newspaper
នៅលើហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសកំចាត់ចោលនូវរាល់បុគ្គលទាំងឡាយណាដែលចង់សម្លាប់លោក និងគ្រួសាររបស់លោក។ ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងដោយជាមួយនូវឃ្លីបសម្លេងចំនួន២ ដែលបង្ហាញពីការជជែកគ្នារបស់ក្រុមមួយទាក់ទងទៅនឹងគម្រោងធ្វើឃាតលោក ហ៊ុន សែន និងក្រុមគ្រួសារដោយប្រើដ្រូន។
តាមការចុះផ្សាយរបស់កាសែតថៃ Thai PBS នាថ្ងៃទី១២ កុម្ភៈ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខថៃបានប្រកាសពិនិត្យ និងសិក្សាគម្រោងសាងសង់របងព្រំដែនជាមួយកម្ពុជានៅភូមិសាស្ត្រនៃខេត្តស្រះកែវ ក្នុងចម្ងាយប្រវែង ៥៥គីឡូម៉ែត្រ ដោយចំណាយលុយ ៣៩៥លានបាត ឬស្មើប្រមាណ ១១លានដុល្លារ។ គម្រោងសាងសង់របងនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជានេះគឺជាការស្នើឡើងដោយអភិបាលខេត្តសាកែវ លោក Parinya Phothisat ក្រោមហេតុផលទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។
អាជ្ញាធរថៃ បានបន្តកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិត និងរាំងខ្ទប់សេវាទូរស័ព្ទជាបន្តបន្ទាប់ ដែលតភ្ជាប់ចេញចូលទៅក្នុងក្រុងប៉ោយប៉ែត ដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់មេឧក្រិដ្ឋឆបោកតាមអ៊ីនធឺណិត ដែលតែងតែឆបោកពលរដ្ឋថៃ។ អ្នកឃ្លាំមើលរបស់កម្ពុជា យល់ឃើញថា រដ្ឋាភិបាលថៃហាក់មានឆន្ទៈ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ជាងរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាតែមាត់។ ខណៈមេដឹកនាំកម្ពុជា ទើបតែគ្រោងបង្កើតគណៈកម្មការដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនោះ រដ្ឋាភិបាលថៃឯនេះវិញ កំពុងតែបង្កើនប្រតិបត្តិការ បោសសម្អាតឧក្រិដ្ឋកម្មឆបោកឆ្លងដែន កាន់តែខ្លាំងជាងមុន ទាំងនៅព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា (Myanmar) និងព្រំដែនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា តែងអះអាងថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាននៅកម្ពុជា ត្រូវបាន «លើកកម្ពស់ក្រោមដំបូលនៃសុខសន្តិភាព» ជាពិសេសដោយរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតឯករាជ្យ ទាំងអ្នកកាសែតជនជាតិខ្មែរ និងបរទេស កំពុងទទួលរងនូវការដាក់គោលដៅតាមកម្ចាត់ជាបន្តបន្ទាប់មិនឱ្យមានវត្តមាននៅក្នុងទឹកដីកម្ពុជា។ ជាក់ស្តែង នៅមុនការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត តាមរយៈការផ្ទេរអំណាចបន្តពីឪ រដ្ឋាភិបាលឪពុករបស់លោក គឺលោក ហ៊ុន សែន បានបញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា នឹងដកហូតទ្រព្យសម្បត្តិទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ប្រសិនបើពួកគាត់គ្មានប្រាក់បង់ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ អ្នកច្បាប់ និងមន្ត្រីបក្សប្រឆាំងចាត់ទុកការដាក់កំហិតរបស់សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាសងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ ឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាដើមបណ្ដឹង គឺជាការធ្វើទុក្ខបុកម្នេញនយោបាយ ពុំមែនជាអនុវត្តច្បាប់នោះទេ។ ពួកគាត់ថា នេះគឺជាល្បិចស្មោកគ្រោករបស់តុលាការ ដែលគេតែងប្រើក្នុងរបបផ្ដាច់ការ និងប្រទេសកុម្មុយនិស្ត។
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅតែជាឧបសគ្គចម្បង ប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យយុត្តិធម៌ជាដើម។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ប្ដេជ្ញាឱ្យមុតមាំដោះស្រាយបញ្ហាអំពើពុករលួយឱ្យមានប្រសិទ្ធភាព។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី១១ ខែកុម្ភៈ បានផ្សាយរបាយការណ៍ជាថ្មីទៀត ដោយរកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០២៤ គឺកាន់តែធ្ងន់ធ្ងរ បើធៀបនឹងឆ្នាំ២០២៣ ដោយទទួលបានពិន្ទុ ២១ លើពិន្ទុខ្ពស់បំផុតចំនួន ១០០ គឺថយចុះមួយពិន្ទុទៀត។
អង្គការតម្លាភាពអន្តរជាតិចាត់ថ្នាក់កម្ពុជានៅលេខរៀងទី ១៥៥ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍អំពើពុករលួយឆ្នាំ ២០២៤ ដែលមានន័យថា កម្ពុជានៅតែស្ថិតនៅជិតបាតតារាង និងកំពុងបន្តបោះជំហ៊ានយឺតក្នុងការប្រឆាំងអំពើពុករលួយ។ ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ ២០២៤ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃអង្គារបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ លើ ១០០។ មាត្រដ្ឋានពិន្ទុ ០ មានន័យថា «ពុករលួយខ្លាំង» ចំណែកមាត្រដ្ឋានពិន្ទុ ១០០ មានន័យថា «ស្អាតស្អំខ្លាំង»។
អ្នកគាំទ្រលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ កំពុងធ្វើយុទ្ធនាការរៃអង្គាសប្រាក់ឲ្យលោក ដើម្បីបង់សំណងការខូចខាតជាង ៤០០ លានរៀល ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅក្នុងសំណុំរឿង «ញុះញង់» ពាក់ព័ន្ធនឹងការចេញសេចក្តីថ្លែងការណ៍អំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ អំឡុងឆ្នាំ ២០២០។
នៅថ្ងៃពុធទី១២ កុម្ភៈនេះ គណបក្សកម្លាំងជាតិបានអំពាវនាវឲ្យមហាជនចូលរួមជួយបរិច្ចាកប្រាក់ជួយលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិដែលត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ចំនួន ៤០០លានរៀល ឬស្មើនឹង១០ម៉ឺនដុល្លារអាមេរិក។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យលោក រ៉ុង ឈុន និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែនកាលពីថ្ងៃទី១១ កុម្ភៈ។
ក្រោយឃើញមានជនជាតិចិនចុះរុករករ៉ែមាស នៅភូមិអង្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អស់ជាច្រើនថ្ងៃរួចមក ពលរដ្ឋជាង៣០០គ្រួសារនៅតំបន់នោះ ព្រួយបារម្ភខ្លាចក្រុមហ៊ុនចិនមិនស្គាល់ឈ្មោះមួយ រំលោភយកដីស្រែចម្ការរបស់ពួកគាត់ ដោយសារតែក្រុមហ៊ុននេះ ចុះមករុករករ៉ែមាសដោយមិនបានប្រាប់ប្រជាពលរដ្ឋ និងមិនមានឯកសារផ្លូវការអ្វីនោះទេ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរ ទប់ស្កាត់ក្រុមហ៊ុនចិនមួយនេះ កុំឲ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។
អាណាព្យាបាលរបស់យុវជន ដែលត្រូវសមត្ថកិច្ចចោទថា ជាក្មេងទំនើង និងត្រូវតុលាការសម្រេចឱ្យជាប់ឃុំនៅក្នុងពន្ធនាគារខេត្តសៀមរាប បានអះអាងថា កូនរបស់ពួកគាត់បានកើតវិបត្តិផ្លូវចិត្ត និងមានសុខភាពចុះខ្សោយ ដោយសារបរិភោគមិនគ្រប់គ្រាន់ និងត្រូវមន្ត្រីពន្ធនាគារកិបកេងអាហារ ដែលគ្រួសារផ្ញើឱ្យ។ ពួកគាត់ចាត់ទុកករណីនេះ គឺជាការធ្វើទារុណកម្មទៅលើកូនៗរបស់ពួកគាត់ បន្ថែមពីលើភាពអយុត្តិធម៌ ដែលពួកគេត្រូវបានអាជ្ញាធរបង្ខំឱ្យសារភាព ដើម្បីទទួលកំហុសជំនួសជនប្រព្រឹត្ត។
ក្រុមស្ត្រី និងកុមារ នៅស្រុកពញាឮ ខេត្តកណ្ដាល បានចាប់អាជីពជាជាងចម្លាក់ស្ពាន់បុរាណ លក្ខណៈគ្រួសារ ដើម្បីអភិរក្សកេរមរតកដូនតាដែលបានបន្សល់ទុកតាំងពីយូរមកហើយ និងដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះអាចរកចំណូលបានខ្លះ សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយថែមទាំងបានបង្រៀនឱ្យក្មេងៗ ជាច្រើនបានយល់ដឹងពីគុណតម្លៃ និងចេះចម្លាក់ស្ពាន់បុរាណនេះ ដើម្បីបានថវិកាខ្លះ យកទៅរៀន។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរ ដែលឱ្យប្រជាពលរដ្ឋចេញថ្លៃធ្វើផ្លូវបេតុង និងដាក់លូមុខផ្ទះ ដែលមានតម្លៃថ្លៃជាងទីផ្សារជាច្រើនដង ខណៈសមិទ្ធផលទាំងនោះ គ្មានគុណភាព និងសមស្របទៅតាមចំនួនទឹកលុយរបស់ពួកគាត់ឡើយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរ កសាងដែលហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់ថវិកាជាតិ និងបញ្ឈប់ការកេងប្រវ័ញ្ចលុយពីប្រជាពលរដ្ឋ ដោយសំអាងទៅលើពាក្យថាអភិវឌ្ឍ។ ក្រោយមានការរិះគន់រឿងដើរប្រមូលលុយពីប្រជាពលរដ្ឋតាមផ្ទះ យកមកធ្វើផ្លូវបេតុង និងកេងប្រវ័ញ្ចលុយ ពេលនេះអាជ្ញាធរក្រុងប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋរិះគន់រឿងបង្ខំឱ្យដាក់លូតម្លៃថ្លៃកប់ពពកវិញម្ដង។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីនបានបញ្ចប់នៅថ្ងៃអង្គារទី១១ កុម្ភៈ។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីនបានឯកភាពលើកិច្ចសហប្រតិបត្តិចំនួន៨ ទាក់ទងនឹងសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបច្ចេកវិទ្យាព័ត៌មាន។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា សំណងដ៏ច្រើននេះ គឺជា ការសម្ពាធធ្ងន់ធ្ងរលើលោក ដែលគ្មានកំហុស។ សង្គមស៊ីវិលថា ចំណាត់ការរបស់តុលាការ អាចបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែស្មុគស្មាញ។
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា កាលពីពេលថ្មីៗ នេះ មានអ្នករៀបចំផែនការសម្លាប់លោក ដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារចូលភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែ ត្រូវបានលោកដឹងមុន។ មន្ត្រីគណបក្សសង្គ្រោះជាតិថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺជារឿងប្រឌិត ដើម្បីយកលេសដាក់បន្ទុកលើបក្សប្រឆាំង ក្នុងការត្រៀមបង្កើតច្បាប់ថ្មីដាក់មនុស្សមួយក្រុមជាក្រុមភេរវករ។ មន្ត្រីបក្សប្រឆាំងលើកឡើងថា នេះពុំមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន បានប្រឌិតរឿង ពាក់ព័ន្ធអ្នកដែលចង់ធ្វើឃាតលោក ដើម្បីឆ្លៀតឱកាសវាយប្រហារមកលើមន្ត្រីបក្សប្រឆាំង។ ពួកគាត់ថា បច្ចុប្បន្ន លោក ហ៊ុន សែន មានក្រុមសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង ហើយ គ្មានពលរដ្ឋ ឬអ្នកនយោបាយណាហ៊ានទៅធ្វើរឿងបែបនោះទេ ប្រសិនបើមានមែន ម្ល៉េះលោក ហ៊ុន សែន ចាប់អ្នកទាំងនោះមកផ្ដន្ទាទោស ចំពោះមុខច្បាប់ជាសាធារណៈហើយ។
អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចេញបម្រាមដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាវិញដោយគ្មានកាលកំណត់នោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាដដែល។ លោក ជឺរល ហ្វ្លីន ថាការហាមប្រាមមិនឱ្យលោកចូលក្នុងប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮចេញទៅដល់ពិភពលោកខាងក្រៅបានឡើយ។
មន្ត្រីបក្សប្រឆាំងលើកឡើងថា នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត មិនជួយដោះស្រាយបញ្ហានៅក្រៅប្រទេសនោះទេ ប៉ុន្តែលោក កំពុងកៀរគរមនុស្សនៅក្រៅប្រទេសដើម្បីពង្រឹងបក្ស និងញុះញង់ឱ្យអ្នកប្រជាធិបតេយ្យមិនទុកចិត្តគ្នា។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសបន្តធ្វើអំពើល្អ និងជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ លោក ជា សារ៉ន រំពឹងតិចតួចថាអភិបាលខេត្តកំពតអាចជួយពួកគាត់ឱ្យទទួលបានដំណោះស្រាយ ខណៈដែលពួកគាត់ត្អូញត្អែរថាការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំមកនេះមានភាពយឺតយ៉ាវ។ ការអំពាវនាវ និងក្ដីបារម្ភរបស់ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន លោក ជា សារ៉ន នេះ ធ្វើឡើងក្រោយអភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅថ្ងៃទី១០ ខែកុម្ភៈ ជួបជាមួយប្រជាពលរដ្ឋដែលមកយកពាក្យទទួលយកដំណោះស្រាយ នៅជំហានទី១។
មតិអ្នកអាន