ភ្នំពេញៈ ប្រសិនជាយើងបានឈានជើងទៅដល់ផ្សារទូលទំពូងនោះ យើងនឹងឃើញទិដ្ឋភាពនៃចង្វាក់ពាណិជ្ជកម្មផ្សេងៗគ្នានៅក្នុងផ្សារ នោះ ដោយមានកន្លែងលក់សាច់ និងបន្លែបង្ការគ្រប់ប្រភេទ។ដោយមានសំឡេងមនុស្សអ៊ូអរអឺងកងនោះ គេឃើញលោក ដុស វិចិត្រ ដែលជាជាងទងគ្រឿងអលង្ការធ្វើពីមាសកំពុងតែផ្ចិតផ្ចង់នូវសកម្មភាពឆ្លាក់មាសនៅលើតុរបស់លោកដោយក្តីអំណត់បំផុត។

លោក ដុស វិចិត្រ អង្គុយនៅក្នុងរោងជាងទងដ៏តូចចង្អៀតរបស់លោកពេលសម្ភាសន៍។ រូបថត Alexander Crook
Friday, 31 August 2012
វ៉ាន់ ចាន់វត្តី
ភ្នំពេញ ប៉ុស្តិ៍
លោកមានរបរជា ជាងទងនេះអស់រយៈពេលមួយទសវត្សរ៍ហើយ។ លោកនិយាយថា៖ «ខ្ញុំមិនដែលស្តាយក្រោយឡើយថា ខ្លួនឯងមិនបានបន្តការសិក្សា ហើយមកចាប់អាជីពជាជាងទងនេះទេ»។
វិចិត្រ ត្រូវបងថ្លៃប្រុសខ្លួនឲ្យមកជួយមើលហាងលក់គ្រឿងអលង្ការនៅផ្សារ ទូលទំពូង ហើយខណៈពេលនោះគេក៏ទទួលនូវអារម្មណ៍ថាចង់បានមុខរបរបន្ថែមមួយ ដែរ។ វិចិត្រមិនដែលឲ្យភ្នែកខ្លួនរំលងផុតពីការតាមដាននូវរបៀបឆ្លាក់ ក្បាច់ក្បូរលើជំនាញជាងទងជាមួយបងថ្លៃខ្លួនឡើយគឺគេបានសង្កេត តាមដាន និងសាកសួររហូតដល់ខ្លួនចេះ។
វិចិត្រនិយាយថា៖«វាជារឿង ភ្ញាក់ផ្អើលសម្រាប់ខ្ញុំដែលរៀននូវជំនាញលើកដំបូងសោះ តែឆាប់ចេះ និងបានយល់ពីរបៀបវាទៀត។ តែលុះបន្ទាប់មកទើបខ្ញុំមានជំនឿថា ស្រឡាញ់លើអាជីពនេះ»។
ដោយ មើលពីសក្កានុពលវិស័យពាណិជ្ជកម្មនិងមានជំនឿលើខ្លួនឯងនោះទើប ជំរុញឲ្យវិចិត្ររឹតតែស្រឡាញ់លើអាជីពនេះឡើងរហូតដល់បានសម្រេច ចិត្តឈប់រៀននិងបន្តរបររកស៊ីជាមួយបងថ្លៃខ្លួន។
វិចិត្រ និយាយពីស្ថានភាពដែលខ្លួនត្រូវអង្គុយរង់ចាំការកុម្ម៉ង់រាល់ ព្រឹកថា៖«ត្រូវចំណាយពេលពីរថ្ងៃភាគច្រើនទើបអាចធ្វើក្រវិលមួយគូ បាន។ អតិថិជនខ្ញុំបានប្រាប់ខ្ញុំថា ម៉ូដ ឬ ស្ទីលនៃក្បាច់ឆ្លាក់មាសឬ គ្រឿងអលង្ការខ្ញុំតាមសៀវភៅកាតាឡុកដែលមានស្រាប់។ តែបើមានអ្នកចង់បានម៉ូដផ្សេងពួកគេអាចប្រាប់ខ្ញុំឲ្យធ្វើ សម្រាប់គេក៏បានដែរ»។
ក្រៅពីនេះ វិចិត្រក៏អាចផ្តល់ប្រឹក្សាពីព័ត៌មាននៃក្បាច់ឆ្លាក់ ឬ ម៉ូដម៉ាកលើអលង្ការនោះបានដែរ ប្រសិនបើមានភ្ញៀវដែលពុំសូវបានយល់ដឹងពីវា។ ចំណែកជំនាញដ៏ពិសេសរបស់វិចិត្រនោះគឺខាងដាំពេជ្រ ឬ ត្បូងលើគ្រឿងអលង្ការ។ វិចិត្របន្តថា៖«ប្រសិនបើវាមានពន្លឺមិនសូវចាំង ឬស្រអាប់នោះមានន័យថា វាជាផលិតផលត្បូងក្លែងក្លាយហើយ»។
តាម ជំនឿខ្មែរលើការប្រើប្រាស់គ្រឿងអលង្ការនេះមានតៗរៀងមក។ ដោយប្រជាជនខ្មែរជឿថា ការពាក់ចិញ្ចៀនគ្រឿងពេជ្រធ្វើឲ្យពួកគេមានអំណាច និងអាចចៀសផុតពីអំពើអាក្រក់ឬ បណ្តាសានានាបាន បើពេជ្រកាន់តែធំម្ចាស់ដែលពាក់នោះកាន់តែមានសុវត្ថិភាពពីអំពើ ទាំងឡាយ។
វិចិត្របន្ថែម៖«ទំនោរបែបនេះហើយបានជាមានអតិថិជនរបស់ ខ្ញុំមិនមកកុម្ម៉ង់តែគ្រឿងអលង្ការមួយមុខឡើយគឺពួកគាត់ភាគច្រើន កុម្ម៉ង់ច្រើនមុខដូចជាចិញ្ចៀន ខ្សែដៃ ខ្សែ-ក និងក្រវិលជាដើម។ តម្លៃវិញក៏មានកម្រិតទៅតាមនោះដែរ»។
ទោះបីរបរនេះវាអាចសន្សំ បានប្រាក់ចំណូលគួរចាប់អារម្មណ៍ក្តីតែវាក៏បានបង្កភាពស្មុគ្រ ស្មាញជាមួយការលក់ដូរខ្លះៗដែរ។ វិចិត្រថា៖ «របរនេះអាចមានការតប់ប្រមល់ដែរ។ ជួនកាលអ្នកត្រូវតែអង្គុយរាប់ម៉ោងក្នុងការច្នៃឬ ដាំត្បូង ឬពេជ្រដែលភ្ញៀវបានកុម្ម៉ង់។ ប្រសិនអ្នកមិនប្រយ័ត្នប្រយែង គ្រឿងត្បូង ឬ ពេជ្រនោះទេវានឹងមានការបែកបាក់ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះខ្លួនផងដែរ»។
ចំណុចដែលបង្កភាពលំបាកសម្រាប់ វិចិត្រមួយទៀតនោះ គឺទីតាំងឬ កន្លែងច្នៃត្បូង ឬ ពេជ្ររបស់គេមានបរិយាកាសមិនសូវល្អដោយសារទីតូចនិងដំបូងប្រក់ ស័ង្កសីដែលមានកម្តៅក្តៅខ្លាំងពេលត្រូវពន្លឺព្រះអាទិត្យ។
វិចិត្រ បន្ថែមទៀតថា៖«ហាងខ្ញុំមិនដូចជាហាងដទៃទេដោយគេមានផ្ទះផ្ទាល់ ខ្លួនហើយមានម៉ាស៊ីនត្រជាក់ទៀតផង។ ពួកគេអាចមានលទ្ធភាពលក់គ្រឿងអលង្ការទាំងនោះរាប់ពាន់ដុល្លារ។ និយាយឲ្យចំទៅជីវិតជាងទងវាតែអ៊ីចឹងហើយ»។
ទោះជាយ៉ាងនេះក្តី វិចិត្រក៏មានមោទនភាពចំពោះរបររកស៊ីនាពេលបច្ចុប្បន្ននេះដែរ ហើយសម្រាប់របរថ្ងៃអនាគតត្រូវគិតយ៉ាងណានោះ វិចិត្រឆ្លើយថា៖«មហិច្ឆតាគឺស្ថិតនៅលើជំនាញខ្លួន»៕ PR
វាសនាមនុស្សធំធេងល្វឹងល្វើយណាស់ហ៍្ន………………………………….