ដោយ ប្រាជ្ញ ចេវ
2025.06.12
RFA
សហភាពអឺរ៉ុបបន្តក្រើនរំឭកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងបើកលំហសេរីភាពសម្រាប់សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។ មន្ត្រីអង្គការសង្គមស៊ីវិលបានយល់ឃើញថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើអនុវត្តតាមអនុសាសន៍សហភាពអឺរ៉ុប។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អាន់តូនីញ៉ូ ខូស្ដា (Antonio Costa) បានរំឭកពីតួនាទីរបស់សហភាពអឺរ៉ុប ដែលជាដៃគូដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។ ទំព័រហ្វេសប៊ុករបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាបានបង្ហោះនៅថ្ងៃទី១០មិថុនាថា លោក អាន់តូនីញ៉ូ ខូស្ដា បានសរសើរពីការធ្វើកំណែទម្រង់ និងវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងបង្ហាញក្ដីសង្ឃឹមថា នឹងមានការកែលម្អឱ្យកាន់តែប្រសើរនូវការគោរពសិទ្ធិមនុស្សនិងបើកលំហសេរីភាពសម្រាប់សង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យ។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ធ្វើឡើងនៅពេលលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៩ខែមិថុនាអំឡុងលោក ហ៊ុន ម៉ាណែត កំពុងស្ថិតនៅក្នុងទីក្រុងនីស (Nice) ប្រទេសបារាំង (France) ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមិថុនា។
សហភាពអឺរ៉ុបប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យគោរពសិទ្ធិមនុស្ស
សហភាពអឺរ៉ុបបន្តក្រើនរំឭកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងបើកលំហសេរីភាពសម្រាប់សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
នៅក្នុងសន្និសីទនោះ លោក ហ៊ុន ម៉ាណែត ក៏បានជួបជជែកទ្វេភាគីជាមួយបណ្ដាមេដឹកនាំអឺរ៉ុបមួយចំនួនទៀត រួមមានប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី អឺសូឡា ហ្វុន ដែរ ឡែញ (Ursula von der Leyen) និងប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron)
ខណៈសហភាពអឺរ៉ុបបញ្ជាក់សាជាថ្មីទៀតថា ខ្លួននៅតែប្ដេជ្ញាចិត្តឥតងាករេ ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្ដីថ្លែងការណ៍មួយជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្នើសុំជំនួយបច្ចេកទេស និងផែនទីច្បាប់ដើមដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាបារាំង-សៀម ដើម្បីគាំទ្រដល់ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ រីឯសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង ក៏បានផ្ញើញត្តិទៅកាន់ប្រធានាធិបតីបារាំង ឱ្យជួយជំរុញទៅលោក ហ៊ុន ម៉ាណែត គោរពកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ និងជំរុញឱ្យប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងផ្តល់សច្ចាប័នច្បាប់សមុទ្រ UNCLOS ជាដើម។
ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានបង្ហោះថា លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក អាន់តូនីញ៉ូ ខូស្ដា ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល ការប្ដេជ្ញាចិត្តជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការរក្សាជំហរប្រកាន់ខ្ជាប់ពហុភាគីនិយម។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ក៏បានបន្តថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង គឺមេដឹកនាំទាំងពីរបានពិភាក្សាគ្នាស្ដីពីការរៀបចំឯកសារផែនទីបង្ហាញផ្លូវមួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំងជា «ដៃគូយុទ្ធសាស្ត្រ» ប៉ុន្តែមិនបានលើកឡើងពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនោះទេ។
ជុំវិញបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើងថា សហភាពអឺរ៉ុបតែងតែតាមដាន និងរំឮកជារឿយៗ ពាក់ព័ន្ធនឹងបញ្ហាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ នៅពេលជួបជាមួយមេដឹកនាំកម្ពុជា ដើម្បីឱ្យមានការកែលម្អឡើងវិញ។ លោកបានបន្តថា ប្រសិនបើកម្ពុជានៅតែព្រងើយកន្តើយ គឺនឹងធ្វើឱ្យប៉ះពាល់ជីវភាពនិងសេដ្ឋកិច្ច ខណៈសហភាពអឺរ៉ុប ជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។
ខ្ញុំយល់ថា មកដល់ពេលនេះ កម្ពុជាចាំបាច់ត្រូវមានតែការពិចារណា និងដោះស្រាយទៅលើសំណើររបស់សហគមន៍អឺរ៉ុប ប្រសិនបើរដ្ឋាភិបាលកម្ពុជាយើង ចង់ឱ្យមានដំណើរការកិច្ចសហការល្អជាមួយសហគមន៍អឺរ៉ុប។ វាមិនមែនឈរតែលើវិស័យមួយទេ គឺថាវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺជាវិស័យដែលជាប្រធានបទសំខាន់ ដែលសហគមន៍អឺរ៉ុបបានស្នើឡើងមកកម្ពុជាដែរ។— លោក នី សុខា
កាលពីចុងខែឧសភា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពិភពលោក សហភាពអឺរ៉ុបបានលើកឡើងថា ចាប់តាំងពីលោក ហ៊ុន មាណែត បានក្លាយជានាយករដ្ឋមន្ត្រី មិនបានកែលម្អឱ្យបានល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ឱ្យខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ឡើយ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ បានមើលឃើញថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា បង្ហាញឆន្ទៈគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ដែលអាចឱ្យសហភាពអឺរ៉ុបជឿទុកចិត្តដាក់បាន នោះកម្ពុជានឹងមានឱកាសចរចាទទួលបានលក្ខខណ្ឌពាណិជ្ជកម្មបន្ថែម ឬទទួលបានការអនុគ្រោះពន្ធ ២០% មកវិញ។
វាទាមទារឱ្យអាជ្ញាធររដ្ឋ មានវិធានការឆ្លើយតបយ៉ាងណា អាចជឿទុកចិត្តបាន ដើម្បីស្វែងរកឱកាស ដើម្បីធ្វើកិច្ចការងារជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា ឱ្យបានល្អប្រសើរឡើង។— លោក ឃុន ថារ៉ូ
កន្លងមក សហភាពអឺរ៉ុបបានបញ្ជាក់ថា ការសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នៅតែអនុវត្តដដែល រួមទាំងបានព្រមានកាត់បន្ថយថែមទៀត ដោយសារស្ថានភាពរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ នៅតែមានលក្ខណៈធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។