ដោយ សុខ មនោហត្ថា
2025.01.04
RFA

រូបភាពកម្លាំងអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់កម្មករតវ៉ានៅផ្លូវ វេង ស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ រូប៖ Reuters
មន្ត្រីសង្គមស៊ីវិល និងជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅតាមបណ្ដោយ ផ្លូវ វេង ស្រេង និងមុខរោងចក្រ យ៉ាក ជីន (Yak Jin) កាលពី ១១ឆ្នាំមុន បានរៀបចំពិធីរំលឹកខួប ដើម្បីទាមទារឱ្យរដ្ឋាភិបាលផ្ដល់យុត្តិធម៌ដល់កម្មករ ដែលបានបាត់បង់ជីវិត និងរងអំពើហិង្សាបាញ់ប្រហារពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ បើពុំដូច្នោះទេ វប្បធម៌និទ្ទណ្ឌភាពមកលើពលរដ្ឋនៅតែបន្តកើតមានជាដដែល។
មន្ត្រីសង្គមស៊ីវិល និងជនរងគ្រោះ ដែលធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍បាញ់ប្រហារ និងការបង្ក្រាបដ៏ហិង្សា ដោយកងកម្លាំងអាជ្ញាធររដ្ឋ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ បានទាមទាររកយុត្តិធម៌ពីរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជាថ្មី នៅថ្ងៃទី៣ ខែមករា។ ការទាមទារនេះធ្វើឡើងថ្ងៃប្រារព្ធពិធីរម្លឹកខួប ១១ឆ្នាំ នៅឯសហភាពផ្ទះសាមគ្គី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត គឺប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើងថា ការប្រារព្ធពិធីរម្លឹកខួប ១១ឆ្នាំនៃព្រឹត្តិការណ៍បាញ់ប្រហារ និងការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធររដ្ឋាភិបាល លើកម្មករ-សហជីព នៅខាងមុខរោងចក្រ យ៉ាក ជីន (Yak Jin Cambodia) និងតាមផ្លូវ វេង ស្រេង កាលពី ១១ឆ្នាំមុននេះ ជាសាររំលឹកពីការតស៊ូដំឡើងប្រាក់ ១៦០ដុល្លារ និងការពារសិទ្ធិកម្មករ។

លោក វន់ ពៅ បន្តថា កម្មករ-សហជីព អ្នកការពារសិទ្ធិមនុស្ស និងសាធារណជនទាំងអស់ មិនត្រូវបំភ្លេចព្រឹត្តិការណ៍ក៏ជូរចត់មួយនេះឡើយ ព្រោះថា ជាព្រឹត្តិការណ៍នេះ ជាដើមហេតុ ដែលធ្វើឱ្យកម្មករ-សហជីព និងមន្ត្រីរាជការទាំងអស់ ទទួលបានការដំឡើង ប្រាក់ខែក្នុងមួយឆ្នាំម្ដង រហូតមកទល់បច្ចុប្បន្ន។ ជាងនេះទៀត លោកថា ព្រឹត្តិការណ៍នេះ បានដកជាប់ក្នុងក្រអៅចិត្តរបស់លោក មិនអាចបំភ្លេចបានឡើយ។ ពេលខ្លះ លោកថា នឹកឃើញម្ដង ដេកយំស្រក់ទឹកភ្នែក ព្រោះឈឺចាប់។ ជាពិសេស ការរងអំពើហិង្សា វាយដំ បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចពេញខ្លួន និងការចាប់ខ្លួនលោក ទៅឃុំក្នុងពន្ធនាគារជិត ១ឆ្នាំ ទាំងអយុត្តិធម៌។
លោក វន់ ពៅ៖ «ខ្ញុំនៅចាំមិនភ្លេច ព្រោះជាអ្នករងគ្រោះម្នាក់ដែរ ដែលត្រូវបានគេវាយស្ទើរតែស្លាប់បាត់បង់ជីវិតហើយ បែរជាដាក់ទោសដាក់ពន្ធនាគាររយៈពេល ៥ខែ ហើយយើងបានស្គាល់រសជាតិជីវិត ដែលរស់នៅក្នុងពន្ធនាគារ។ ប្រសិនបើយើងបំភ្លេចថ្ងៃនេះ បានន័យថា យើងបំភ្លេចប្រវត្តិសាស្ត្រនៃជីវិតរបស់យើង។ យើងបានបំភ្លេចប្រវត្តិសាស្ត្រ នៃការទាមទាររបស់កម្មករក្នុងការរស់នៅក្របខណ្ឌសមរម្យក្នុងនាមជាមនុស្ស ក្នុងនាមជាកម្មករ ដែលមានតម្លៃដូចគេ ដូចឯង»។
នៅក្នុងពិធីរម្លឹកខួប ១១ឆ្នាំរបស់ក្រុមអង្គការសង្គមស៊ីវិល និងកម្មករ-សហជីព នៅថ្ងៃទី៣ ខែមករា នេះ មាននិមន្តព្រះសង្ឃសូត្រធម៌បង្សុកូលដល់អ្នកស្លាប់ នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាម នៅគ្រានោះ។ រីឯមន្ត្រីសង្គមស៊ីវិល មេដឹកនាំសហជីព និងតំណាងជនរងគ្រោះ បានឡើងថ្លែងសាររំលឹកអំពីព្រឹត្តិការណ៍ទាំងនោះ រួមទាំងផ្ញើសារទាមទាររដ្ឋាភិបាលឱ្យផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ជាមួយគ្នានោះ ពួកគាត់បានបង្ហាញគោលជំហរថា នឹងបន្តទាមទាររកយុត្តិធម៌ពុំបោះបង់នោះឡើយ បើទោះជាបច្ចុប្បន្ន យុត្តិធម៌សម្រាប់ជនរងគ្រោះ ហាក់ងងឹតសូន្យឈឹងក្ដី។
កាលពី ១១ឆ្នាំមុន គឺចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មានព្រឹត្តិការណ៍តវ៉ាដ៏ធំមួយ របស់កម្មករកម្មការិនីរាប់ម៉ឺននាក់ នៅខាងមុខរោងចក្រ យ៉ាក ជីន និងតាមបណ្ដាផ្លូវ វេង ស្រេង ដើម្បីទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន និងថៅកែរោងចក្រ ឱ្យដំឡើងប្រាក់ឈ្នួលកម្មករត្រឹម ១៦០ដុល្លារ ក្នុងមួយខែ។ ប៉ុន្តែ ព្រឹត្តិការណ៍នោះ ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅ ដោយកងទ័ពឆត្រយោង៩១១ ដឹកនាំដោយ លោក ចាប ភក្តី។ នៅគ្រានោះ កម្មករ ៧នាក់ និងអ្នកការពារសិទ្ធិកម្មករ ៣នាក់ រួមមាន លោក ថេង សាវឿន លោក វន់ ពៅ និងលោក ចាន់ ពុទ្ធិស័ក្កិ ត្រូវបានចាប់ខ្លួនយកទៅធ្វើទារុណកម្ម និងដាក់គុកត្រពាំងផ្លុងអស់ជិត ៥ខែ។
ក្រោយមកទៀត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បុរសខ្លាំងខាងហិង្សា លោក ហ៊ុន សែន ក៏ប្រើប្រាស់កងកម្លាំងចម្រុះបន្តបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិត ស្រោចលើកម្មករ ដែលកំពុងតែតវ៉ា នៅតាមបណ្ដោយផ្លូវ វេង ស្រេង បានធ្វើឱ្យកម្មករ ៤នាក់ស្លាប់។ រីឯយុវជនម្នាក់ ឈ្មោះ ខឹម សុផាត បាត់ខ្លួនរហូតដល់សព្វថ្ងៃ។ ក្រៅពីនេះ មនុស្សជាង ៣០នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ និងស្រាល ហើយក្នុងនោះ អ្នកខ្លះ ត្រូវពិការជើង និងដៃអស់មួយជីវិត។ លើសពីនេះ អង្គការសង្គមស៊ីវិល កម្មករ និងអ្នកនៅអមសងខាងផ្លូវចំនួន ២៣នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួន យកទៅឃុំក្នុងពន្ធនាគារ។
ព្រឹត្តិការណ៍បង្ហូរឈាម ក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅគ្រានោះ ត្រូវបានអង្គការជាតិ និងអន្តរជាតិរិះគន់ជាខ្លាំងថា ជាការរំលោភសិទ្ធិមនុស្ស និងរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ ដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចេញមុខសុំទោសជាសាធារណៈ និងផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ ដែលបានបានបាត់បង់ជីវិត និងអ្នក ដែលរងរបួសក្នុងព្រឹត្តិការណ៍នោះ។ ទោះជាយ៉ាងណាក្ដី រហូតមកទាល់ពេលនេះ គេនៅពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ចេញមុខមកទទួលខុសត្រូវ ចំពោះហេតុការណ៍នោះឡើយ។ ផ្ទុយទៅវិញ អាជ្ញាធររដ្ឋាភិបាលបានចោទកម្មករ-កម្មការិនី ដែលតវ៉ានៅគ្រានោះថា ខុសច្បាប់ ហើយមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែមករាថា ព្រឹត្តិការណ៍ហិង្សា និងបាញ់ប្រហារ កាលពី ១១ឆ្នាំមុន នៅមុខរោងចក្រ យ៉ាក ជីន និងតាមបណ្ដាផ្លូវ វេង ស្រេង ដែលធ្វើឱ្យអ្នកខ្លះបាត់បង់ជីវិតនោះ រដ្ឋាភិបាលមិនទទួលខុសត្រូវនោះឡើយ។ លោកចាត់ទុកព្រឹត្តិការណ៍តវ៉ារបស់កម្មការ-សហជីពទាំងនោះថា ជាអំពើខុសច្បាប់ ហើយមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក សុខ ឥសាន៖ «សួរថា នរណាគេទទួលខុសត្រូវ ហើយឱ្យរដ្ឋាភិបាលទទួលខុសត្រូវយ៉ាងម៉េច ព្រោះអស់លោកជាអ្នកដឹកនាំនៃការធ្វើកូដកម្មចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ហើយម្យ៉ាងទៀត វាមិនសមស្របទេ ការដែលទាមទារដំឡើងប្រាក់ខែនៅពាក់កណ្ដាលអាធ្រាត្រហ្នឹង។ រាជរដ្ឋាភិបាលទទួលខុសត្រូវយ៉ាងម៉េច រដ្ឋាភិបាលអ្នករក្សាសណ្ដាប់ធ្នាប់សង្គម មិនមែនរាជរដ្ឋាភិបាល អ្នកធ្វើអំពើកូដកម្មឯណា»។
ទាក់ទិនរឿងនេះ នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ព្រឹត្តិការណ៍អំពើហិង្សា និងការបាញ់ប្រហារលើកម្មករ-សហជីព កាលពី ១១ឆ្នាំមុននេះ គឺជារឿងដែលគួរឱ្យសោកសៅ។ ប៉ុន្តែ បើពិនិត្យលើយុត្តិធម៌របស់ជនរងគ្រោះវិញ នៅពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។ លោកបន្តថា រដ្ឋាភិបាលគួរតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ ឱ្យបានត្រឹមត្រូវ។ លោកថា ការធ្វើបែបនេះ ដើម្បីផ្ដល់ជាគំរូភាពដ៏ល្អ និងដើម្បីលុបបំបាត់អំពើនិទ្ទណ្ឌភាពបន្តទៅទៀត។
លោក អំ សំអាត៖ «អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា រដ្ឋាភិបាល លោកគួរធ្វើការស៊ើបអង្កេត និងស្វែងរកការពិត ដើម្បីផ្ដល់យុត្តិធម៌ទៅដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ក៏ដូចជា ជាប់ពន្ធនាគារ ដោយព្រឹត្តិការណ៍ផ្លូវ វេង ស្រេង ដើម្បីធ្វើយ៉ាងណា លុបបំបាត់អំពើនិទ្ទណ្ឌភាព លុបបំបាត់នូវអំពើមិនល្អ វប្បធម៌ហិង្សា ដែលបានបណ្ដាលឱ្យកម្មករ ក៏ដូចជា មនុស្សបាត់បង់ជីវិត បាត់ខ្លួន និងរងរបួស ហើយនឹងការជាប់ពន្ធនាគារហ្នឹង»។
អ្នកការពារសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ កត់សម្គាល់ឃើញថា ព្រឹត្តិការណ៍តវ៉ា នៅផ្លូវ វេង ស្រេង និងមុខរោងចក្រ យ៉ាក ជីន ដើម្បីការពារសិទ្ធិកម្មករ និងដំឡើងប្រាក់ឈ្នួលរបស់កម្មកររាប់ម៉ឺននាក់នៅពេលនោះ គឺជាការបូជាឈាមស្រស់ សាច់ស្រស់ រួមនឹងការហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍កម្មករទូទាំងប្រទេស។ ពួកគាត់ថា ព្រឹត្តិការណ៍នោះ គួរតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនត្រូវបំភ្លេចនោះឡើយ។ ជាងនេះទៀត ពលរដ្ឋទាំងអស់ គួរតែស្វែងយល់ឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីតស៊ូ និងការពារសិទ្ធិជាមូលដ្ឋាន កុំឱ្យអ្នកមានលុយមានអំណាចរំលោភបំពានតាមអំពើចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។