កម្ពុជា
ព្រំដែនកម្ពុជា-ថៃ
12/06/2025 – 12:01
ដោយ៖ ញឹម សុផល
RFI
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចូលរួមផ្តល់ថវិកាតាមរយៈមូលនិធិជួយកងទ័ពការពារព្រំដែន ដែលបង្កើតឡើងដោយទូរទស្សន៍ CTN។ ការអំពាវនាវរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោក និងភរិយាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិ CTN ដើម្បីគាំទ្រកងទ័ពដែលត្រូវត្រៀមការពារជាតិរយៈពេលយូរ ស្របពេលដែលការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា ការទូត និងផ្លូវច្បាប់ត្រូវបានដាក់ជាយុទ្ធសាស្ត្រយូរអង្វែង។
លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបរិច្ចាគដល់មូលនិធិជួយកងទ័ពការពារព្រំដែន
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីរាត្រីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព ជាមួយជាតិ និងទឹកដីរបស់ខ្មែរទាំងអស់គ្នា។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន សែន និងភរិយាបានប្រកាសចូលថវិកាចំនួន ៣០០លានរៀល(៧៥ ០០០ដុល្លារ) សម្រាប់ដំណាក់កាលទី១។
ការដែលប្រធានព្រឹទ្ធសភា និងភរិយាលើកយកបញ្ហានេះមកសរសេរលើហ្វេសប៊ុកក៏ដោយសារតែមានការផ្សាយផ្ទាល់ពីទូរទស្សន៍ CTN ស្តីពីមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែន ដែលកម្មវិធីនេះធ្វើឡើងតាមការអំពាវនាវរបស់លោក។ លោក ហ៊ុន សែន បានចាត់ទុកការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់កងទ័ពការពារព្រំដែននេះថាជាខឿនការពារជាតិរបស់ប្រជាជនកម្ពុជាដ៏រឹងមាំ។
រឹងមាំដោយសារការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ទៅក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរដែរ។ នេះជាការពន្យល់ហេតុផលបន្ថែមរបស់លោក ហ៊ុន សែន។
ទាក់ទងទៅនឹងការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាពេលនេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនយល់ឃើញថា ជារឿងល្អ ដែលមានការបង្កើតកម្មវិធីរៃអង្គាសប្រាក់ ដើម្បីទ្រទ្រង់ ដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកថា វាជាការបង្ហាញនូវការយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នាក្នុងចំណោមជនជាតិខ្មែរ និងជាការលើកទឹកចិត្តដល់កងទ័ពឲ្យកាន់តែក្លាហាន និងមោះមុតក្នុងការការពារទឹកដី។

មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់រូបនេះក៏បានទទូចថា ដោយសារតែរឿងជាតិសម្រាប់ទាំងអស់គ្នា រដ្ឋាភិបាលគួរបើកឲ្យទូលាយ ដើម្បីឲ្យពលរដ្ឋ អ្នកជំនាញ និងគ្រប់គណបក្សនយោបាយទាំងអស់បានចូលរួមទាំងក្នុងការឧបត្ថម្ភ និងការផ្តល់នូវគំនិត ដែលទាក់ទិននឹងការការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជា និងទប់ស្កាត់នូវរាល់គំនិតឈ្លានពានពីសំណាក់បរទេសជិតខាង។
ជាការកត់សម្គាល់ ចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេសង្កេតឃើញមានសកម្មភាពឧបត្ថម្ភជាស្បៀងអាហារ និងថវិកាដល់កងទ័ពការពារព្រំដែនកម្ពុជាជាបន្តបន្ទាប់ ជាលក្ខណៈឯកជន និងក្នុងនាមស្ថាប័នរដ្ឋនានាផងដែរ៕