ដោយ ទីន ហ្សាការីយ៉ា
2025.01.01
RFA

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំនៅខាងមុខព្រះបរមរាជវាំង នៅយប់ថ្ងៃឆ្លងឆ្នាំ ៣១ ធ្នូ ២០២៤។ រូប៖ ហ្វេសប៊ុកសសយក
សហភាពសហព័ន្ធយុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុស លោក ហ៊ុន សែន បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍យ៉ាងអធិកអធមមួយ នៅចំថ្ងៃឆ្លងឆ្នាំសាកល ២០២៥ ដែលគេហៅព្រឹត្តិការណ៍នេះថា «សាទរកម្ពុជា» ។ ព្រឹត្តិការណ៍នេះ កំពុងរងការរិះគន់ពីមហាជនខ្លះថា ជាព្រឹត្តិការណ៍មួយធ្វើឡើងបន្លំភ្នែកពលរដ្ឋអំពីតថភាពពិតនិងបង្វែរការចាប់អារម្មណ៍ពីបញ្ហានានាកំពុងញាំញីក្នុងសង្គមកម្ពុជា។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំនៅខាងមុខព្រះបរមរាជវាំង មានការតែងលម្អដោយការរចនា និងច្នៃប្រឌិត លាយឡំគ្នារវាងរចនាបថបែបបុរាណ និងសហសម័យ ដោយមានការហាត់សមដើរក្បួន ដោយមានអ្នកចូលរួមប្រមាណ៣ពាន់នាក់បង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរដូចជា ការសម្ដែងរបាំ ទីងមោង ល្ខោនបាសាក់ ល្ខោនស្រមោលស្បែកធំ និងគោមយក្សមានរូបសត្វចម្រុះជាដើម។ ព្រឹត្តិការណ៍នេះ ក៏មានស្តង់លក់ម្ហូបអាហារមកពីបណ្ដារាជធានី-ខេត្ត ការប្រគំតន្ត្រី និងការរាប់ថយក្រោយក្នុងថ្ងៃឆ្លងឆ្នាំសាកលជាដើម។
សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃស.ស.យ.ក លោក សុខ សប្បាយណា ថ្លែងថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍អបអរសាទរដល់សមិទ្ធផលនៃការអភិវឌ្ឍសង្គម និងផ្ដល់មោទនភាពចំពោះអ្វី ដែលកម្ពុជាសម្រេចបាន ។ លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ។
ពលរដ្ឋ និងអ្នកផលិតមាតិកាតាមបណ្ដាញសង្គមមួយចំនួនបានថតរូបភាព និងវីដេអូ បង្ហោះតាមបណ្ដាញសង្គមនានា ដើម្បីបង្ហាញភាពរីករាយ និងទស្សនីយភាពជុំវិញការរៀបចំព្រឹត្តិការណ៍នេះ ។ ពលរដ្ឋខ្លះទៀត បានសរសើរអំពីគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការលើកយកវប្បធម៌ខ្មែរមកបង្ហាញក្នុងព្រឹត្តិការណ៍នេះ។
ប៉ុន្តែពលរដ្ឋសកម្មមួយចំនួនទៀតលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ ហាក់ពុំបានឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គមឡើយ។ សកម្មជនបរិស្ថានអ្នកនាង លឹម គឹមស័រ ប្រាប់វិទ្យុអាស៊ីសេរី ថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍មួយដែលរដ្ឋាភិបាលទំនងជាចង់បង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋពីបញ្ហាសង្គមជាតិទាំងឡាយដែលរដ្ឋាភិបាលមិនអាចដោះស្រាយ និងគ្រប់គ្រងបាន។
ពលរដ្ឋ និងអ្នកឃ្លាំមើលទទូចដល់រដ្ឋាភិបាលត្រកូល «ហ៊ុន» ឲ្យស្ដារកេរ្តិ៍ឈ្មោះកម្ពុជាពីបញ្ហាគ្រឿងញៀន អំពើឆបោកតាមអនឡាញ បញ្ហាជួញដូរ ការរំលោកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បី បង្កើនទំនុកចិត្តពីភ្ញៀវទេសចរអន្តរជាតិ និងប្រទេសប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។