទាន់បានទទួលចម្លើយនៅឡើយទេ។ លោកបន្ថែមថា គម្រោងបោះបង្គោលខ្សែភ្លើងនឹងដំណើរការយ៉ាងរលូន ហើយការកាប់ឈើ និងកាប់ទន្ទ្រានដីព្រៃនឹងកើតឡើងយ៉ាងអានាធិបតេយ្យ ប្រសិនបើអាជ្ញាធរព្រងើយកន្តើយដូចសព្វថ្ងៃនេះ។
លោក ហឿន សុភាព៖ «ប៉ះពាល់ដល់និរន្តរភាពព្រៃឈើ ការបាត់បង់កំណើនកាន់តែកើនឡើងខ្លាំងទ្វេជាពីរជាបីដងដោយសារផ្លូវស្រួលហើយក្រុមបទល្មើសវាងាយស្រួលក្នុងការឆ្លងកាត់ដឹកជញ្ជូនមានហានិភ័យខ្ពស់ការកាប់រានដីព្រៃការបង្កើតភូមិក្រុមអានាធិបតេយ្យ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក ជា វុទ្ធី បាននៅឡើយទេ។ ចំណែកនាយកក្រុមហ៊ុន ស្នេថេក លោក ហេង សុជាតិ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី២ ខែមិថុនា។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនស្នេថេក សាងរោងចក្រផលិតថាមពលអគ្គិសនី និងត្រូវសាងសង់បង្គោលខ្សែភ្លើងជាង២០០គីឡូម៉ែត្រដែលមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្មនៅប្រទេសឡាវត្រូវអូសខ្សែភ្លើងចូលមកកាន់កម្ពុជាឆ្លងកាត់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ។
សកម្មជនបរិស្ថានដែលចុះស៊ើបអង្កេតរឿងនេះលោក អូត ឡាទីន លើកឡើងថា ការបោះបង្គោលភ្លើងអគ្គិសនីនេះវាបង្កលក្ខណៈងាយស្រួលដល់ក្រុមឈ្មួញរកស៊ីឈើ នៅជុំវិញតំបន់ព្រៃឡង់ និងអ្នកកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ។ លោកបន្ថែមថា នៅពេលដែលវត្តមានបង្គោលភ្លើងទាំងនេះ វាធ្វើឲ្យមានការបាត់បង់ព្រៃឈើជាកាន់តែច្រើនឡើង ព្រោះសព្វថ្ងៃបញ្ហាកាប់បំផ្លាញព្រៃឈើនៅមិនទាន់បានដោះស្រាយឲ្យមានភាពល្អប្រសើរនោះទេ។
លោក អូត ឡាទីន៖ «វាមានហានិភ័យខ្ពស់ជាពិសេសចលនាការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់វាអាចមានការរីករាលដាលធំជាងមុន ក៏អាចមានច្រើនជាងមុន ហើយបញ្ហានេះប្រហែលជាពិបាកក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព និងមានគុណភាព»។
បណ្ដាញសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ស្នើទៅរដ្ឋាភិបាលគិតពិចារណាឡើងវិញ ទៅលើគម្រោងសាងសង់បង្គោលភ្លើងកាត់តំបន់ព្រៃឡង់ ព្រោះពួកគេមើលឃើញពីហានិភ័យខ្ពស់បណ្ដាលឲ្យមានការបាត់បង់ព្រៃឈើនៅក្នុងតំបន់ការពារ ខណៈបច្ចុប្បន្ននេះ ដែនជម្រកសត្វព្រៃព្រៃឡង់ដែលស្ថិតនៅជាប់ខេត្តបួន គឺខេត្តក្រចេះ ស្ទឹងត្រែងព្រះវិហារ និងខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុនឯកជននិងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។