
លោក កែវ រ៉េមី ត្រូវបានតែងតាំងជាប្រធានសហព័ន្ឌកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីថ្ងៃសៅរ៍។ ស្រេង ម៉េងស្រ៊ុន
Mon, 1 May 2017
យឺន ពន្លក
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: សហព័ន្ធកីឡាតេក្វាន់ដូស្ទីល ITF (International Taekwondo Federation) បានធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសតាំងលោកកែវ រ៉េមី ដែលពីមុនត្រូវបានគេស្គាល់ថា ជាប្រធានកិត្តិយស ធ្វើជាប្រធានថ្មី ក្រោយពីលោកអ៊ុក រី ប្រធានសហព័ន្ធចាស់អស់រយៈពេល ១៥ ឆ្នាំ បានប្រកាសសុំលាឈប់ដោយមិនបានបញ្ជាក់ពីមូលហេតុ។
សន្និបាតនេះត្រូវបានធ្វើឡើងកាលបីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបពិសេស មន្ត្រីពាក់ព័ន្ធក្នុងកីឡា។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកសាន គឹមស៊ាន តំណាងល្បុក្កតោ លោកហែម សំណាង តំណាងតេក្វាន់ដូ WTF លោកហ៊ុន សាមុត តំណាងអគ្គនាយកកីឡា លោកព្រំ ប៊ុណ្ណយី ទីប្រឹក្សាតំណាង ក្រសួងអប់រំ យុវជន និងលោកណាំង រ៉ាវុធតំណាងកីឡាអៃគីដូ ព្រមទាំងមន្ត្រីកីឡាជាច្រើនទៀត បានអញ្ជើញធ្វើជាសាក្សីនៅក្នុងមហាសន្និបាតវិសាមញ្ញនេះ។
លោកវ៉ាត់ ចំរើន បានសាទរចំពោះការកែទម្រង់ការគ្រប់គ្រង និងដឹកនាំក្នុងសហព័ន្ធកីឡាជាតិ ហើយវត្តមានរបស់លោកកែវ រ៉េមី ដែលជាប់ជាប្រធានសហព័ន្ធនោះ វាស្របទៅនឹងតួនាទីរបស់លោកជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ស្រាប់ ហើយលោកក៏ជាអ្នកហាត់វិជ្ជាគុនមួយរូបតាំងពីកុមារភាព ផងដែរ។
ទោះបីជាការជ្រើសរើសតាមរយៈលើកដៃ ឬសម្តែងមតិពីសមាជិកប្រតិបត្តិជាលក្ខណៈជ្រើសតាំងក៏ដោយ ប៉ុន្តែ ការជ្រើសតាំងបែបនេះមិនខុសបែបបទច្បាប់ឡើយ ពីព្រោះមហាសន្និបាតវិសាមញ្ញនីមួយៗ មុននឹងប្រកាសចេញ គេមានការព្រាងទុក ឬការសម្របសម្រួលមតិគ្នាផ្ទៃក្នុងជាឯកច្ឆន្ទជាមុនរួចទៅហើយ។
គួរបញ្ជាក់ថា កីឡាតេក្វាន់ដូ ITF ជាតេក្វាន់ដូរបស់ប្រទេសកូរ៉េខាងជើង ដែលប្រើដៃច្រើន និងជាក្បាច់គុនប្រយុទ្ធខ្លាំង។ ចំណែកតេក្វាន់ដូ WTF នៅប្រទេសកូរ៉េខាងត្បូង ជាកីឡាក្នុងអូឡាំពិកអន្តរជាតិ។ នេះជាមហាសន្និបាតមួយដែលមានការរុះរើក្បាលម៉ាស៊ីនដឹកនាំដ៏ធំតែម្ដង។
លោក កែវ រ៉េមី ត្រូវបានគេស្គាល់ថា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល ព្រមទាំងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃគណៈរដ្ឋមន្ត្រីផងដែរ។ មុនលោកជាប់ជាប្រធាន លោកក៏ជាប្រធានកិត្តិយសរបស់សហព័ន្ធ ផងដែរ ប៉ុន្តែបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍កាលពីប៉ុន្មានខែមុននោះ លោកក៏បានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជាជំនួសលោកអ៊ុក រី ដែលបានប្រកាសលាលែងពីប្រធានសហព័ន្ធ ដោយសារតែលោកមានភារកិច្ចច្រើន។
លោកអ៊ុក រី ដែលជាប្រធានសហព័ន្ធចាស់ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការច្បាប់ ខណៈដែលលោកបួន លឹមហេង ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស។ ជាមួយគ្នានេះ អង្គមហាសន្និបាតវិសាមញ្ញជ្រើសបានអនុប្រធានសហព័ន្ធចំនួន ៦ រូបគឺមានលោកអៀង អូននី លោកជេត ជាលី លោកលឹម រតនៈ លោកឈួន ចាន់ថន លោកផាន់ វណ្ណារ័ត្ន និងលោកវេជ្ជបណ្ឌិតសុខ ប៊ុនថា។
ប៉ុន្តែ លោកប៊ួនហ៊ីង សុធីយ៉ា បន្តរក្សាតំណែងជាអគ្គលេខាធិការសហព័ន្ធដដែល។ អគ្គលេខាធិការរងដែលមានចំនួន ៤ រូបនោះមានលោកវេជ្ជបណ្ឌិតហ៊ឹម រីដា លោកអ៊ូ រតនា លោកសឹម សានត្រាន និងលោកកៅ មករា ដែលជាមន្ត្រីកីឡាសកម្ម ជំនាញ និងមានបទពិសោធ។
លោក ប៉ាល់ ជីវ័ន្ត នៅរក្សា តំណែងជាអគ្គហេរញ្ញិកដដែល ហើយអង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងប្រកាសសមាសភាពសមាជិកប្រតិបត្តិថ្មីដែលមានចំនួន ១៧ រូប ដែលសុទ្ធតែជាធនធានមនុស្សមានជំនាញផ្នែកកីឡាតែម្តង៕