កម្ពុជា
11/06/2025 – 11:35
ដោយ៖ សាំ ឧត្តម
RFI
សហភាពអឺរ៉ុបបង្ហាញការប្តេជ្ញាចិត្តបន្តធ្វើជាដៃគូដ៏រឹងមាំ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក Antonio Costa ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំឡុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងទីក្រុងនីស ប្រទេសបារាំង។ តែសហភាពអឺរ៉ុបសង្ឃឹមថា កម្ពុជានឹងបន្តគោរពសិទ្ធិមនុស្ស ហើយបើកលំហសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សហភាពអឺរ៉ុបបង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជាដោយភ្ជាប់ការគោរពសិទ្ធិមនុស្ស
ក្នុងជំនួបដាច់ដោយឡែកមួយពីសន្និសីទស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ នាដើមសប្តាហ៍នេះ លោក Antonio Costa ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយសហភាពអឺរ៉ុបចង់ឃើញកម្ពុជាបន្តគោរពសិទ្ធិមនុស្ស រួមនឹងការបន្តផ្តល់សេរីភាពឱ្យកាន់តែល្អប្រសើរចំពោះសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ក្នុងបណ្តាញសង្គម x លោក Antonio Costa មិនបញ្ជាក់លម្អិតអ្វីបន្ថែមទៀតនោះទេជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានកោតសរសើរកម្ពុជាចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងកំណែទម្រង់របស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ តាមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបដដែល សហភាពអឺរ៉ុបនឹងបន្តចូលរួមអភិវឌ្ឍន៍ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ស្ថានភាពសិទ្ធិមនុស្ស លំហសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គឺមានភាពទូលំទូលាយ ពលរដ្ឋអាចទទួលបានព័ត៌មានគ្រប់សព្វ ខណៈអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាក៏មានច្រើន ហើយអាចផ្សព្វផ្សាយព័ត៌មានដោយគ្មានការត្រួតពិនិត្យជាមុន។ តែបើតាមលោក ស្រ៊ាង ចិន្តា សហភាពអឺរ៉ុបគួរតែជួយពង្រឹងការយល់ដឹងរបស់ពលរដ្ឋខ្មែរក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងណែនាំឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈដែលជាគំរូភាពនៃសង្គមប្រជាធិបតេយ្យ។

សូមជម្រាបថា កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤ស្ដីពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ ក្នុងរបាយការណ៍នោះ សហភាពអឺរ៉ុបបានលើកឡើងថា ប្រទេសកម្ពុជា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ និងថា អ្នកនយោបាយបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនដីធ្លី រងការយាយី គំរាមកំហែង និងបង្កហិង្សាគ្រប់ទម្រង់ពីសំណាក់អាជ្ញាធរ៕