​អាដហុក​ច្រាន​ចោល​សម្តី​លោក ស៊ុយ សែម ថា​សមាគម​នេះ​នៅ​ពីក្រោយ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី14 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលថ្ងៃ​ទី​១២ ខែ​ឧសភា (រូបថត៖ ទេព សូនី​)

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ច្រាន​ចោល​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ដែល​ថា​មន្ត្រី​សមាគម​នេះ​នៅ​ពីក្រោយ​ករណី​ទំនាស់​ដីធ្លី​ភូមិ​ឡ​ពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង ខណៈ​អ្នកភូមិ​ទាំងនោះ​នៅតែ​តវ៉ា​មិន​ព្រម​ទទួលយក​សំណង ។​

​ការច្រានចោល​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ស៊ុយ សែម ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​VOD បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​១២ ខែ​ឧសភា ឆ្នាំ​២០១៥ ។ លោក ស៊ុយ សែម ថ្លែងថា ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាមួយ​ក្រុមហ៊ុន​របស់​ភរិយា​លោក​នោះ ដោយសារ​មាន​សមាគម​អាដហុក និង​អ្នកនយោបាយ​នៅ​ពីក្រោយ​ប្រជាពលរដ្ឋ​ទាំងនោះ ។

លោក​បញ្ជាក់ថា «​គឺ​ប្រាកដ​ណាស់ មាន​អ្នក​នៅ​ពីក្រោយ​ខ្នង មាន​អង្គការ​អាដហុក មាន​អ្នកនយោបាយ​នៅ​ពីក្រោយ បើ​សិន​តែ​ជា​ប្រជាពលរដ្ឋ ដោះ​ចប់​បាត់​ហើយ គឺ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ចាំ​ញុះញង់ ណែនាំ បញ្ឆេះ​បញ្ហា​ជានិច្ច ហ្នឹងហើយ​ជា​បញ្ហា​ដែល​យើង​ពិបាក​» ។​

​សេចក្តីថ្លែងការណ៍​របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ឧសភា​នេះ​មាន​ខ្លឹមសារ​ថា ការចោទប្រកាន់​របស់​លោក ស៊ុយ សែម មកលើ​សមាគម​អាដហុក ថា​នៅ​ពីក្រោយ អ្នក​មាន​ជម្លោះ​ដីធ្លី​ឡ​ពាង​នោះ គឺជា​ការ​បិទបាំង​នូវ​ការប្រើ​អំណាច​រដ្ឋ​របស់​លោក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ធ្វើ​យ៉ាងណាឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ដកខ្លួន​ចេញពី​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​លោក ស៊ុយ សែម អាច​ប្រើប្រាស់​តុលាការ និង​អាជ្ញាធរ​ក្រោម​អំណាច​របស់​លោក​គាបសង្កត់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ។​

​ទោះជា​យ៉ាងណា លោក ស៊ុយ សែម បាន​អះអាង​ក្នុង​សន្និសីទកាសែត នា​ថ្ងៃ​១២ ឧសភា​ថា ករណី​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​នោះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សិក្សា​សំណុំរឿង​នោះ​ហើយ ។ លោក​ថា ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង បាន​ប្រាប់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី ឲ្យ​បន្ត​ធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​មាន​ជម្លោះ​នោះ​ដដែល តែ​ក្រុមហ៊ុន​ត្រូវ​រក​វិធី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ក្រោយ ។ 

លោក ស៊ុយ សែម បាន​ថ្លែងថា «​គណៈកម្មការ​សភា​ក៏​បាន​ប្រាប់​ដែរ​ថា ក្រុមហ៊ុន​ចង់​ដំណើរការ​អី​ក៏​ដំណើរការ​ទៅក្នុង​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​…​ចេះ​ចែ​បន្ត​ដោះស្រាយ​ទៅ មិនមែន​មានន័យថា​យើង​ឈប់​ដោះស្រាយ​ទេ​» ។​

​យ៉ាងណាក៏ដោយ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បដិសេធ​នឹង​ការលើកឡើង​របស់​លោក ស៊ុយ សែម ដោយ​លោក​អះអាងថា គណៈកម្មការ​មួយ​នេះ​មិន​មាន​សិទ្ធិ​អំណាច​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​អភិវឌ្ឍន៍​លើ​ដី​មាន​ជម្លោះ​ទេ ។ ​លោក​ថា «​ខ្ញុំ​វា​មិន​ជឿ​ថា គាត់​ធ្វើ​ដល់​ទៅ​រដ្ឋមន្ត្រី​គាត់​ទៅ​និយាយ​អញ្ចឹងទេ ព្រោះ​គណៈកម្មការ​ទី​១​មាន​សិទ្ធិ​ឯណា​ទៅ​វិនិច្ឆ័យ​ចង្អុល​ដើម្បី​ថា​អ្នក​នេះ​ត្រូវ​ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចុះ​ឯណា​? អត់​ទេ អាហ្នឹង​និយាយ​ឲ្យ​ច្បាស់​អញ្ចឹង ខ្ញុំ​មិន​បាច់​និយាយ​ដល់​គណៈកម្មការ​ទី​១​ទេ គឺមាន​តែ​ស្ថាប័ន​នីតិប្រតិបត្តិ​ទេ ជា​អ្នក​ដើម្បី​ធ្វើ​សេចក្ដីសម្រេច ក្នុងការ​ធ្វើ​កិច្ចការ​អី​ប្រតិបត្តិ​ការងារ​ហ្នឹង ខាង​នីតិបញ្ញត្តិ​គ្រាន់តែ​ជា​អ្នក​ដើម្បី​ធ្វើ​ច្បាប់ អនុម័ត​ច្បាប់ និង​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង​ទេ» ។​

​សេចក្តីថ្លែងការណ៍​ដដែល​ឲ្យដឹង​ទៀតថា លោក ស៊ុយ សែម ដែល​ជា​មន្ត្រី​សាធារណៈ​របស់​រដ្ឋ កំពុង​ប្រើប្រាស់​តួនាទី និង​មុខងារ​របស់​ខ្លួន​ការពារ​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន ខេ​ឌី​ស៊ី ដែល​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ។ សមាគម​នេះ ក៏​អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ករណី​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ថា​បាន​យក​តួនាទី និង​អំណាច​របស់​រដ្ឋ មក​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​បំពាន​ច្បាប់ និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់ ។​

​ទោះជា​យ៉ាងណា ក្នុង​សន្និសីទកាសែត នា​ថ្ងៃ​១២ ឧសភា លោក ស៊ុយ សែម បាន​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​នៅ​ភូមិ​ឡ​ពាង​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ដី​ត្រឹមត្រូវ​នោះទេ ហើយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី បាន​ទិញ​ដី​ពី​ម្ចាស់​ដើម ដែល​មាន​ប័ណ្ណ​រឹង​ត្រឹមត្រូវ និង​ទទួលស្គាល់​ពី​សុរិយោដី​ស្រុក និង​ខេត្ត ។ ទោះជា​យ៉ាងនេះ​ក្តី​លោក​ថា ក្រុមហ៊ុន​ខេ​ឌី​ស៊ី​នៅតែ​ដោះស្រាយ​ករណី​ជម្លោះ​នោះ​ជូន​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​១៦​គ្រួសារ​ទៀត ឲ្យ​សំណង​ជា​ប្រាក់ ឬ​ដី​ដែល​នៅ​ក្បែរ​ដី​មាន​ជម្លោះ​នោះ ។​

​សូម​រំឭកថា ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កើតឡើង​រយៈពេល​៩​ឆ្នាំ​មកហើយ ។ កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​បង្កើត គណៈកម្មាធិការ​ចម្រុះ រួម​មាន​តំណាង​ក្រុមហ៊ុន តំណាង​ពលរដ្ឋ និង​អាជ្ញាធរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ តែ​នៅ​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ ៕

សូម​សរសេរ​មក​លោគ ណាត សុភាព​ តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "​អាដហុក​ច្រាន​ចោល​សម្តី​លោក ស៊ុយ សែម ថា​សមាគម​នេះ​នៅ​ពីក្រោយ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​​"

  1. Anonymous says:

    សេចក្តី លោភលន់ នឹង ត្រូវវិនាស ដល់ពេលស្លាប់ ទៅ គ្មានសល់ អ្វី សល់ តែ ឈ្មោះ អាសោចន៍ ត្រូវ

    គេជុះ អាចមន៍ ជុះនោម ដាក់ !

  2. Anonymous says:

    តា ប៉ិះ ស៊ុយ សែម ដើរ និយាយ តាពាស គ្មានការ ពិត !

    ធ្វើ រដ្ឋមន្ត្រី ផង រកស៊ីក្រៅ ផង តើ គួរទុក អោយនៅ ទៀត ទេ , ដេញគាត់អោយទៅនៅ

    ជាមួយប្រពន្ធគាត់ វិញ ទៅ កុំអោយ បែកគ្នា !

    (( ខ្វះណាស់ កូនខ្មែរ អ្នក ចេះដឹង ជំនាន់ ក្រោយ ម៉ា សន្ធឹក​ ? ))

  3. Anonymous says:

    អ្នកដែលប្លន់ដីរាស្ដ្រ គឺសុទ្ធតែជាមុខពួកមន្ដ្រីធំៗ ក្នុងជួរ រដ្ឋាភិបាល
    ម្នាក់ៗ យកទួនាទីអំណាចបុណ្យសក្ដ័ខ្លួនជាមន្ដ្រីមកគាបសង្កត់រិបអូសយកដីប្រជាពលរដ្ឋ
    បង្កើតភាពស្មុកស្មាញវេទនានឹងអយុត្តិធម៍ដល់ពួកគេ ហើយចោទទំលាក់កំហុសទំាងប៉ុន្មាន
    ទៅលើរពួកគេទៀត ឯខ្លួនអែងជាមន្ដ្រីគឺត្រូវរហូត ដូចយ៉ាងស៊ុយ សែមនេះជាដើម

  4. Judge says:

    លោក ស៊ុយ សែម ជារដ្ឋមន្ត្រីធ្វេីការបំរេីប្រពន្ធ ឬ បំរេី រដ្ឋនិងរាស្ត្រ ——–?????????។
    ឬមួយជាការឃុបឃិត យកផ្លាករដ្ឋមន្ត្រី ទៅធ្វេីជំនួញ ដោយដាក់ឈ្មោះប្រពន្ធគាត់ទៅវិញ —–?????។
    បង្ហាញអោយឃេីញយ៉ាងច្បាស់ថា អំពេីពុករលួយ ចាប់ផ្តេីមតាំងពីមន្ត្រីជាន់ខ្ពស់ៗក្នុងរដ្ឋាភិបាល។
    ហេតុនេះហេីយ ទេីបសម្តេច ហ៊ុន សែន មិនអាចបំបាត់អំពេីពុករលួយបាន ៗតែត្រឹម ព្រមាន។
    កន្លងមក រដ្ឋាភិបាលបាន លេីកពីការអះអាង ក្នុងការអនុវត្តិច្បាប់ តែហាក់បីដូចជាច្បាប់ មិនបាននៅក្នុងរដ្ឋាភិបាលទេ បែរជាមន្ត្រី និងមហាមន្ត្រីយក ច្បាប់ទៅទុកឯផ្ទះអស់ទៅវិញ ——???????។
    បេីបក្សប្រជាជនបំពេញនូវឆន្ទៈ នយោបាយ ដោយបំបាត់អំពេីពុករលួយ នោះ បក្សនេះនឹងឈ្នះក្នុងអណត្តិក្រោយទៀត។
    សំនៀង