ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ

កម្ពុជា
កម្ពុជា-ថៃ
12/06/2025 – 11:11
ដោយ៖ សឹម ចាន់សំណាង
RFI

អាជ្ញាធរថៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាចាប់ខ្លួនក្រុមជនចូលលួចទិន្នន័យ ឬ Hacker ជាជនជាតិខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃអះអាងថា បានវាយប្រហារ និងធ្វើឲ្យខូចគេហទំព័ររបស់រដ្ឋាភិបាលខ្លួន ក្នុងពេលប្រទេសទាំង២កំពុងមានបញ្ហាជម្លោះព្រំដែន។ នេះបើតាមការសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍។ អាជ្ញាធរថៃកំពុងធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យទាំងនោះ មកកាត់ទោសតាមច្បាប់របស់ប្រទេសថៃ។ តែរដ្ឋាភិបាលកម្ពុជាបានបដិសេដចំពោះករណីនេះ។

ថៃចេញដីកាចាប់ខ្លួនក្រុម Hacker ខ្មែរ២នាក់ ថាបានវាយប្រហារគេហទំព័ររដ្ឋាភិបាលថៃ


កាសែតថៃបាងកកប៉ុស្តិ៍បានស្រង់សម្តីលោក ទ្រីរ៉ុង ភីវផាន (Trirong Piwpan) ស្នងការនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺនែតថៃថា ការស៊ើបអង្កេតរកជនសង្ស័យនេះ បានចាប់ផ្តើមបន្ទាប់ពីការជូនដំណឹងពីក្រុម «Cyber ​​Intelligence Community» ដែលជាបណ្តាញអ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់រដ្ឋាភិបាលថៃ កាលពីថ្ងៃទី៣ ខែមិថុនា។

ក្រុមជំនាញផ្នែកព័ត៌មានវិទ្យារបស់រដ្ឋាភិបាលថៃនេះ បានរាយការណ៍ថាក្រុមជនលួចទិន្នន័យ ឬ Hacker កម្ពុជាដែលត្រូវបានគេស្គាល់ថា «bl4ck_cyb3r» បានគំរាមបើកការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺនែត និងធ្វើឲ្យខូចគេហទំព័ររបស់រដ្ឋាភិបាលថៃក្នុងពេលមានការតវ៉ាជុំវិញបញ្ហាព្រំដែនកម្ពុជា-​ថៃ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ និងចេញដីកាចាប់ខ្លួនជនជាតិខ្មែរនាពេលនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១២ មិថុនានេះថា កម្ពុជាមិនបានទទួលព័ត៌មាននេះឡើយ និងសូមឲ្យភាគីថៃបង្ហាញភស្តុតាងឲ្យច្បាស់លាស់មកកាន់ភាគីកម្ពុជា។ តាមលោក ប៉ែន បូណា លោកក៏ស្នើដល់ភាគីថៃកុំប្រឌិតព័ត៌មាន ឬនិយាយអ្វីដែលគ្មានប្រភពច្បាស់លាស់។

ដោយឡែកបើតាមកាសែតបាងកកប៉ុស្តិ៍ដដែល គិតចាប់តាំងពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៥ គេហទំព័ររបស់រដ្ឋាភិបាលថៃមួយចំនួនត្រូវបានគេកំណត់គោលដៅ ប្រឈមនឹងសារពីក្រុមជនលួចទិន្នន័យ (Hacker) ដែលអាជ្ញាធរថៃចោទថា មានប្រភពពីប្រទេសកម្ពុជា។  

ជនសង្ស័យជាជនជាតិខ្មែរដែលអាជ្ញាធរថៃថាបានចូលវាយប្រហារគេហទំព័រថៃ
ជនសង្ស័យជាជនជាតិខ្មែរដែលអាជ្ញាធរថៃថាបានចូលវាយប្រហារគេហទំព័រថៃ © Bangkok Post

គួររម្លឹកជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានកម្រើកឡើងវិញក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានចូលបើកការបាញ់ប្រហារលើលេណដ្ឋានកងទ័ពកម្ពុជាបណ្តាលឱ្យស្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ។ តែអំឡុងពេលនៃជម្លោះនេះ កម្ពុជាមិនមានព័ត៌មាននៅឡើយទេទាក់ទងទៅនឹងការចូលវាយប្រហារពីសំណាក់ក្រុម Hacker បរទេស តាមប្រព័ន្ធព័ត៌មានវិទ្យាចូលទៅក្នុងគេហទំព័រសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា៕

What Next?

Recent Articles