ដោយ យាង សុជាមេត្តា
2014-10-18
RFA

ពិធីដាក់ឲ្យប្រើប្រាស់នៅកម្ពុជា សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ រៀបចំដោយអង្គការដុចឈី វ៉ែលហាំងហ្គឺហ្វីហ្វ (Deutsche Welthungerhilfe) នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។ RFA/Yeang Socheametta
ប្រទេសកម្ពុជា ត្រូវបានផ្តល់ពិន្ទុ ១៦,១ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណោមប្រទេសទាំងអស់៧៦ នៅក្នុងសន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤។ ពិន្ទុនេះបង្ហាញថា កម្ពុជា មានភាពល្អប្រសើរជាង ១០ឆ្នាំមុន ក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា នៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ ឬហៅជាភាសាអង់គ្លេសថា គ្លូប៊ល ហាំងហ្គឺ អ៊ិនឌិច (Global Hunger Index) ត្រូវបានអង្គការដុចឈី វ៉ែលហាំងហ្គឺហ្វីហ្វ (Deutche Welthungerhilfe) ធ្វើពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី១៧ ខែតុលា។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ឋិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ ដែលសិក្សាទៅលើបញ្ហាសំខាន់ចំនួន៣ មានដូចជា កង្វះអាហារូបត្ថម្ភ កង្វះទម្ងន់កុមារ និងអត្រាមរណភាពរបស់កុមារ បង្ហាញតារាងចំណាត់ថ្នាក់ប្រទេសចំនួន៧៦ ដែលក្នុងនោះ កម្ពុជា ឋិតនៅចំណាត់ថ្នាក់លេខ៤៣ ដែលមានពិន្ទុ ១៦,១។ ពិន្ទុនេះបង្ហាញថា ស្ថានភាពស្រេកឃ្លាននៅកម្ពុជា ប្រសើរជាងកាលពីការសិក្សានៅឆ្នាំ២០០៥ ដែលនៅពេលនោះ កម្ពុជា ទទួលបានពិន្ទុ ២០,៨។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ ចែកចំណាត់ថ្នាក់ប្រទេសជា ៥ប្រភេទ គឺប្រទេសដែលមានអត្រាស្រេកឃ្លានកម្រិតទាប កម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ កម្រិតប្រកាសអាសន្ន និងកម្រិតប្រកាសអាសន្នខ្លាំង។ ប្រទេសដែលមានអត្រាស្រេកឃ្លានទាប គឺប្រទេសដែលទទួលបានពិន្ទុចន្លោះពី ០ ដល់ ៤,៩ មធ្យម ចន្លោះពី ៥ ដល់ ៩,៩ ធ្ងន់ធ្ងរ ចន្លោះពី ១០ ដល់ ១៩,៩ ប្រកាសអាសន្ន ចន្លោះពី ២០ ដល់ ២៩,៩ និងប្រកាសអាសន្នខ្លាំងចាប់ពី ៣០ ឡើងទៅ។ ដោយសារកម្ពុជា ទទួលបានពិន្ទុ ១៦,១ ដូច្នេះស្ថានភាពស្រេកឃ្លាននៅកម្ពុជា ត្រូវចាត់ទុកថានៅមានសភាពធ្ងន់ធ្ងរនៅឡើយ។
បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងសមាគមអាស៊ាន កម្ពុជា ទទួលបានចំណាត់ថ្នាក់ល្អជាងតែប្រទេសឡាវ មួយគត់។ ចំណែកប្រទេសភូមា វិញ មិនត្រូវបានបង្ហាញក្នុងចំណាត់ថ្នាក់នោះទេ ដោយសារអ្នកសិក្សាគ្មានទិន្នន័យពីប្រទេសមួយនេះ។
ថ្លែងក្នុងពេលធ្វើបទបង្ហាញទៅកាន់អ្នកចូលរួម ដែលក្នុងនោះមានមន្ត្រីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងនិស្សិត ប្រមាណ ២០០នាក់ អ្នកសម្របសម្រួលតាមដានឥទ្ធិពលគម្រោងប្រចាំតំបន់អង្គការ ដុចឈី វ៉ែលហាំងហ្គឺហ្វីហ្វ លោក ឡាវ ប៊ុនរិទ្ធី បញ្ជាក់ថា ទោះកម្ពុជា ទទួលបានពិន្ទុប្រសើរជាងមុន តែសព្វថ្ងៃ ពលរដ្ឋកម្ពុជា ប្រមាណ ១៥,៤% នៅមានបញ្ហាកង្វះអាហារូបត្ថម្ភ ក្មេងអាយុក្រោម ៥ឆ្នាំ ២៩% មានបញ្ហាកង្វះទម្ងន់ និងក្មេង ៤% ស្លាប់នៅអាយុក្រោម ៥ឆ្នាំ។ លោកថា កង្វះអាហារូបត្ថម្ភកុមារ នឹងធ្វើឲ្យកម្ពុជា មានផលវិបាកធ្ងន់ធ្ងរផ្នែកសុខភាពក្នុងរយៈពេលវែង។ បើតាម លោក ឡាវ ប៊ុនរិទ្ធី កម្ពុជា បាត់បង់ថវិកាប្រមាណ ១៣៤លានដុល្លារនៃផលិតផលសរុបក្នុងស្រុកក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះវីតាមីន និងជាតិដែក។
លោក ឡាវ ប៊ុនរិទ្ធី បន្តថា មូលហេតុនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា គឺបណ្ដាលមកពីភាពក្រីក្រ កង្វះអនាម័យ ការអនុវត្តការបំបៅដោះកូន ការអប់រំ និងការមិនទទួលបានដីដាំដុះគ្រប់គ្រាន់ ជាដើម៖ «ដោយសារប្រជាជនកម្ពុជា យើងភាគច្រើនគាត់លក្ខណៈហៅថាផលិតស្បៀងខ្លួនឯង ដែលមានរហូតទៅដល់ ៨០% ហើយក្នុងមាន ៤០% នៃប្រជាជនកម្ពុជា យើងហ្នឹង គាត់មានដីតិចជាងកន្លះហិកតារ។ អ៊ីចឹងបានន័យថា អត់គ្រប់គ្រាន់ក្នុងការផលិតស្បៀងដើម្បីគ្រួសារគាត់ទេ។ មកទល់បច្ចុប្បន្ននេះ យើងឃើញថា មានផ្ទៃដី ២,៦លានហិកតារ ដែលរដ្ឋាភិបាលគាត់បានធ្វើសម្បទានឲ្យក្រុមហ៊ុនដែលវិនិយោគខាងវិស័យកសិកម្ម»។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ សន្និដ្ឋានជារួមថា ស្ថានភាពស្រេកឃ្លាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ មានភាពប្រសើរជាងមុន ប៉ុន្តែកម្រិតនៃភាពស្រេកឃ្លាននៅលើពិភពលោក នៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ ដែលក្នុងនោះ មនុស្សម្នាក់ក្នុងចំណោម ៨នាក់នៅលើពិភពលោក ចូលគេងដោយគ្មានអាហារបរិភោគរៀងរាល់ថ្ងៃ។ លើសពីនេះ មនុស្សប្រមាណ ២ពាន់លាននាក់ កំពុងរងទុក្ខពីទម្រង់នៃភាពស្រេកឃ្លាន ដែលគេហៅថា ភាពស្រេកឃ្លានកំបាំងមុខ មានន័យថា ពួកគេបរិភោគអាហារយកតែបរិមាណឲ្យឆ្អែតក្រពះ ប៉ុន្តែអាហារនោះគ្មានសារធាតុបំប៉នចិញ្ចឹមរាងកាយត្រឹមត្រូវឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្រូវវស្សាជិត៤ពាន់ហិកតារនៅកំពង់ចាមប្រឈមនឹងខូចខាតដោយសារខ្វះទឹក
- សម្ភាសប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងស្ដីពីវិធានការបង្ការជំងឺអេបូឡា
- ក្រុមយុវជននាំគ្នាឧបត្ថម្ភសម្ភារៈសិក្សានិងចំណីអាហារដល់កុមារក្រីក្រក្នុងខណ្ឌមានជ័យ
- យុវជន និងបញ្ហាសុខភាពផ្លូវចិត្ត
- ពលរដ្ឋ១គ្រួសារជំពាក់បំណុលគេដោយសារការធ្វើផ្លូវសាធារណៈ
- ពលរដ្ឋនៅសៀមរាបស្នើអាជ្ញាធរដោះស្រាយបញ្ហាក្លិនស្អុយភាយចេញពីគំនរសំរាម
- ស្ថានភាពរស់នៅរបស់ពលរដ្ឋសហគមន៍ផ្នូរខ្មោច
- មន្ទីរពេទ្យរុស្ស៊ីផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃរយៈពេលពីរសប្ដាហ៍
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលចែកដីដែលដកហូតពីក្រុមហ៊ុនជូនពលរដ្ឋក្រីក្រនៅព្រះសីហនុ