ក្រ​សួងមហាផ្ទៃឲ្យអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋខ្មែរពីទឹកដីថៃ ក្នុងករណីផ្ទុះអាវុធនៅបន្ទាត់ព្រំដែន

កម្ពុជា
កម្ពុជា-ព្រំដែន
10/06/2025 – 15:38
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅរសៀលថ្ងៃទី១០​ មិថុនានេះ ក្រសួងមហាផ្ទៃបានប្រាប់ឲ្យអាជ្ញាធរខេត្តដែលជាប់ព្រំដែនថៃត្រៀមវិធានការជម្លៀសពលរដ្ឋដែលកំពុងនៅទឹកដីថៃឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ និងបើតាមក្រសួងមហាផ្ទៃ អាជ្ញាធរត្រូវប្រាប់ពលរដ្ឋកុំឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន បើគ្មានការចាំបាច់។

ក្រ​សួងមហាផ្ទៃឲ្យអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋខ្មែរពីទឹកដីថៃ ក្នុងករណីផ្ទុះអាវុធនៅបន្ទាត់ព្រំដែន


ក្នុងលិខិតផ្ញើទៅអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចុះថ្ងៃទី១០មិថុនា ឆ្នាំ២០២៥​ នេះ ក្រសួងមហាផ្ទៃបានលើកឡើងថា សភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃបានវិវត្តប្រែប្រួលកាន់តែស្មុគ្រស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយដែលអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។

ក្នុងស្ថានភាពដ៏ស្មុគស្មាញនេះ ក្រសួងមហាផ្ទៃបានប្រាប់ឱ្យអាជ្ញាធរតាមព្រំដែនជាមួយថៃត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ។ ជាងនេះទៅទៀត អាជ្ញាធរតាមព្រំដែនត្រូវតែត្រៀមវិធានការជម្លៀសពលរដ្ឋដែលកំពុងនៅប្រទេសថៃឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ តាមលិខិតក្រសួងមហាផ្ទៃដដែល អាជ្ញាធរខ្មែរតាមព្រំដែនក៏ត្រូវតែត្រៀមរៀបចំ និងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូលប្រទេសកម្ពុជាវិញ និងអ្នករស់នៅតំបន់ព្រំដែន មិនថាក្នុងករណីផ្ទុះអាវុធ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះ ត្រូវរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត ភ្លើងអគ្គិសនី ។ល។

ក្នុងស្ថានការណ៍មិនច្បាស់លាស់នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃពេលនេះ ក្រសួងមហាផ្ទៃបានប្រាប់ឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយថៃត្រូវណែនាំកងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែនបន្តតាមដាន ទប់ស្កាត់ និងកត់ត្រារាល់សកម្មភាពគឃ្លើនជាឯតោភាគីរបស់ថៃដែលនាំឱ្យប្រែប្រួលស្ថានការណ៍តំបន់ព្រំដែនដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ ទោះយ៉ាងណា និងបើតាមក្រសួងមហាផ្ទៃ កងកម្លាំង  និងអាជ្ញាធរខ្មែរទាំងអស់ត្រូវរក្សាទំនាក់ទំនងជាមួយកងកម្លាំងថៃ ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុត។

គួររម្លឹកថា ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានចូលបើកការបាញ់ប្រហារលើលេណដ្ឋានកងទ័ពកម្ពុជាបណ្តាលឱ្យស្លាប់ទាហានខ្មែរម្នាក់យ៉ាងអណោចអាធ័មនៅតំបន់មុំបី ខេត្តព្រះវិហារមក ជម្លោះព្រំដែនកម្ពុជា ថៃបានឡើងក្តៅខ្លាំង និងឈានដល់ការបិទ ឬផ្លាស់ប្តូរពេលវេលាចេញចូលឆ្លងកាត់ព្រំដែន នៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគីពីភាគីថៃចាប់ពីថ្ងៃទី៧មិថុនា ដោយគ្មានការជូនដំណឹងផ្លូវការមកភាគីកម្ពុជាឡើយ។

ពលរដ្ឋនៅច្រកអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥
ពលរដ្ឋនៅច្រកអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥ © សហការី

បន្ទាប់មក ក្នុងថ្ងៃទី៨​ មិថុនា រដ្ឋាភិបាលកម្ពុជាបានសម្រេចព្រមព្រៀងកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ក្រោមហេតុផលបញ្ជៀសការប៉ះទង្គិចគ្នាដោយបង្ហូរឈាមក្នុងទ្រង់ទ្រាយធំ។ ការព្រមព្រៀងយ៉ាងដូច្នេះត្រូវបានមតិសាធារណៈ និងក្រុមជាតិនិយមខ្មែរខ្លះចាត់ទុកជាការលុតជង្គង់ ឬការចុះញ៉មជាមួយភាគីថៃ។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ទោះមានការកែសម្រួលកម្លាំងទ័ពនៅព្រំដែនថៃក៏កម្ពុជានៅតែបន្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគ្មានការកែសម្រួលបន្ទាត់ព្រំដែនអ្វីទាំងអស់។

នៅយប់ថ្ងៃទី១០​ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើករណីតំបន់រសើប ទាំង ៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ បើតាមសេចក្តីសម្រេចចុះថ្ងៃទី ៦ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ គឺជាប្រធានគណៈកម្មការនេះដែលមានអនុប្រធាន ៥រូប និងសមាជិក៩រូប៕

What Next?

Recent Articles