ឆ្លើយតបទៅនឹងក្តីកង្វល់របស់កញ្ញា ថន សុភី អ្នកលក់ពងមាន់អាំង ដែលបានជួបនឹងបញ្ហាការប្រកបអាជីវកម្មតាមគ្នានោះ នៅសប្តាហ៍នេះ លោក ចាង ប៊ុនលាង អ្នកគ្រប់គ្រងហាងកាហេ្វ ប្រោន ដែលជាហាងកាហ្វេមួយទទួលបានជោគជ័យបានមើលឃើញថា ការរកស៊ីតាមគ្នាមិនមែនកើតមានឡើងតែក្នុងប្រទេសកម្ពុជានោះទេតែវាក៏កើតឡើងនៅប្រទេសដទៃផងដែរ។
Wednesday, 15 May 2013
សាន សែល
ភ្នំពេញ ប៉ុស្តិ៍
នៅក្នុងពេលវេលាមួយដែលសេដ្ឋកិច្ចកំពុងរីកចម្រើននិងតម្រូវការកើនឡើងធ្វើឲ្យអ្នកដែលមានទុនវិនិយោគគ្រប់គ្រាន់ចាប់អារម្មណ៍ទៅលើវិស័យដែលទទួលបានការពេញនិយម ជាពិសេសផ្នែកចំណីអាហារ និងភោជនីយដ្ឋាន។
លោក បានឲ្យដឹងថា៖ «នៅក្នុងទីផ្សារសេរី យើងមិនអាចបិទសិទ្ធិដល់អ្នកជំនួញដែលមានទុន ចាប់អារម្មណ៍លើផ្នែកណាមួយបានឡើយ»។
ដើម្បីដោះស្រាយបញ្ហាប្រឈមការប្រកួតប្រជែងនេះលោកផ្តល់យោបល់ថាសហគ្រិនត្រូវសិក្សាពីអ្វីជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន។ ត្រូវសិក្សាពីចំណុចប្រកួតប្រជែងដែលប្រឈមថាយើងមានអ្វីខ្លះក្នុងដៃហើយត្រូវខិតខំពង្រឹងនិងបំពេញចំណុចដែលខ្វះខាតនេះ។
គន្លឹះសំខាន់មួយទៀត អាជីវករត្រូវមើលពីតម្រូវការរបស់អតិថិជនថាតើពួកគាត់ចង់បានអ្វីខ្លះ និងមានទំនោរចិត្ដអ្វីខ្លះ។ ប្រសិនបើយើងអាចបំពេញនូវតម្រូវការរបស់គាត់បាន យើងមិនបាច់ព្រួយបារម្ភពីការប្រកួតប្រជែងនោះទេ។
ជាចុងក្រោយលោក ចាង ប៊ុនលាង បានផ្ដល់យោបល់ថា ម្ចាស់អាជីវកម្មត្រូវពង្រឹងផលិតផលរបស់ខ្លួនក្នុងការរក្សានូវគុណភាពអាហារសេវាកម្មត្រូវរក្សាឲ្យល្អ។ អាហារត្រូវប្រាកដថាមានអនាម័យនិងរក្សានូវរសជាតិដើម មិនមែនលក់កាន់តែដាច់គុណភាពកាន់តែអន់នោះទេ។ ការរចនាហាង ត្រូវបង្កើតជាបរិយាកាសមួយឲ្យប្លែក ចាប់អារម្មណ៍ហើយរកភាពច្នៃប្រឌិតថ្មីៗ ដើម្បីទាក់ទាញអតិថិជនមកម្តងហើយចង់មកម្តងទៀត៕