ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនែតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ

កម្ពុជា
កម្ពុជា-ថៃ-ព្រំដែន
13/06/2025 – 10:24
ដោយ៖ ជួប នរក្សា
RFI

យ៉ាងហោចណាស់ មានក្រសួងចំនួន៣ បានចាប់ផ្តើមអនុវត្តអនុសាសន៍របស់ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល ដោយបញ្ឈប់ការផ្សព្វផ្សាយខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ និងកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺនែតពីប្រទេសថៃទាំងស្រុង។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឲ្យបណ្តាក្រសួងស្ថាប័នកម្ពុជា ពិនិត្យមើលពីវិធានការនានា ប្រសិនបើថៃបន្តគំរាមកំហែងកាត់ផ្តាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។

ស្ថាប័នរដ្ឋមួយចំនួនចាប់ផ្តើមអនុវត្តបញ្ជារដ្ឋាភិបាលដោយផ្តាច់អ៊ីនធឺនែតពីថៃ និងឈប់បញ្ចាំងភាពយន្តថៃ


ភ្លាមៗក្រោយការដាក់បញ្ជារបស់នាយករដ្ឋមន្ត្រី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថា ប្រតិបត្តិករទូរគមនាគមន៍កម្ពុជាទាំងអស់ បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺនែតពីប្រទេសថៃ ដែលនឹងធ្វើឲ្យថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះ លទ្ធផលដូច្នេះ គឺកើតឡើងដោយសារភាគីថៃខ្លួនឯង ដែលគំហែងកំហែងមកលើកម្ពុជា។ ក្នុងន័យនេះ លោក ជា វ៉ានដេត បញ្ជាក់ថា«​ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។

គួរឲ្យដឹងថា​ ចំណាត់ការកាត់ផ្តាច់ចរន្តអ៊ីនធឺនែតថៃទាំងស្រុងនេះ គឺបន្ទាប់ពីកម្ពុជាបានរងការគំរាមកំហែងពីសំណាក់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺនែតមកកម្ពុជា ដោយហេតុថា កម្ពុជា-ថៃ កំពុងផ្ទុះឡើងនូវជម្លោះព្រំដែនគោកជាថ្មីម្តងទៀត។

ដោយឡែក ក្រសួងព័ត៌មាន នៅយប់ថ្ងៃព្រហស្បតិ៍ទី១២ ខែមិថុនា រំលងអាធាត្រដែរ ក៏បានចេញនូវសេចក្តីជូនដំណឹងមួយ ទាក់ទងទៅនឹងការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃទាំងអស់នៅលើកញ្ចក់ទូរទស្សន៍។ក្នុងន័យនេះ បណ្តាស្ថានីយ៍ទូរទស្សន៍កម្ពុជាត្រូវបញ្ឈប់ការផ្សាយខ្សែភាពយន្តថៃទាំងស្រុង ចាប់ពីម៉ោង១២យប់ថ្ងៃទី១២ មិថុនា។

ទាក់ទិននឹងខ្សែភាពយន្តថៃនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃសុក្រទី១៣ មិថុនា ក៏ចេញមកបញ្ជាក់ ពីការបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត។ បើតាមសេចក្តីជូនដំណឹង ម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ត្រូវបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ ជាកំហិត ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ មិថុនានេះតទៅ។

ស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាថ្មី
ស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាថ្មី © RFI-Chhea Bunnarith

សូមរំលឹកថា ចំណាត់ការរបស់បណ្តាក្រសួងស្ថាប័នរដ្ឋមួយចំនួននេះ កើតមានឡើងបន្ទាប់ពីមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃព្រហស្បតិ៍ទី១២មិថុនា ដោយបញ្ជាឲ្យរាល់ក្រសួងស្ថាប័ន ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗ ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕

What Next?

Recent Articles