ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃពុធ ទី18 វិច្ឆិកា 2015, 08:49 AM
http://vodhotnews.com
មកទល់ពេលនេះ កីឡាករប្រដាល់ដែលមានឈ្មោះល្បី ហ៊ុន ឈុនហេង នៅមិនទាន់ទទួលបានសំណងជំងឺចិត្តនៅឡើយទេ បើទោះជាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកើតឡើងតាំងពីថ្ងៃអាទិត្យទី១៥ វិច្ឆិកា។ ក្រុមគ្រួសាររបស់កីឡាកររងគ្រោះបានប្រកាសទារសំណងយ៉ាងហោច២៥០០ដុល្លារនិងបដិសេធមិនទទួលយកការសម្របសម្រួលពីសំណាក់អ្នកបង្កហេតុដែលសុំបង់៦០ម៉ឺនរៀលនោះទេ។
អ្នកស្រី សាន សាវៀង វ័យ៥៣ឆ្នាំ ជាម្ដាយក្មេករបស់ហ៊ុន ឈុនហេង បានថ្លែងប្រាប់ថាក្រោយត្រូវរថយន្តបុកណ្ដាលឲ្យកូនប្រុសរបស់ខ្លួនបាក់ជើង ម្ចាស់រថយន្តសុំផ្ដល់សំណងត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះទើបអ្នកស្រីនិងក្រុមគ្រួសារមិនអាចទទួលយកបាន។ អ្នកស្រីថាបញ្ជាក់ថាកីឡាករហ៊ុន ឈុនហេង បានបាក់ឆ្អឹងស្មងជើងខាងស្ដាំដោយទើបតែបានវះកាត់ដាក់ដែកកាលពីថ្ងៃល្ងាចថ្ងៃអាទិត្យប៉ុណ្ណោះ។ បន្ថែមពីនោះជនរងគ្រោះក៏មានសភាពហើមមុខនិងប៉ះទង្គិចផ្នែកក្បាលផងដែរ ប៉ុន្តែមិនទាន់បានស្កេនដើម្បីឲ្យបានច្បាស់ថាតើមានបញ្ហាកន្លែងក្បាលឬក៏អត់នោះទេ ដោយសារតែខ្វះខាតថ្លៃព្យាបាល។ អ្នកស្រីបញ្ជាក់ក្នុងពេលអ្នកយកព័ត៌មានVOD ចុះទៅសម្ភាសន៍ដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យថា៖ “ឥឡូវហ្នឹងជើងកូនខ្ញុំពេទ្យគាត់វះដាក់ដែកឲ្យហើយ ប៉ុន្តែខ្ញុំអត់ដឹងថាវាយ៉ាងម៉េចទៀត ព្រោះក្បាលក៏បែកដេរជិត១០ថ្នេរ ហើយមុខក៏ហើមពរទៀត ប៉ុន្តែផ្ទុយពីសភាពបែបហ្នឹងខាងឡាន(អ្នកជិះបុក) និយាយថាគេនឹងតែ៦០ម៉ឺនរៀលប៉ុណ្ណោះ ដោយថាបើមិនយកគឺគេឲ្យខ្ញុំប្ដឹង!”។
អ្នកស្រីបញ្ជាក់ថាកូនប្រសាររបស់ខ្លួននឹងរងភាពពិការមិនអាចបន្តការប្រដាល់បានយ៉ាងហោចពី៦ខែទៅ១ឆ្នាំ ដោយមិនដឹងថានៅក្នុងរយៈពេលនោះ តើនឹងធ្វើឲ្យជីវភាពរបស់គេប្រឈមនឹងបញ្ហាអ្វីខ្លះនោះឡើយ។ អ្នកស្រីនិយាយថា៖ “ខ្ញុំទទួលយកអត់បានទេ នៅពេលខាងម្ចាស់ឡានព្រមានថាបើខ្ញុំមិនយក៦០ម៉ឺន(រៀល) គឺគេអត់សង ដោយគេថាកូនខ្ញុំជិះខុស ហើយឡានគេក៏ខូចខាតដែរអីណា!”។ អ្នកស្រីនិងក្រុមគ្រួសារប្រកាសទារសំណងចំនួន២៥០០ដុល្លារនិងសុំថ្លៃជួលជុលម៉ូតូដែលរងការខូចខាតបន្ថែមទៀត ដោយសារតែម៉ូតូដែលខ្ទេចក្នុងហេតុការណ៍ប៉ះទង្គិចនោះ គឺជាម៉ូតូដែលហ៊ុន ឈុនហេង បានខ្ចីពីអ្នករាប់អាន។ អ្នកស្រីនិយាយថា៖ “មកទល់ថ្ងៃនេះ ខ្ញុំមើលឈុនហេងអស់លុយច្រើនណាស់ អញ្ចឹងហើយទើបខ្ញុំចង់ឲ្យម្ចាស់ឡានបង់២៥០០(ដុល្លារ) និងជួយជួសជុលម៉ូតូតិចមក បើមិនអញ្ចឹងលុយហ្នឹងក៏អត់បានមើលខ្លួនដែរ ព្រោះត្រូវសងថ្លៃម៉ូតូគេទៀត!”។
ឆ្លើយតបនឹងការទាមទារនេះ ម្ចាស់រថយន្តដែលជាអ្នកបង្កហេតុបានប្រាប់ភ្នាក់ងារVOD តាមទូរស័ព្ទថាលោកមិនមានលទ្ធភាពបង់ថ្លៃរាប់ពាន់ដុល្លារទៅឲ្យកីឡាករហ៊ុន ឈុនហេងនោះទេ ដោយលោកថា ហ៊ុន ឈុនហេង គឺជាអ្នកជិះខុស ហើយអត់បើកភ្លើងក្នុងពេលមេឃមិនទាន់ភ្លឺច្បាស់និងអត់ពាក់ពាក់មួកសុវត្ថិភាពដែលធ្វើឲ្យលោកវ៉ាក់អើចាប់ហ្វ្រាំងមិនទាន់។ លោកនិយាយថា៖ “បើគាត់ទារដល់រាប់ពាន់ដុល្លារខ្ញុំទៅអត់រួចទេ ខ្ញុំចង់សម្រួលជាមួយគាត់(គ្រួសារជនរងគ្រោះ) ប៉ុន្តែបើល្មមៗខ្ញុំបង់ឲ្យបាន បើលើសហ្នឹងមានតែតាមដំណើរទៅ ព្រោះខាងប៉ូលិសបានគូសគំនួសហើយថាឡានខ្ញុំបើកអត់ខុស គឺគាត់មកវ៉ាក់អើជាមួយខ្ញុំទេ!”។ យ៉ាងណាក៏ដោយ លោកថានឹងធ្វើការពិចារណារឿងដំឡើងថ្លៃសំណងលើសពី៦០ម៉ឺនរៀល ដោយសារតែរថយន្តរបស់ខ្លួនក៏ត្រូវអូសចូលខណ្ឌចំការម៉ន ដែលធ្វើឲ្យលោកក៏ចង់បញ្ចប់ក្ដីឲ្យបានឆាប់ដែរ។
ចំពោះករណីនេះ VODមិនទាន់សុំការបំភ្លឺពីមន្ត្រីប៉ូលិសនៅសាលាខណ្ឌចំការមននៅឡើយ។
គួរបញ្ជាក់ថាហ៊ុន ឈុនហេង ជាកីឡាករជើងខ្លាំង និងល្បីឈ្មោះក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ លោកមានកេរ្តិ៍ឈ្មោះបន្ទាប់ពីបានក្លាយជាម្ចាស់ខ្សែក្រវាត់របស់ក្រុមហ៊ុនខារ៉ាបាវនិងបានឡើងប្រកួតនៅលើសង្វៀនប្រដាល់អន្តរជាតិហើយឈ្នះកីឡាករថៃស្ទើរគ្រប់លើក។ ជាក់ស្ដែងនៅថ្ងៃសៅរ៍មុនកើតហេតុមួយថ្ងៃលោកទើបតែបានផ្ដួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី៣ នៅលើសង្វៀនរបស់ទូរទស្សន៍PNN ប៉ុណ្ណោះ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតាទេ ដែលគេអាចរកឃើញថា កើតពីភាគីណាមួយជាពុំខាន។
តែទោះក្នុងករណីបែបណាក៏ដោយ អ្នកប្រើរថយន្ត ក៏តែគួរតែគិតថា បើអ្នកជិះម៉ូតូ កង់ ឬថ្មើរជិង គ្នាប៉ះពាល់ដល់ជីវិត ឬក៏មានរបួសធ្ងន់ធ្ងរ ក៏យើងមិនគួរសុំតែរួចខ្លួន ថាខ្លួននេះត្រូវនោះទេ។ ចាំបាច់យើងត្រូវតែចូលរួមចំណែកបំពេញការព្យាបាល ការប៉ះប៉ូវទម្ងន់ជីវភាពគ្រួសារ ដែលគ្នាត្រូវរងបន្ទុកដែរ។
៦០០០០០រៀល តើឲ្យគ្នាធ្វើអ្វីបាន? សូម្បីតែឆ្លុះ X-Ray ក៏មិនគ្រាន់ផង។
សូមសមត្ថកិច្ច ជួយពិនិត្យដោះស្រាយបញ្ហានេះផង។
បើអ្នករត់តាក់ស៊ី គឺយើងមិនថាទេ ព្រោះគ្នាក្រមែន។ តែបើមានឡាន ៤៧០ ជិះ សុំកុំនិយាយថា ឥតលុយ។ យើងក៏មិនជម្រឹតទេ។ តែសុំអាណិតគ្នាអ្នរបួសផង គ្នាក្រណាស់។